rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ចិន អាំងទែរប៉ូល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កាសែត​ហុងកុង៖ អាជ្ញាធរ​ចិន​បាន​ចាប់ក្រៀក​ប្រធាន​ប៉ូលិស​អាំងទែរប៉ូលតាំង​ពី​ចុះ​ពីលើ​យន្តហោះ​

media
លោក ម៉េង ហុងវៃ (Meng Hongwei) ប្រធាន​អាំងទែរប៉ូល REUTERS/Stringer

អាជ្ញាធរ​បារាំង បាន​បើក​ការស៊ើបអង្កេត​លើ​ការបាត់ខ្លួន​របស់​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល ជនជាតិ​ចិន លោក ម៉េង ហុងវៃ។ ប៉ូលិស​បារាំង​បើក​ការស៊ើប​អង្កេត នៅក្រោយ​ការជូនដំណឹង​ពី​ភរិយា​របស់​លោក ម៉េង ហុងវៃ ដែល​បាន​អះអាង​ថា លោក ម៉េង ហុងវៃ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន បាន​បាត់ខ្លួន គ្មាន​ផ្តល់​ដំណឹង​អ្វី តាំង​ពី​ចុង​ខែ​កញ្ញា (ថ្ងៃទី ២៩​កញ្ញា) កន្លងទៅ។ នៅ​ថ្ងៃសុក្រ ម្សិលមិញ កាសែត​ហុងកុង South China Morning Post បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញឈ្មោះ​មួយ​ដែល​ថា លោក ម៉េង ហុងវៃ​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ឃាត់​នាំខ្លួនដើម្បី​ស៊ើបអង្កេត​កាលពី​សប្តាហ៍មុន។

 


ដកស្រង់​ប្រភព​មិន​បញ្ចេញឈ្មោះ កាសែត​ហុងកុង ឈ្មោះ South China Morning Post បាន​សរសេរ​ថា លោក​ម៉េង ហុងវៃ ប្រធាន​ប៉ូលិស​អាំងទែរប៉ូល ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​លីយ៉ុង​ប្រទេស​បារាំង ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ឃាត់​ខ្លួន តាំង​ពីពេលលោក​ចុះ​ពី​លើ​យន្តហោះ​ម្ល៉េះ។ តាម​កាសែត​ហុងកុង​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស អាជ្ញាធរ​ចិន​ត្រូវការ​សាកសួរ​លោក ម៉េង ហុងវៃ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស៊ើបអង្កេត​មួយ នៅ​ប្រទេស​ចិន។ កាសែត​ហុងកុង មិន​បាន​លម្អិតទេ​ថា តើ​អាជ្ញាធរ​ចិន ចង់​សួរចម្លើយ​លោក​ម៉េង ពីរឿងអ្វី ហើយ​នៅ​កន្លែង​ណា​នោះទេ។

កាសែត​ហុងកុង ចេញផ្សាយ​ពី​ករណី​របស់​លោក​ម៉េង ហុងវៃ ប្រធាន​ប៉ូលិស​អាំងទែរប៉ូល នៅ​ចំ​ថ្ងៃ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​ចុះផ្សាយថា អាយ្យការ​បារាំង​បាន​បើក​ការស៊ើបអង្កេត លើ​ករណី​បាត់ខ្លួន​របស់​លោក ម៉េង ហុងវៃ នៅក្រោយ​ការជូនដំណឹង​ពី​ភរិយា​របស់​លោក​ម៉េង ដែល​កំពុង រស់នៅ​ជាមួយ​កូនៗ ក្នុង​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន នៅថ្ងៃ​ម្សិលមិញ អង្គការ​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅកាត់​ថា អាំងទែរប៉ូល​មិន​បាន​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ គ្រាន់​តែ​បញ្ជាក់ថា សំណុំរឿង​បាត់ខ្លួន លោក​ម៉េង ហុងវៃ ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​បារាំង និង​អាជ្ញាធរ​ចិន។ ស្ថាប័ន​អាំងទែរប៉ូល​នៅ​បាន​បន្ថែម​ថា គឺ​អគ្គលេខាធិការ​របស់​អាំងទែរប៉ូល ជាតិ​អាល្លឺម៉ង់​ដែល​ទទួល​បន្ទុក​សម្រេច​លើ​ដំណើរ​ការងារ​ប្រចាំថ្ងៃ ​របស់​អាំងទែរប៉ូល ចំណែក លោក​ម៉េង ហុងវៃ ក្នុងនាម​ជា​ប្រធាន មាន​នាទី​ជា​អ្នកដឹកនាំ មើល​ការខុសត្រូវ ជាទូទៅ​របស់​ស្ថាប័ន​អាំងទែរប៉ូល។ រ

គួរបញ្ជាក់​ថា នៅ​មុន​ជ្រើសតាំង ជា​ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅកាត់​ថា អាំងទែរប៉ូល ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​លីយ៉ុង លោក​ ម៉េង ហុងវៃ ធ្លាប់​ជា​អតីត​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ​ចិន ដែល​មាន​បទពិសោធន៍ ខាង​ប៉ូលិស​យុត្តិធម៌ ៤០​ឆ្នាំ ជាពិសេស ខាង​ផ្នែក ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស ហើយ​និង​ត្រួតពិនិត្យ​ព្រំដែន។ នេះ​បើតាម​ជីវប្រវត្តិ​របស់លោក​ម៉េង នៅ​លើ​វិបសៃតិ៍​របស់​អាំងទែរប៉ូល។

តែងតាំង​ឲ្យ​ចូល​កាន់តំណែង​ជា​ប្រធាន អាំងទែរប៉ូល កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៦ លោក​ម៉េង ហុងវៃ ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២០។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន បាន​បរិហារ​រិះគន់ ការសម្រេចចិត្ត​របស់​អង្គការ​អាំងទែរប៉ូល ព្រោះ​ថា លោក​ម៉េង ហុងវៃជា​មន្រ្តី​ជាន់ខ្ពស់ និង​មានតួនាទី​សំខាន់​ក្នុង​បក្ស​កុម្មុយនិស្តចិន។ អង្គការ​ការពារ​សិទ្ធិមនុស្ស ​Amnesty International ​សំដែង​ក្តីបារម្ភថា ដោយ​មាន​មន្រ្តីរបស់ខ្លួន​ដឹកនាំ​ក្បាលម៉ាស៊ីន​ប៉ូលិស​អន្តរជាតិ ដូចជា​អាំងទែរប៉ូល ទីក្រុង​ប៉េកាំង​រឹត​តែ​មានអំណាច តាមចាប់ ក្រុម​អ្នកប្រឆាំង រិះគន់​នៅ​បរទេស។ អង្គការ​អាំងទែរប៉ូល​វិញ ធ្លាប់​បាន​អះអាង​ហើយថា ទោះបានធ្វើ​ជាប្រធាន​ប៉ូលិស​អាំងទែរប៉ូល​មែន ប៉ុន្តែ ទៅ​តាម​មាត្រា​ទី ៣​នៃ​លក្ខន្តិកៈ​របស់​អង្គការ ដែល​មាន​សមាជិក​១៩៥​ប្រទេស លោក​ម៉េង ហុងវៃ មិនអាច​យក​ហេតុផល​នយោបាយ​ជាតិ មក​លូក​លាយឡំ​ចូល​ក្នុង​កិច្ចការ​របស់​ស្ថាប័ន ប៉ូលិស​អន្តរជាតិ​នោះ​ទេ៕