អានតួអត្ថបទ

មនុស្ស​ ១០នាក់​ស្លាប់​ ៣៣នាក់​រងរបួស​ដោយសារ​គ្រោះអគ្គីភ័យ​មួយ​ក្នុង​ក្រុងប៉ារីស

មានមនុស្ស​ ១០នាក់​ស្លាប់​ និង​ ៣៣​នាក់​ផ្សេងទៀត​រងរបួស​ នៅក្នុង​គ្រោះអគ្គីភ័យមួយ​ ដែលបានកើតឡើង​ ក្នុងអាគារ​មួយកន្លែង​ ក្នុងទីក្រុងប៉ារីស​។ គ្រោះអគ្គីភ័យនេះ​ បានចាប់​កើតឡើង​កាលពី​យប់រំលងអាធ្រាត​ថ្ងៃចន្ទ​ ឈានចូល​ព្រឹកថ្ងៃអង្គារ​ ទី៥ ​កុម្ភៈ ឆ្នាំ២០១៩​។ រហូតមកដល់ពេលនេះ​ គេនៅមិនទាន់ដឹងអំពី​ មូលហេតុពិតប្រាកដ​ដែល​បណ្តាលឲ្យមាន​ភ្លើងឆេះ​នៅឡើយទេ​។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ទីក្រុងប៉ារីស​សង្ស័យថាមានអ្នកលួចដុត ​ និងកំពុង​តាមដាន​ស៊ើបអង្កេត​ករណីនេះយ៉ាង​សកម្ម​។

ភ្លើងកំពុងឆាបឆេះអាគារមួយកន្លែង ក្នុងសង្កាត់ទី ១៦ នៃទីក្រុងប៉ារីស នាវេលាម៉ោង ១ ព្រឹក ថ្ងៃអង្គារ ទី៥ ឆ្នាំ២០១៩។
ភ្លើងកំពុងឆាបឆេះអាគារមួយកន្លែង ក្នុងសង្កាត់ទី ១៦ នៃទីក្រុងប៉ារីស នាវេលាម៉ោង ១ ព្រឹក ថ្ងៃអង្គារ ទី៥ ឆ្នាំ២០១៩។ REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD P
ផ្សាយពាណិជ្ជកម្ម

គេ​ឃើញ​ផ្សែង​និងអណ្តាតភ្លើង​ ចាប់ផ្តើមឆេះ​នៅក្នុងអាគារមួយ​ ក្នុងសង្កាត់ទី ១៦​ នៃទីក្រុងប៉ារីស​ នៅវេលាម៉ោង ១ ព្រឹក ថ្ងៃអង្គារនេះ។ ភ្លើងចាប់ផ្តើមឆេះ​ ចេញពី​ជាន់លើគេ​នៃអគារ​។

បើតាមសាក្សី​ ដែល​ជា​អ្នក​រស់នៅ​កន្លែងហេតុ បានឲ្យដឹងថា​ មុនពេលភ្លើងឆេះ​ គេបានឮស្ត្រីម្នាក់ ស្រែកយ៉ាងខ្លាំង។ ពួកគេគិតថា​ ប្រហែលជា​អ្នកជិតខាង​ឈ្លោះប្រកែកគ្នា​។ តែដោយក្រោយមក​ សំឡងស្រែក ក៏ចេះតែ​លាន់ឮ​កាន់តែខ្លាំងឡើងៗ​ គេ​ក៏នាំគ្នារត់ចេញក្រៅ​ដើម្បីមើល​ ក៏ស្រាប់តែឃើញផ្សែង​ និង​អណ្តាតភ្លើងខ្មួលខ្មាញ់​ ឆាបឆេះ​ចេញពី​អាគារ​ជាន់លើ​បាត់ទៅហើយ​។

គួរជម្រាបជូនថា​ ទំហំភ្លើងឆេះឆួលខ្លាំងណាស់​ ហើយពិបាកពន្លត់ ដោយសារតែ​អគារដែលឆេះនោះ​ មិននៅជាប់នឹងផ្លូវ​ ដែលអាចឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​បើកចូលបាន​។ តែទោះជាយ៉ាងណាក្តី​ ក្រុមពន្លត់អ្នកអគ្គីភ័យ​ទីក្រុងប៉ារីស​ចំនួន២០០ នាក់​ អាចគ្រប់គ្រង​ស្ថានការណ៍​ និងពន្លត់ភ្លើងបាន​ទាំងស្រុងនៅ​ រយៈពេល​ ៥ ម៉ោង​ ក្រោយមក​។

គួរជ្រាបទៀតថា​ បន្ទាប់ពី​កើតមានហេតុការណ៍​នេះភ្លាម​ ប៉ូលីស​បានចាប់ឃាត់ខ្លួន​ស្ត្រីសង្ស័យម្នាក់​ និង​បើកការស៊ើបអង្កេត​គ្រោះភ្លើងឆេះនេះ​ ដោយចោទប្រកាន់ពី​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​បង្កឲ្យ​មានមនុស្សស្លាប់​។

ជុំវិញបញ្ហានេះដែរ​ អ្នក​រស់នៅក្នុង​កន្លែងកើតហេតុ​ នាំគ្នា​និយាយតៗគ្នាថា​ មូលហេតុ​ដែលនាំឲ្យ​ភ្លើងឆេះ​ គឺមកពី​មានមនុស្សដុត​ ។ ពួកគេថា​ ប្រហែលជា​មាននរណា​ម្នាក់​លួច​ដុតភ្លើង​ ដោយសារតែ​មានជម្លោះ​ជាមួយ​អ្នកជិតខាងគ្នា​។

តែទោះជា​មានការលើកឡើង​បែបនេះក្តី​ ក៏រហូតមកទល់ពេលនេះ​ ប៉ូលិស​ទីក្រុងប៉ារីស​ មិនទាន់​បញ្ជាក់ច្បាស់នៅឡើយ​ អំពីមូលហេតុ​ពិតប្រាកដ​ដែលនៅពីក្រោយ​គ្រោះភ្លើងឆេះនេះ​។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ពិតជា​សង្ស័យមែន​ថា​ គ្រោះអគ្គីភ័យនេះ​កើតឡើង​ដោយសារ​មានអ្នកលួចដុត​។

ទាក់ទងរឿងនេះដែរ​ អភិបាលរង​ទីក្រុងប៉ារីស​ បានលើកឡើងថា​ លោក​នៅមិនទាន់ហ៊ានបកស្រាយអ្វី​ ជុំវិញ​ហេតុការណ៍នេះឡើយ​។ លោកបន្តថា​ សាលាក្រុង​ទុកតួនាទីនេះ​ ឲ្យសមត្ថកិច្ចជំនាញ​ ជាអ្នកផ្តល់ព័ត៌មានលម្អិត​ និងច្បាស់ការណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ