rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អូស្រ្តាលី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​អូស្រ្តាលី

media
លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង (ស្តាំ) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី នៅស៊ីដនី ថ្ងៃអង្គារ ទី១ ខែឧសភា ២០១៨ Reuters

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក នៅថ្ងៃ​អង្គារ ដោយ​ចាប់ផ្តើម​ដំបូង​ពី​ប្រទេស​អូស្រ្តាលី។ ដំណើរទស្សនកិច្ចរបស់​លោក​ម៉ាក្រុង​នៅ​ពេលនេះ ធ្វើឡើង នៅ​ក្នុង​ពេល​ដែល ​បារាំង និង​អូស្រ្តាលី កំពុង​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា ទាំង​ខាងផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច។


ជាការពិតណាស់​ថា ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង ទៅកាន់​ប្រទេស​អូស្រ្តាលី មិន​សូវ​ជា​កើតមាន​ញឹកញាប់​ប៉ុន្មាន​នោះទេ។ ដំណើរទស្សនកិច្ច​លើក​ចុងក្រោយ​របស់​ប្រធានាធិបតី​បារាំង​នៅ​អូស្រ្តាលី គឺ​កើតឡើង តាំង​ពី​ ៤ឆ្នាំមុន គឺ​ដំណើរទស្សនកិច្ច​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ដើម្បី​ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុម​ប្រទេស G20។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ តាមការ​សង្កេតជា​រួម នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​ រវាង​បារាំង និង​អូស្រ្តាលី​ បាន​ស្គាល់​នូវ​ភាព​ល្អូកល្អឺន​នឹងគ្នា​ខ្លាំង ហើយ​ប្រមុខដឹកនាំ​ប្រទេស​ទាំងពីរ​​សុទ្ធតែ​បង្ហាញ​ពី​ឆន្ទៈ​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​នឹងគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាងនេះ​ទៅទៀត។

ថ្លែង​នៅ​ចំពោះ​មុខ​​​អ្នក​សារព័ត៌មាន​ នៅថ្ងៃ​អង្គារ លោក​អេម៉ានុយអែល ម៉ាក្រុង​ បាន​អះអាង​ថា លោក​មាន​បំណង​ចង់​បង្កើន​​ទំនាក់ទំនង​​ទ្វេភាគី បារាំង-អូស្រ្តាលី ទាំង​ខាង​ផ្នែក​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច ក៏ដូចជា ខាង​ផ្នែក​វិទ្យាសាស្រ្ត វប្បធម៌ និង​ភាសា ដោយ​លោក​បាន​រំឭក​ផងដែរ ពី​ចំណង​ទាក់ទង​ជា​ប្រវត្តិសាស្រ្ត​ រវាង​ប្រទេស​ទាំងពីរ ដែល​មាន​តាំង​ពី​សម័យសង្រ្គាម​លោកលើកទី២ ដែល​អូស្រ្តាលី​បាន​បញ្ជូន​ទាហាន​ឲ្យ​ទៅ​ជួយ​រំដោះ​ប្រទេស​បារាំង ពីកណ្តាប់ដៃ​របស់​អាល្លឺម៉ង់​ហ៊ីត្លែរ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​កត្តា​ដ៏​សំខាន់​ពីរ​ទៀត ដែល​កំពុង​ជា​កម្លាំង​ចលករ​ដ៏សំខាន់ ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​បារាំង និង​អូស្រ្តាលី គឺ​ទីមួយ ​ភាព​តានតឹង​ខាង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​លោក​ដូណាល់ត្រាំ និង​ទីពីរ ភាព​តានតឹង​ជាមួយ​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

គេ​នៅ​ចាំបាន​ថា កាល​ពី​ឆ្នាំ​២០១៦​កន្លងទៅ អូស្រ្តាលី​បាន​ចុះ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​ទំនើបៗ​ជាច្រើន​គ្រឿង​ពី​បារាំង នៅ​ក្នុង​ទំហំ​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជិត ៤០ពាន់លាន​ដុល្លារ​អាមេរិក។ នៅថ្ងៃ​ពុធ​នេះ លោក​អេម៉ានុយអែល ម៉ាក្រុង គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អូស្រ្តាលី នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា ក៏ដូចជា​​វិស័យ​មួយ​ចំនួន​ទៀត រួមមាន​ វិស័យ​សុខាភិបាល អប់រំ​និង​ស្រាវជ្រាវ អវកាស និង​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម។

លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ឲ្យដឹង​ថា លោក​មាន​ចក្ខុវិស័យ​ចង់​ឲ្យ​​មាន​​ការ​ពង្រឹង​ទំនាក់ទំនង​ជា​ដៃ​គូយុទ្ធសាស្រ្ត​ រវាងបារាំង និង​ប្រទេស​សំខាន់​ចំនួន​ពីរ នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក គឺ​អូស្រ្តាលី និង​ឥណ្ឌា។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​អូស្រ្តាលី​ក៏​បាន​ធ្វើការ​ពន្យល់​ផងដែរ​ថា ការ​បង្កើន​វត្តមាន​របស់​បារាំង នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ គឺ​មិនមាន​គោលដៅ​មក​​ប្រកួតប្រជែង​ជាមួយ​នឹង​ចិន​នោះទេ តែ​ជា​ការ​បង្រ្គប់គ្នា​ទៅវិញ​ទៅមក និង​ដើម្បី​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​​អាច​មាន​ជម្រើសច្រើន​ងាយស្រួល​ក្នុងការ​ជ្រើសរើស៕