អានតួអត្ថបទ

អ្នកទោស​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់​វាយ​ប្រហារ​ដោយកាំបិត​លើ​ឆ្មាំគុក​ពីរនាក់​នៅ​បារាំង​

អ្នកទោស​ម្នាក់​នៅក្នុង​ពន្ធនាគារ​មួយនៅ​ភាគពាយ័ព្យ​ប្រទេសបារាំង​ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​រងរបួស​ បន្ទាប់ពី​អ្នកទោស​រូបនេះ​វាយប្រហារ​ដោយកាំបិត​ ទៅលើ​ឆ្មាំគុកពីរ​នាក់​ឲ្យ​រងរបួសធ្ងន់​កាលពីថ្ងៃ​អង្គារ​ ទី៥ មីនា ម្សិលមិញ​នេះ​។ អ្នកទោស​ខាងលើ​ ជា​ជន​អ៊ីស្លាម​ជ្រុលនិយម​ហើយ​អាជ្ញាធរ​បារាំង​បានចាត់ទុក​ការវាយប្រហារ​របស់គេ​ថា​ជា​អំពើភេរវកម្ម​។

អ្នកសារព័ត៌មាន និងប៉ូលិសកំពុងឈរនៅជិតពន្ធនាគារដែលអ្នកទោសអ៊ីស្លាមជ្រុលនិយមម្នាក់វាយប្រហារដោយកាំបិតលើឆ្មាំគុកពីរនាក់ក្នុងប្រទេសបារាំងកាលពីថ្ងៃទី៥ មីនាឆ្នាំ ២០១៩។
អ្នកសារព័ត៌មាន និងប៉ូលិសកំពុងឈរនៅជិតពន្ធនាគារដែលអ្នកទោសអ៊ីស្លាមជ្រុលនិយមម្នាក់វាយប្រហារដោយកាំបិតលើឆ្មាំគុកពីរនាក់ក្នុងប្រទេសបារាំងកាលពីថ្ងៃទី៥ មីនាឆ្នាំ ២០១៩។ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប៉ូលិស​ពិសេស​របស់​បារាំង​បាន​បើក​ការវាយឆ្មក់​រយៈពេល​ ១០ ម៉ោង​ បន្ទាប់ពី​អ្នកទោស​ជាជន​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់​ឈ្មោះ​មីកាអែល​ គីយ៉ូឡូ​ (Michael Chiolo) បាន​ធ្វើឱ្យ​ឆ្មាំ​គុកពីរ​នាក់​រងរបួសធ្ងន់​ដោយសារ​ការវាយប្រហារ​ដោយប្រើ​កាំបិត​។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បារាំង​អ្នកស្រី​នីកូល​ បេលូបេ​(Nicole Belloubet) បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌ថា​វា​ច្បាស់ណាស់​ ដែល​ថា​ការវាយប្រហារ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ គឺជា​ការវាយប្រហារ​ភេរវកម្ម​ ពីព្រោះថា​អ្នកទោស​ឈ្មោះគីយ៉ូឡូ គឺជា​ជន​ដែល​មាន​ជំនឿ​លើ​គំនិត​អ៊ីស្លាមជ្រុលនិយម​។

ទាក់ទងរឿងនេះដែរ​ តំណាង​ភ្នាក់ងារ​ពន្ធនាគារ​បានប្រាប់​សារព័ត៌មាន​បារាំង​ AFP ថា​ គីយ៉ូឡូបាន​ស្រែកឡើងថា​ "Allahu Akhbar" មាន​ន័យ​ជាភាសាខ្មែរ​ថា​ “ព្រះអាឡា​ជាម្ចាស់​ ដ៏ឧត្តុង្គ​ឧត្តម​បំផុត​” ក្នុង​អំឡុង​ពេល​ដែល​គេ​វាយ​ប្រហារ​លើ​ឆ្មាំគុក​ ខណៈពេល​ដែល​ជួបនិយាយ​ជាមួយ​មិត្តស្រី​ ដែល​ទៅសួរសុខទុក្ខ​រូបគេ​នៅក្នុង​ពន្ធនាគា​រ។

បន្ទាប់ពី​សកម្មភាព​បង្ក្រាប​បានបិទបញ្ចប់​ទៅ បុគ្គល​គីយ៉ូឡូ​ និង​មិត្តស្រី​ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​កន្លែងមួយ​ ដែល​មាន​ការយាមកាម​សន្តិសុខ​ខ្ពស់​នៅ​ក្នុង​តំបន់​ Normandy។ នេះ​បើតាម​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបារាំង​ សរសេរ​នៅលើ​បណ្តាញ​សង្គម​ Twitter​។ ជាមួយគ្នានេះដែរ​ បើតាម​សារព័ត៌មាន​ AFP​ អ្នកទោស​បារាំង​ខាងលើ​ កំពុងតែ​រងរបួស​ធ្ងន់ធ្ងរ​ត្រង់ថ្ពាល់​ រីឯ​មិត្តស្រី​របស់​គេវិញ​ បាន​ស្លាប់​បាត់បង់ជីវិត​ហើយ​ ដោយសារតែ​រង​របួស​ធ្ងន់ធ្ងរ​ពេក​។

គួរជម្រាបជូនថា​ អំពើ​ហិង្សា​នា​ថ្ងៃ​អង្គារ​ម្សិលមិញនេះ បាន​ធ្វើឲ្យ​បុគ្គលិក​ពន្ធនាគារ​ចំនួន​ ១៨​ កន្លែង​នៅ​ទូទាំងប្រទេសបារាំង​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ពី​សំណាក់​រដ្ឋាភិបាលនៅ​ថ្ងៃពុធ​ ទី៦​ មីនា​នេះ​​។

ទាក់ទងរឿងនេះដែរ​ ក្រុមអ្នកជំនាញ​ និង​ខាង​សហជីព​ បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​អំពី​ការរីករាលដាល​ នៃ​អំពើហិង្សា​នៅក្នុង​ពន្ធនាគារ​បារាំង​ និងថា​រដ្ឋាភិបាល​គួរ​សាងសង់​មន្ទីរ​ឃុំឃាំង​ដាច់​ដោយឡែកមួយ​ ប្រកប​ដោយ​ការរឹត​បន្តឹងសន្តិសុខ​ សម្រាប់​ដាក់​ជនដែល​មាន​គ្រោះថ្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ