rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើបារាំង​ពិត​ជា​អាច​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន នៅ​អាហ្វ្រិក​ដូចការចង់​បាន​ដែរ​ឬទេ?

ដោយ អ៊ុង គឹមអ៊ាន់

ចាប់តាំងពី​ចលនា​អាវកាក់​លឿង​ បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​បារាំង​នា​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ មក​ ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នុយ​អែល​ ម៉ា​ក្រុង​ បាន​កាត់បន្ថយ​ការ​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​របស់​លោក​គួរ​ឱ្យ​កត់សម្គាល់​។ តែ​ទោះជាយ៉ាងណា​ក្តី​ លោក​មិនដែល​ចង់​លុបចោល​ការ​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អាហ្វ្រិក​ឡើយ​។ ជាក់ស្តែង​លោក​ម៉ា​ក្រុង​បាន​ធ្វើទស្សនកិច្ច​រយៈពេល​ ៤ ថ្ងៃ​ ទៅកាន់​ប្រទេស​អាហ្វ្រិក​ចំនួន​បី​ដែល​រួមមាន​ប្រទេស​ជី​ប៊ូ​ទី​ អេត្យូពី​ និង​កេនយ៉ា​ កាលពី​សប្តាហ៍​មុន​ដោយ​ផ្តើម​ពី​ថ្ងៃ​ចន្ទ​ ទី១១​ មីនា​ និង​បាន​នាំ​យក​ទៅជាមួយ​ផង​ដែរ​នូវ​តំណាង​ក្រុមហ៊ុន​គ្រា​ក់ៗ​បារាំង​ចំនួន៨​ នាក់​។

គេ​មើលឃើញ​ថា​ គោលបំណង​សំខាន់​បំផុត​ នៅ​ពីក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ា​ក្រុង​ទៅកាន់​ទ្វីប​អា​ហ្វិ្រក​ដែល​ជា​អតីត​ដែនដី​អាណានិគម​របស់​បារាំង​ គឺ​ដើម្បី​រាំង​ខ្ទប់​ទៅ​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុងតែ​កើនឡើង​ខ្លាំង​និង​ចាក់ឫស​យ៉ាង​មាំ​នៅ​ទីនោះ​។

ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​នា​ខែឧសភា​ឆ្នាំ​ ២០១៧​ មក​ លោក​ម៉ា​ក្រុង​ បានសម្រេច​ដាក់​ទ្វីប​អាហ្វ្រិក​ជាគោល​ដៅ​អាទិ​ភាព​មួយ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។ មិន​តែប៉ុណ្ណោះ​ លោក​ធ្លាប់​ទាំង​បាន​និយាយ​ដោយ​ឥត​លាក់លៀម​ទៀត​ថា​ នា​ពេល​អនាគត​ខាងមុខនេះ​ អាហ្វ្រិក​នឹង​ក្លាយជា​តំបន់​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ពិភពលោក​។

ក្រៅតែ​ពី​ចង់​ពង្រីក​ការ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​គេ​ក៏បាន​មើលឃើញ​យ៉ាង​ច្បាស់​ផង​ដែរ​ អំពី​គោលបំណង​យ៉ាង​មុតមាំ​មួយទៀត​របស់​លោក​ម៉ា​ក្រុង​ក្នុង​ការកាត់បន្ថយ​ឥទ្ធិពល​របស់​ចិន​ ដោយ​ជំនួស​មកវិញ​នូវ​ការ​បង្កើន​វត្តមាន​ ព្រមទាំង​ដែន​អំណាច​របស់​បារាំង​នៅក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ធ្លាប់​ជា​ដែនដី​អាណានិគម​របស់​ខ្លួន​។

ក៏ប៉ុន្តែ​ តើ​បារាំង​របស់​លោក​ម៉ា​ក្រុង​អាច​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន​ដែល​បាន​ចាក់​ស្រែះយ៉ាង​ជ្រៅ​ និង​មាំទាំ​ទៅ​ហើយ​ក្នុង​ទ្វីប​អា​ហ្វិ្រកបាន​ដែរ​ឬទេ​?

តាមពិត​ទៅ​ ពីមុន​មក​ទីក្រុង​ប៉េកាំង​មាន​ទំនាក់ទំនង​តិច​ខ្លាំង​ណាស់​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ បើ​ប្រៀបធៀប​ជាមួយនឹង​ទីក្រុង​ប៉ារីស​។ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​ចិន​បាន​ងាក​មក​ចាប់អារម្មណ៍​និង​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​អាហ្វ្រិក​ នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ២ ០០០ហើយ​បច្ចុប្បន្ន​នេះ​ ប្រទេស​ចិន​ បាន​ក្លាយទៅជា​ដៃគូ​សេដ្ឋកិច្ច​ និង​ក៏​ជា​ម្ចាស់បំណុល​ធំជាង​គេ​បំផុត​នៅក្នុង​តំបន់​នេះ​ដែរ​។

ក្រោម​ហេតុផល​នេះ​ គេ​មើលឃើញ​ថា​បារាំង​ពិបាក​ទប់ទល់​ខ្លាំង​ណាស់​ ជាមួយនឹង​ឥទ្ធិពល​របស់​ចិន​ ដែល​បាន​ចាក់ឫស​យ៉ាង​មាំ​ទៅ​ហើយ​នៅ​អាហ្វ្រិក​។ ក៏ប៉ុន្តែ​ បើ​គេ​គិត​ឲ្យ​ជ្រៅ​ ហើយ​មើលទៅ​ឲ្យ​វែងឆ្ងាយ​ និន្នាការ​នា​ពេល​សព្វថ្ងៃ​នេះ​ អាច​ហុច​ផល​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ម៉ា​ក្រុង​ក្នុង​ការ​ប្រណាំងប្រជែង​ដណ្តើម​យក​ឥទ្ធិពល​ជាមួយ​ចិន​បាន​។

បើ​យោងទៅតាម​សារព័ត៌មាន​របស់​អាមេរិក​ CNBC​ មានក​ត្តា​សំ​ខាន់​ៗចំនួន​ពីរ​ ដែល​ជួយ​ឲ្យ​ទីក្រុង​ប៉ារីស​ ទប់ទល់​ទៅ​នឹង​អានុភាព​របស់​ប៉េកាំង​ហើយ​អាច​បង្កើន​នូវ​វត្តមាន​របស់​ខ្លួន​នៅ​ទ្វីប​អាហ្វ្រិក​ជាង​ពេលឥឡូវនេះ​បាន​។

កត្តា​ទីមួយ​ នោះ​គឺ​ស្ថានភាព​ និង​វេលា​អំណោយផល​ដោយសារតែ​ចិន​មិន​មាន​គម្រោង​បង្កើន​ថវិកា​ក្នុង​ការ​ធ្វើជំនួញ​នៅក្នុង​ទ្វីប​អាហ្វ្រិក​។ ជាក់ស្តែង​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាលពី​ខែសីហា​ ឆ្នាំ​ ២០១៨​ ហើយ​ថា​ ខ្លួន​នឹង​មិន​ចំណាយ​ទុន​បន្ថែម​នៅក្នុង​តំបន់​ទៀត​នោះ​ទេ​។ ទីក្រុង​ប៉េកាំង​ ថា​នឹង​រក្សា​ការ​បោះទុន​ត្រឹម​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជា៦០​ ពាន់​លាន​ដុល្លារ​ដដែល​ ដូច​នៅក្នុង​ឆ្នាំ​ ២០១៥​ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា​សេដ្ឋកិច្ច​របស់​ចិន​អាច​កំពុងតែ​ធ្លាក់ចុះ​។

រី​ឯក​ត្តា​សំខាន់​មួយទៀត​នោះ​គឺ​ និន្នាការ​របស់​ប្រទេស​អាហ្វ្រិក​ខ្លួនឯង​ផ្ទាល់​ដែល​មិន​ចង់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តែ​ជាមួយ​ប្រទេស​ចិន​ផ្តាច់​មុខ​ ហើយ​លោក​ម៉ា​ក្រុង​ហាក់​បានដឹង​អំពី​រឿង​នេះ​ហើយ​កំពុង​ទាញ​យក​អត្ថ​ប្រយោជន៍ឲ្យ​បារាំង​ពី​និន្នាការ​នេះ​។

ជា​ការពិត​ បើ​យោងទៅតាម​លោក​ Jean​-Pierre​ Cabestan​ សាស្រ្តា​ចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ហុងកុង​បា​ទី​ស្ទបា​នប្រាប់​សារព័ត៌មាន CNBC​ ថា​មាន​ប្រទេស​អាហ្វ្រិក​កាន់តែ​ច្រើន​បង្ហាញ​ឆន្ទៈ​ចង់​រកស៊ី​ជាមួយ​ដៃគូ​ចម្រុះ​។

តួយ៉ាងដូចជា​ ប្រទេស​អេត្យូពី​ដែល​កំពុង​ងាក​មកកាន់​លទ្ធិប្រជាធិបតេយ្យ​ និង​កំពុង​ងាក​ចេញពី​ចិន​ ហើយបែរមក​ស្រ​វ៉ា​ឱប​ប្រទេស​បារាំង​វិញ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេស​កេនយ៉ា​ក៏​មានបំណង​ លែង​ចង់​ពឹងផ្អែក​ខ្លាំងពេក​លើ​ចិន​ដូចមុន​ទៀត​ដែរ​។ លោក​ Cabestan​ បាន​លើកឡើង​ថា​ ប្រទេស​កេនយ៉ា​ក៏ដូចជា​ប្រទេស​អាហ្វ្រិក​ជាច្រើន​ផ្សេងទៀត​ដែល​ជំពាក់បំណុល​ចិន​ពិតជា​មាន​ឆន្ទៈ​ចង់​ធ្វើឲ្យ​ទំនាក់ទំនងការ​បរទេស​របស់​ពួកគេ​មាន​តុល្យភាព​ និង​មាន​ជម្រើស​ច្រើនជាង​មុន​។

សរុប​សេចក្តី​មក​ បារាំង​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ចិន​ ដើម្បី​បង្កើន​ឥទ្ធិពល​-មន្ត​ស្នេហ៍​របស់​ខ្លួន​នៅ​អាហ្វ្រិក​បាន​ដោយសារតែ​គោលនយោបាយ​ការបរទេស​ដ៏​មុតមាំ​របស់​លោក​ប្រធានាធិបតី​ម៉ា​ក្រុង​ និង​អំណោយផល​ពី​និន្នាការ​ក្នុង​តំបន់​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ បារាំង​មិន​អាច​ជំនួស​វត្តមាន​របស់​ចិន​ ដែល​បាន​ចាក់ឫស​យ៉ាង​មាំទៅហើយ​នៅក្នុង​ទ្វីប​អាហ្វ្រិក​ឡើយ​៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?