rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

ដោយ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ។

កាល​ពី​ជិត៤ពាន់លាន​ឆ្នាំមុន ប្រភេទបាក់តេរី​កោសិកាទោល​បាន​ចាប់ផ្តើម​មាន​វត្តមាន​នៅ​ពាសពេញ​ក្នុងទឹកសមុទ្រ​នៃ​ភពផែនដី​ ហើយ​បាន​ក្លាយ​ទៅ​ជា​ទីចំណុចចាប់ផ្តើម​ដ៏​សំខាន់ ​នៃ​ជីវិត​ថ្មីមួយ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យានគ្មាន​មនុស្សបើក​ជាច្រើន​របស់​ណាសា​ទៅកាន់​ភពព្រះអង្គារ រួមមាន​ទាំង​យាន​ដែលហោះ​​​ក្នុង​គន្លង​តារាវិថី និង​យាន​ដែល​ចុះចត​លើ​ផ្ទៃដី បានរកឃើញ​ថា ភពព្រះអង្គារ​នេះ​​ ថ្វីដ្បិត​តែ​បច្ចុប្បន្ន​​ជា​ភព​ស្ងួតហួតហែង​ ក៏ប៉ុន្តែ តាមពិត​ទៅ​ក៏​ធ្លាប់​មាន​ទឹក​នៅ​ពាសពេញ​ផ្ទៃដី​របស់​ខ្លួន​ដែរ កាល​ពី​អតីតកាល។

តើ​នៅលើ​ភពព្រះអង្គារ​នេះ ​ជីវិត​ធ្លាប់​រីកលូតលាស់​​កាល​ពី​ពេលមុន តែ​ក្រោយ​មក​ត្រូវ​ស្លាប់​ផុតពូជ​អស់​ទៅវិញ​ឬ​ក៏​យ៉ាងណា? តើ​ភពផែនដី​របស់​យើង​អាច​នឹង​មាន​ជោគវាសនា​ដូចគ្នា​នេះ​ដែរ​ឬទេ?

ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​អស់ទាំងនេះ​បាន ក្រៅពី​ការ​បញ្ជូន​​យាន​គ្មាន​មនុស្ស​បើក​ មនុស្ស​យើង​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ ដើម្បី​សិក្សា​មើល​​ដោ​យខ្លួនឯង​ផ្ទាល់​។ ក៏ប៉ុន្តែ បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពព្រះអង្គារ គឺ​ជា​បេសកកម្ម​មួយ​ដ៏​សែន​ស្មុគស្មាញ ហើយ​មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ទាំង​ខាង​ផ្នែក​បច្ចេកវិទ្យា ទាំង​​ខាង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អវកាសយានិក។

បញ្ហា​ចោទចម្បង​ទីមួយ គឺ​ចម្ងាយផ្លូវ។ ភពផែនដីនិង​ភព​ព្រះអង្គារ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ដោយ​ពេលខ្លះ​ស្ថិត​នៅ​ម្ខាងម្នាក់​នៃ​ព្រះអាទិត្យ ក្នុង​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជា ៤០០លាន​គីឡូម៉ែត្រ​​ពី​គ្នា ហើយ​ទាល់តែ​ប្រហែល​ជា​ ​២ឆ្នាំ​ម្តង ទើប​ភព​ទាំង​ពីរ​នេះ​ធ្វើ​ដំណើរ​មក​​ក្បែរ​គ្នា គឺ​នៅ​​ត្រឹម​ជាង ៥០លាន​គីឡូម៉ែត្រ​ពី​គ្នា។ នេះ​មានន័យ​ថា ឱកាស​ក្នុងការ​បាញ់​បង្ហោះ​យាន​ពី​ភពផែនដី​ទៅ​កាន់​ភព​ព្រះអង្គារ​មាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុងរយៈពេល​រៀងរាល់​​ពីរ​ឆ្នាំម្តង។ ប្រសិនបើ​មាន​បញ្ហា​​ណាមួយ​កើតឡើង ធ្វើ​ឲ្យ​​គេ​ខកខាន​មិន​បាន​បាញ់​បង្ហោះ​យាន​តាម​កាលកំណត់​ទេ​នោះ គេ​នឹង​ត្រូវ​រង់ចាំ​រហូតដល់​​២ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​ភពព្រះអង្គារ​ធ្វើ​ដំណើរ​មក​ជិត​ភពផែនដី​វិញ ទើប​អាច​សាកល្បង​សាជាថ្មី​​ម្តងទៀត​បាន។

លើសពី​នេះ​ទៅទៀត បើ​ទោះបីជា​នៅ​ពេល​ដែល​ភពព្រះអង្គារ​មក​​​នៅ​ក្នុង​រយៈចម្ងាយ​ជិត បំផុត​នឹង​ភពផែនដី​របស់​យើង​​​ក៏ដោយ ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​មនុស្ស​យើង​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេចាំបាច់​​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ៦ខែ ឬ​ក៏​អាច​រហូតដល់​ទៅ ៩ខែ​ឯណោះ ទើប​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ព្រះអង្គារ​បាន... ហើយ​ក្រោយ​ពី​ទៅដល់​ភព​ព្រះអង្គារ​ហើយនោះ អវកាសយានិក​​ក៏​នឹង​​មិន​អាច​វិលត្រឡប់​មក​វិញ​បាន​ភ្លាមៗ​នៅឡើយ​​នោះដែរ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ដែល​ភព​ព្រះអង្គារ​ខិត​មក​ជិត​នឹង​ភពផែនដី​វិញ ទើប​​គេ​អាច​ធ្វើ​ដំណើរ​ចាកចេញ​ពី​ភពព្រះអង្គារ​ត្រឡប់​មក​កាន់​ភពផែនដី​របស់​យើង​វិញ។

គិតជា​សរុប ការធ្វើ​ដំណើរ​ទៅមក ពី​ភពផែនដី ទៅ​ភពព្រះអង្គារ ហើយ​ពី​ភពព្រះអង្គារ​ត្រឡប់​មក​ភពផែនដី​វិញ នឹង​ត្រូវ​ចំណាយ​ពេល​​រហូត​ដល់​ទៅ ២ឆ្នាំកន្លះ។

ការធ្វើ​ដំណើរ​កាត់តាម​ទីអវកាស​ ឆ្ងាយ​ពី​ភពផែនដី​ក្នុងរយៈចម្ងាយ​រហូតដល់​ទៅ​រាប់រយ​លាន​គីឡូម៉ែត្រ និង​ប្រើ​រយៈពេល​រហូតដល់​ទៅ​​​រាប់​ឆ្នាំ​បែបនេះ វា​នឹង​ត្រូវ​ចោទ​ជា​បញ្ហា​ច្រើន​ចំពោះ​សុខភាព​របស់​អវកាសយានិក។

បញ្ហា​ចោទ​ទី១ គឺ​ការ​ប៉ះពាល់​ដោយ​វិទ្យុសកម្ម​នៃ​អវកាស ជាពិសេស គឺ​វិទ្យុសកម្ម​មក​ពី​ព្រះអាទិត្យ។ ការ​ប៉ះពាល់​ដោយ​វិទ្យុសកម្ម​នេះ​អាច​នឹង​កើតមាន​ទាំង​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ផង និង​ទាំង​នៅ​ក្នុង​អំឡុង​ពេល​ស្ថិត​នៅ​លើ​ភពព្រះអង្គារ ដែល​មាន​ស្រទាប់​បរិយាកាស​តិចតួច ហើយ​គ្មាន​​​ដែន​ម៉ាញេទិក​ជា​ខែល​ការពារ​ដូចជា​ភពផែនដី​របស់​យើង។

បញ្ហា​ចោទ​ទី២ គឺផលប៉ះពាល់​បណ្តាល​មក​ពី​ការ​រស់​នៅ​ដោយ​គ្មាន​កម្លាំង​ទំនាញ​ក្នុងរយៈពេល​យូរ។ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​ទីអវកាស អវកាសយានិក​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​កម្លាំង​ទំនាញសោះ ចំណែក​ឯ​នៅលើ​ភពព្រះអង្គារវិញ ថ្វីដ្បិត​តែ​មាន​កម្លាំង​ទំនាញ ក៏ប៉ុន្តែ កម្លាំង​ទំនាញ​នោះ​ក៏​មាន​តិចតួចនោះដែរ ពោលគឺ ត្រឹមតែ​ប្រមាណ​ជា​១ភាគ៣​ប៉ុណ្ណោះ នៃ​កម្លាំង​ទំនាញ​នៅលើ​ភពផែនដី​របស់​យើង។ ការ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្មាន​កម្លាំង​ទំនាញ ឬ​កម្លាំង​ទំនាញ​ខ្សោយ ក្នុងរយៈពេល​យូរ​រាប់​ខែ និង​រហូត​ដល់​ទៅ​រាប់​ឆ្នាំ​បែបនេះ វា​អាច​នឹង​បង្ក​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​​​​ឆ្អឹង និង​សាច់ដុំ​របស់​អវកាសយានិក។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការ​រស់​នៅ​ក្នុង​យាន​អវកាស​ដ៏​តូចចង្អៀត ហោះ​ឆ្លងកាត់​ទីអវកាស​ កណ្តោចកណ្តែងតែឯង ដាច់ឆ្ងាយ​ពី​ក្រុមគ្រួសារ​សាច់ញាតិ ក្នុងរយៈពេល​​រាប់ខែ​បែបនេះ ក៏​អាច​នឹង​ចោទ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ផងដែរ ទៅដល់​សុខភាព​ផ្លូវចិត្តរបស់​អវកាសយានិក។

ក៏ប៉ុន្តែ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន​បែបនេះ​ក៏ដោយ គេ​នៅតែ​មាន​គម្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះអង្គារ​នោះដែរ ដោយ​ក្រុមហ៊ុន SpaceX ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោក Elon Musk គ្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពព្រះអង្គារ​នៅ​ត្រឹម​ឆ្នាំ២០២៤ ចំណែក​ទីភ្នាក់ងារ​ណាសា​វិញ គ្រោង​ធ្វើ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ២០៣០។

ដើម្បី​ត្រៀម​បេសកកម្ម​នេះ ណាសា​បាន​បង្កើន​ការសិក្សា​និង​ស្វែងរក​វិធី​ប្រឈម​នឹង​ផលប៉ះពាល់​ដល់​សុខភាព​អវកាសយានិក​នៅ​ក្នុង​ទីអវកាស តាមរយៈ​ការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​រស់​នៅ​ក្នុងរយៈពេល​វែង រហូតដល់​ទៅ​១ឆ្នាំ​ពេញ នៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​ហោះ​នៅ​ក្នុង​គន្លងតារាវិថី​ជុំវិញ​ភពផែនដី​របស់​យើង។

ក្នុងពេល​ជាមួយគ្នា ​បទពិសោធន៍ និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​គេ​កំពុង​រៀបចំ​ធ្វើ​សម្រាប់​បេសកកម្ម​អារតេមីស​ទៅកាន់​ព្រះចន្ទ​នៅ​ឆ្នាំ២០២៤​ខាងមុខនេះ ក៏​ត្រូវ​បាន​ណាសា​កំណត់​ផងដែរ យក​​ទុក​ជា​គម្រោង ដើម្បី​បន្ត​ប្រើ​​ក្នុង​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពព្រះអង្គារ ជាពិសេស គឺ​រ៉ុកកែត​ SLS និង​យាន​អវកាស​អូរ៉ាយយ៉ុន (Orion) ដែល​សុទ្ធសឹង​ជា​បច្ចេកវិទ្យា​ជឿនលឿន សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ នៅ​ក្នុង​ទីអវកាស។

ក៏ប៉ុន្តែ នៅ​មាន​បញ្ហា​ប្រឈម​ដ៏​ធំមួយ​ទៀត​ដែល​ណាសា​នៅ​មិនទាន់​រក​ដំណោះស្រាយ​បាន​ជាក់លាក់​នៅឡើយថា តើ​គេ​អាច​បញ្ជូន​អវកាសយានិក​​ឲ្យ​ហោះ​ចេញ​ពី​ភពព្រះអង្គារ​ ហើយ​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ភពផែនដី​វិញ​បាន​ដោយ​របៀបណា?

ខុសពី​បេសកកម្ម​អាប៉ូឡូ ភពព្រះអង្គារ​មាន​​កម្លាំង​ទំនាញ​ខ្លាំង​ជាង​ព្រះចន្ទ​រហូតដល់​ទៅ២ដង ហើយ​មាន​ស្រទាប់​បរិយាកាស​ជា​កម្លាំង​កកិត។ ដូច្នេះ ដើម្បី​អាច​ហោះចេញ​ផុត​ពី​កម្លាំង​ទំនាញ​របស់​ភពព្រះអង្គារ​បាន គេ​ចាំបាច់​ត្រូវការ​ប្រើ​យាន​ដែល​មាន​​ម៉ូទ័រ​ខ្លាំង ហើយ​ប្រើ​ឥន្ធនៈច្រើន... និយាយ​ជារួម គឺ​មាន​ទម្ងន់​ធ្ងន់ខ្លាំង ដែល​ចោទជា​បញ្ហា​នៅ​ក្នុង​ការ​បាញ់​បង្ហោះ​ចេញ​ពីភពផែនដី​ទៅផង និង​នៅ​ពេល​ចុះចត​នៅលើ​ដី​ភព​ព្រះអង្គារ​ផង។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មាន​សេណារីយ៉ូមួយ​ដែល​ណាសា​កំពុង​​ពិចារណា និង​សិក្សា​មើល... គឺ​មុនពេល​ចាប់ផ្តើម​បេសកកម្ម​បញ្ជូន​អ​វកាសយានិក ​​គេ​គ្រោង​បញ្ជូន​តែ​តួយាន ដែល​គេ​ហៅ​ថា “Mars Ascent Vehicle” ឬ MAV ឲ្យ​ទៅ​ចុះចតលើ​ដី​ភពព្រះអង្គារ​មុន ដោយ​នៅលើ​យាន​នេះ​ មាន​ឧបករណ៍​ដែល​អាច​ទាញ​យក​ធនធាន​ដ៏​សំខាន់​ពីរ ដែល​មាន​ស្រាប់​នៅលើ​ភពព្រះអង្គារ គឺ​ឧស្ម័នកាបូនិច (CO2) នៅ​ក្នុង​បរិយាកាស និងទឹកកក (H2O) ​នៅ​ក្រោម​ដី ហើយ​បំផ្លែង​ទៅ​ជាអុកស៊ីសែន​សម្រាប់​ទុក​ឲ្យ​អវកាសយានិក​ដក​ដង្ហើម​ផង និង​ជា​អ៊ីដ្រូសែន និងមេតានផង ដើម្បី​ទុក​ធ្វើ​ជា​សារធាតុ​ចំហេះ​ប្រើ​ក្នុង​ម៉ូទ័រ MAV សម្រាប់​ដឹក​អវកាសយានិក​ឲ្យ​ហោះ​ចេញ​ពី​ដី​នៃ​ភព​ព្រះអង្គារ​វិញ។

ក៏ប៉ុន្តែ ទាំងអស់​នេះ​នៅ​ត្រឹមតែ​ជា​ទ្រឹស្តី​តែ​ប៉ុណ្ណោះ ដោយ​គេ​នៅ​មិនទាន់​រចនា ​និង​ផលិត MAV ដើម្បី​ធ្វើការ​សាកល្បង​បាន​នៅឡើយ​នោះទេ ហើយ​គេ​ក៏​នៅមិនទាន់​បាន​សាកល្បង​មើល​ឲ្យបាន​ដឹង​ពិតប្រាកដ​នៅឡើយ​ដែរ អំពី​សមត្ថភាព​ក្នុងការ​ទាញយក និង​បំផ្លែង​ឧស្ម័នកាបូនិច និង​ទឹកកក​នៅលើ​ភពព្រះអង្គារ។ ការសាកល្បង​នេះ​​ត្រូវ​បាន​ទីភ្នាក់ងារ​ណាសា​យក​ធ្វើ​ជា​គោលដៅ​ចម្បងមួយ នៅ​ក្នុង​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្សបើក​ថ្មីមួយទៀត​ទៅ​កាន់​ភពព្រះអង្គារ (Mars2020) ដែល​គេ​គ្រោង​បាញ់​បង្ហោះ នៅខែ​កក្កដា​ឆ្នាំ២០២០​ខាងមុខនេះ៕

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ

ហេតុការណ៍​ដែល​នាំឲ្យ​សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​ពី​ភពផែនដី