នាយក FBI ត្រូវបានទាមទារឲ្យចុះចេញពីតំណែងក្រោយការបាញ់រះនៅសាលារៀននៅ Florida
នាយករបស់អង្គភាពស៊ើបអង្កេតសហព័ន្ធរបស់អាមេរិកដែលត្រូវបានគេហៅកាត់ថា FBI ត្រូវបានគេទាមទារឲ្យមានការទទួលខុសត្រូវនិងលាចេញពីតំណែង ក្រោយពេលដែលលោកបានទទួលស្គាល់ថា FBI ពិតជាបានទទួលសញ្ញាអាសន្នទុកជាមុនអំពីគម្រោងការបាញ់រះនៅសាលារៀននៅ Florida ប៉ុន្តែបរាជ័យក្នុងការតាមដាននិងបង្ការការកើតមានឡើងនូវហេតុការណ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃសុក្រម្សិលមិញ អង្គភាពស៊ើបអង្កេត FBI បានទទូលស្គាល់ពីការធ្វេសប្រហែសរបស់ខ្លួនដោយពុំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ក្រោយពីខ្លួនទទួលបានសញ្ញាអាសន្នទាក់ទឹនទៅនឹងខ្មាន់កាំភ្លើង Nicolas Cruz។ ក៏ប៉ុន្តែអភិបាលរដ្ឋ Florida បានលើកឡើងថា ការទទួលស្គាល់កំហុសនេះ ពុំអាចកាត់បន្ថយនូវចំនួនជនរងគ្រោះទាំង១៧នាក់ដែលបានស្លាប់បាត់បង់ជីវិតរួចទៅហើយនោះទេ ហើយលោកបានធ្វើការទាមទារឲ្យនាយក FBI លាចុះចេញតំណែង ដោយអះអាងថាការធ្វេសប្រហែសក្នុងហេតុការណ៍នេះគឺមិនអាចទទូលយកបាននោះទេ។
គួររំលឹកថា ប៉ូលិសសហព័ន្ធ FBI បានទទួលសញ្ញាអាសន្នម្តងរួចមកហើយកាលពីខែកញ្ញា២០១៧ ហើយគេបានទទួលសញ្ញាអាសន្នម្តងទៀតកាលពីថ្ងៃទី៥ខែមករាដើមឆ្នាំនេះពីមនុស្សដែលអះអាងថាខ្លួនជិតដិតជាមួយខ្មាន់កាំភ្លើង Nicolas Cruz។ យោងតាមសេចក្តីថ្លែងការណ៍របស់ FBI ជនដែលមិនត្រូវបានបញ្ចេញឈ្មោះនេះបានរាយការណ៍និងផ្តល់ព័ត៌មានអំពីការកាន់កាប់កាំភ្លើងរបស់ Cruz អាកប្បកិរិយាមិនប្រក្រតី ការសរសេរនៅលើបណ្ដាញសង្គមដែលមានលក្ខណៈគួរឲ្យសង្ស័យ ព្រមទាំងការនិយាយថាចង់បាញ់រះនៅសាលារៀន។ តែយ៉ាងណាមិញ FBI ពុំបានធ្វើសកម្មភាពអ្វីនោះទេបន្ទាប់ពីទទួលបាននូវសញ្ញាអាសន្នទាំងនេះ។
ចំណែកឯនាយក FBI ខ្លួនឯងផ្ទាល់បានលើកឡើងថា លោកតាំងចិត្តថានឹងស៊ើបរកឫសគល់ដើមហេតុនៃរឿងនេះ។ លោកបានបន្ថែមទៀតថា ក្រុមការងាររបស់លោកបានជួបជជែកជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រប់យ៉ាងដែលត្រូវបានប៉ះពាល់ដោយហេតុការណ៍នេះ។
បណ្ដាជនអាមេរិកមួយចំនួនបាននាំគ្នាបង្ហាញនូវប្រតិកម្មនិងការព្រួយបារម្ភរបស់ខ្លូន ហើយពួកគេផងដែរក៏បានទាមទារឲ្យមានការការពារនិងការគ្រប់គ្រងការប្រើប្រាស់អាវុធរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរជាងមុន។
គេសង្កេតឃើញថា ការបាញ់រះដែលកើតមានឡើងជាច្រើនហូរហែរកន្លែងមក ភាគច្រើនគឺត្រូវបានធ្វើឡើងដោយប្រើប្រាស់ប្រភេទកាំភ្លើងវែង AR-15 ដែលងាយអាចរកទិញបាន ហើយកាំភ្លាំងប្រភេទនេះត្រូវបានជួញដូរក្នុងចំនួនច្រើនលានក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ប្រធានរដ្ឋសភាបានលើកឡើងថា វាមិនមែនជាពេលដែលគួរជជែកតវ៉ាបញ្ហាគ្រប់គ្រងកាំភ្លើងនេះទេ ហើយការបង្កើតច្បាប់ថ្មីស្តីពីការប្រើប្រាស់កាំភ្លើងនឹងមិនអាចបញ្ឈប់ហេតុការណ៍បាញ់កាំភ្លើងរះនេះនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ