អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ត្រាំ​បញ្ជាក់ថា​ប្រមុខ​សេអ៊ីអា​ពិតជា​បានទៅជួប​លោក​គីមជុងអ៊ុន​ដោយ​សម្ងាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ត្រាំទើប​នឹង​បាន​បញ្ជាក់ នៅថ្ងៃ​ពុធ​នេះ​ថា លោក​ម៉ៃក៍ ប៉ុមប៉េអូ នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ពិតជា​បាន​ធ្វើ​ដំណើរ​ដោយសម្ងាត់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាងមែន ដើម្បី​ជួប​ជាមួយ​លោក​គីម ជុងអ៊ុន ជជែក​ពី​ការ​រៀបចំ​ធ្វើ​ជំនួបកំពូល រវាង​លោក​ដូណាល់ត្រាំ និង​លោក​គីម ជុងអ៊ុន។ ការ​បញ្ជាក់នេះ​​ធ្វើឡើង ក្រោយ​ពី​ព័ត៌មាន​ស្តីពី​ដំណើរទស្សនកិច្ច​សម្ងាត់​នេះ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​អាមេរិក កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ។

លោក​ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នាយកទីភ្នាក់ងារ​សេអ៊ីអា
លោក​ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នាយកទីភ្នាក់ងារ​សេអ៊ីអា REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ការផ្សាយ​របស់​កាសែត The Washington Post លោក​ម៉ៃក៍ ប៉ុមប៉េអូ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង កាល​ពីថ្ងៃទី១​មេសា​កន្លងទៅ ហើយ​ទៅ​ក្នុង​នាម​ជា​តំណាង​លោក​ដូណាល់ត្រាំ។

គួរបញ្ជាក់ថា លោក​ម៉ៃក៍ ប៉ុមប៉េអូ បច្ចុប្បន្ន​ជា​នាយកទីភ្នាក់ងារ​សេអ៊ីអា ក៏ប៉ុន្តែ ត្រូវ​បាន​លោក​ដូណាល់ត្រាំ​តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស​ជំនួស​លោក​រ៉ិច ធីល័រសុន។ បច្ចុប្បន្ន​ លោក​ប៉ុមប៉េអូ នៅ​រង់ចាំ​ការ​អនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា​ ទើប​អាច​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​បាន។

កាល​ពី​ដំបូង ទីភ្នាក់ងារ​សេអ៊ីអា ក៏​ដូចជា ក្រសួង​ការបរទេស​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញព័ត៌មាន ស្តីពី​ដំណើរទស្សនកិច្ច​សម្ងាត់​របស់​លោក​ប៉ុមប៉េអូ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើងនេះទេ។ លោក​ដូណាល់ត្រាំ​​វិញ​បាន​ឲ្យដឹងនៅថ្ងៃ​អង្គារ​​ថា មាន​ការ​ជជែកគ្នា​ថ្នាក់​មន្រ្តី​ជាន់ខ្ពស់ រវាង​ អាមេរិក និង​កូរ៉េ​ខាងជើង ដើម្បី​រៀបចំ​ជំនួបកំពូល ក៏ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា តើ​មន្រ្តី​ជាន់ខ្ពស់​នោះជានរណា។

ទើប​នឹង​ថ្ងៃពុធ​នេះ ដែល​លោក​ដូណាល់ត្រាំ​បាន​បញ្ជាក់​យ៉ាងច្បាស់ៗ​ តាមរយៈ​ធ្វីតធ័រ​របស់​លោកថា លោក​ម៉ៃក៍ ប៉ុមប៉េអូ ពិតជា​បាន​ធ្វើដំណើរទៅ​កូរ៉េ​ខាងជើង  ដើម្បី​ជួបជាមួយ​នឹង​លោក​គីម ជុងអ៊ុន​ពិតមែន។

បើ​យោងតាម​ លោក​ដូណាល់ត្រាំ​ ជំនួបកំពូល រវាង​លោក និង​លោក​គីម ជុងអ៊ុន អាច​នឹង​ធ្វើឡើង នៅ​ដើមខែ​មិថុនា ឬ​ក៏​មុននេះ ប្រសិនបើ​អ្វីៗ​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូចការ​គ្រោងទុក ហើយ​ថា បច្ចុប្បន្ន​នេះ មាន​ទីកន្លែង​ចំនួន ៥ ដែល​អាមេរិក និង​កូរ៉េ​ខាងជើង​កំពុងតែ​ជជែក​គ្នា យក​ធ្វើ​ជា​ទីតាំង​នៃ​ជំនួបកំពូល។

លោក​ដូណាល់ត្រាំ​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ពី​ជំហរ​របស់​លោក ដែល​គាំទ្រ​ការ​ចរចា​ពី​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​បិទបញ្ចប់​សង្រ្គាម​កូរ៉េ ដែល​រហូត​មក​ទល់​នឹង​ពេលនេះ មាន​ចុះត្រឹមតែ​យុទ្ធសន្តិភាព ហើយ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ​នៅឡើយ។

គួរបញ្ជាក់ថា កូរ៉េ​ខាង​ត្បូង ដែល​គ្រោង​នឹង​បើក​ធ្វើ​ជំនួបកំពូល​ជាមួយ​កូរ៉េ​ខាងជើង នៅក្នុង​តំបន់​គ្មាន​កងទ័ព នៅ​ថ្ងៃទី២៧​មេសា​ខាងមុខនេះ បាន​លើកឡើង​ពី​ចេតនា​ចង់​ឲ្យ​មាន​ការ​ចរចា រហូត​ដល់​ចេញ​ជា​កិច្ចព្រមព្រៀង​សន្តិភាពនៅ​ឧបទ្វីបកូរ៉េ។ ការចុះ​កិច្ចព្រមព្រៀង​សន្តិភាពនេះ​ក៏​ធ្លាប់​ជា​ការទាមទារ​ដ៏​សំខាន់​មួយ​ដែរ​របស់​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​លើកឡើង​ថា សង្រ្គាម​កូរ៉េ​នេះ​នឹង​មិន​អាច​ដោះស្រាយ​ចប់សព្វគ្រប់​តាមរយៈកិច្ចព្រមព្រៀង​តែ​រវាង​កូរ៉េ​ទាំងពីរ​នេះ​ទេ។ វា​ត្រូវការ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជជែក និង​ផ្តល់​នូវ​ការ​យល់ព្រម ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ។

ជប៉ុនវិញ​បាន​ទាមទារ​ឲ្យ​​មាន​ការ​គិតគូរ​ពី​សំណុំរឿង​ដែល​ជា​ផលប្រយោជន៍​ជាតិ​ជប៉ុន នៅ​ក្នុង​ដំណើរការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាងជើង។ លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក បាន​ឲ្យដឹង​ថា លោកដូណាល់ត្រាំ​បាន​យល់ព្រម​តាម​សំណើ​របស់​ជប៉ុន​ថា ក្នុង​កិច្ចចរចា​ទ្វេភាគី​ជាមួយ​កូរ៉េ​ខាងជើង អាមេរិក​ក៏​​នឹង​លើកយក​ផងដែរ នូវ​​សំណុំរឿង​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​កូរ៉េ​ខាងជើង​ចាប់ជំរឹត​ក្នុង​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់ ទៅ​ជជែក​ជាមួយ​នឹង​កូរ៉េ​ខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ