អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​​Justin Trudeau ​នាយក​​រដ្ឋ​មន្រ្តី​​កាណាដា​​ប្រតិកម្ម​​នឹង​​ពាក្យ​​បណ្តឹង​​របស់​​ក្រុម​ហ៊ុន​​Boeing​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ឈើ​សំណង់​ ឥឡូវ​នេះ​ កាណាដា​ និង​អាមេរិក​កំពុង​តែ​មាន​ជំលោះ​ពាណិជ្ជកម្ម​ថ្មី​មួយ​ទៀត។​ នោះ​ គឺ​ជំលោះ​រវាង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ Boeing និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​កាណាដា​ Bombardier។​ ជំលោះ​នេះ​កើត​ចេញ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​ពី​សំណាក់​ក្រុមហ៊ុន​ Boeing។​ ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​កាណាដា​បាន​គំរាម​ឈប់​បញ្ជា​ទិញ​យន្តហោះ​ចំបាំង​របស់​ក្រុមហ៊ុន​ Boeing។​ កិច្ច​ព្រម​ព្រៀង​នេះ​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។​

នាយករដ្ឋមន្ត្រី​កាណាដា លោក​ជូស្ទីន ទ្រូដូ
នាយករដ្ឋមន្ត្រី​កាណាដា លោក​ជូស្ទីន ទ្រូដូ REUTERS/Chris Bolin
ផ្សាយពាណិជ្ជកម្ម

ជំលោះ​រវាង​ក្រុមហ៊ុន​ Boeing និង​ក្រុមហ៊ុន Bombardier កំពុង​តែ​ឈាន​ដល់​ដំណាក់​កាល​ថ្មី​ហើយ។ កាលពី​សប្តាហ៍​មុន​ លោក​ Justin Trudeau នាយក​រដ្ឋ​មន្រ្តី​កាណាដា​បាន​ព្រលយ​ពាក្យ​ថា​ រដ្ឋាភិបាល​កាណាដា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បោះបង់​ចោល​គំរោង​ចង់​ទិញ​យន្តហោះ​ចម្បាំង​ Super Hornet ចំនួន​ ១៨​ គ្រឿងពី​ក្រុមហ៊ុន Boeing។​ កាលពី​ខែ​វិច្ឆិការ​ ឆ្នាំ​២០១៦ រដ្ឋាភិបាល​កាណាដា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​​ព្រម​ព្រៀង​ជាបណ្តោះ​អាសន្ន​​ជាមួយ​​ក្រុមហ៊ុន​ Boeing។​ គេ​បាន​ប៉ាន់​ប្រមាណ​ថា​ តំលៃ​សរុប​នៃការគំរោងចង់​បញ្ជា​ទិញ​​យន្តហោះ​ចម្បាំងនោះ​ គឺ​គិត​ជា​ទឹកប្រាក់​ជាង​រាប់​​ពាន់​លាន​ដុល្លារ។

ការ​បង្ហាញ​ជំហរ​បែប​នេះ​ក៏​ជា​សារ​បញ្ជាក់​ប្រាប់​ថា​ រដ្ឋាភិបាល​កាណាដា​មាន​ចេតនា​ផាត់ចោល​​ក្រុមហ៊ុន​ Boeing ចេញ​បញ្ជី​ ហើយ​កាណាដា​នឹង​​បើក​ទ្វារ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​ដ៏​ទៃ​ទៀត​អាច​ចូល​មក​ប្រកួត​ប្រជែង​ដាក់​ពាក្យ​ដេញ​ថ្លៃ។ សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កាណាដា​មាន​គំរោង​ចង់​ធ្វើ​ទំនើប​នីយកម្ម​យន្តហោះ​ចម្បាំង​របស់​ខ្លួន​។​ សព្វ​ថ្ងៃ​នេះ​ កង​ទ័ព​អាកាស​កាណាដា​កំពុង​តែ​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​ CF-18 ដែល​កំពុង​តែ​ចូល​វ័យ​ចំណាស់។​

តើ​ដើម​ចម​ជំលោះ​នេះ​ចេញ​មក​ពី​ប្រភព​ណា?​ សូម​រំលឹក​ជូន​ថា​ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៧ ក្រុមហ៊ុន​ Boeing បានដាក់​ពាក្យ​បណ្តឹង​ទៅ​​ក្រសួង​ពាណិជ្ជកម្ម​ និង​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក​ (ITC) ដើម្បី​ស្នើ​សុំ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​ការណ៍​ប្រឆាំង​នឹង​ការ​លក់​យន្តហោះ​កាណាដា​ C Series នៅ​លើ​ទឹកដី​អាមេរិក។ យន្តហោះ​ C Series នេះ​ គឺ​ជា​ប្រភេទ​យន្តហោះ​ដឹកអ្នក​ដំណើរ​ចំងាយ​ខ្លី​ ឬ​មធ្យម​ ដោយ​មាន​កៅអី​អង្គុយ​ចន្លោះ​ពី​ ១០០ ទៅ​ ១៥០ កន្លែង។ យន្តហោះ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​យន្តហោះ​មាន​បច្ចេក​វិទ្យា​ទំនើប​ដោយ​មាន​ទំងន់​ស្រាល​ ស៊ីសាំង​តិច​ និង​ពុំ​សូវ​លឺ​សំលេង​ម៉ូទ័រ​រំខាន​ដល់​អ្នក​ដំណើរ។ ក្នុង​រយៈ​ពេលដប់​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុមហ៊ុន​កាណាដា​ Bombardier បាន​ចំណាយ​ប្រាក់​ចំនួន​ ៥,៥ ពាន់​ដុល្លារ​​ក្នុង​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មីៗនៃ​កម្មវិធី​ផលិត​យន្តហោះ​ C Series។

យន្តហោះ​ដឹក​អ្នក​ដំណើរ​នេះ​ត្រូវ​បាន​គេប្រៀប​ប្រដូច​ទៅនឹង​​របក​គំឃើញ​ថ្មីមួយ​​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បង្កើត​ថ្មីក្នុង​វិស័យ​ផលិត​យន្តហោះ។​ ជាធម្មតា​ ក្រុមហ៊ុនកាណាដា​ Bombardier ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ផលិត​រថភ្លើង​ យន្តហោះ​ពាណិជ្ជកម្ម​ យន្តហោះ​ឯកជន​ និង​ម៉ូតូ​លើ​ទឹកកក។ ការ​ផលិត​យន្តហោះដឹកអ្នក​ដំណើរ​ក្រោម​ឈ្មោះ​ថា​ C Series គឺ​ជា​ផលិត​ផល​ថ្មី​របស់​ក្រុមហ៊ុន​ Bombardier។ ម៉ាក​យន្តហោះ​ថ្មី​នឹង​ចូល​ទៅ​ប្រកួត​ប្រជែង​ជាមួយ​នឹង​យន្តហោះ​ប្រភេទ​ស្រដៀង​គ្នា​របស់​ក្រុមហ៊ុន​អាមេរិក​ Boeing និង​ក្រុមហ៊ុន​អឺរ៉ុប​ Airbus។

កាលពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​ Bombardier បាន​ទទួល​ការ​បញ្ជាទិញ​យន្តហោះ​ C Series ចំនួន​ ៧៥ គ្រឿង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ Delta Airlines ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន​ ៥,៦ ពាន់​លាន​ដុល្លារ។​ ហើយ​ក្រុមហ៊ុន​អាកាស​ចរណ៍​អាមេរិក​ក្នុង​ស្រុក​តួយ៉ាង​ដូចជា​ Spirit Airlines និង​ Sun Country Airlines ក៏​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន​ Bombardier ផង​ដែរ។ ដោយ​ឃើញ​បែប​នេះ ក្រុមហ៊ុន​ Boeing បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Bombardier​ ពី​បទ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​នៅ​លើ​ទីផ្សារ​អាមេរិក។

ក្រុមហ៊ុន​ Boeing បាន​ពន្យល់​ថាយន្តហោះ​ដែលក្រុមហ៊ុន​​ Bombardier​ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Delta Airlines មាន​តំលៃទាប​ពេក។​ ពោល​ គឺ​ទាប​ជាង​តំលៃ​ទីផ្សារ​មធ្យម។​ ក្រុមហ៊ុន​ Boeing ផែ្អក​លើ​អំណះ​អំណាង​ថា ក្រុមហ៊ុន​កាណាដា​មាន​លទ្ធភាព​អាច​លក់​យន្តហោះ​មួយ​ក្នុង​តំលៃថោក​ ក៏​ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​សាធារណៈ។​ ទី​មួយ​ គឺ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ចំនួន​ ១ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​សំណាក់​រដ្ឋាភិបាល​ខេត្ត​កេបិច​ជា​ថ្នូរ​នឹង​ភាគ​ហ៊ុន​ចំនួន​ ៤៩,៥%​ នៅ​ក្នុង​កម្មវិធី​ផលិត​យន្តហោះ​នេះ។​ ទីពីរ​ គឺ​ គឺ​ប្រាក់​កំចី​ចំនួន​ ៣៧២,៥​ លាន​ដុល្លារ​ពីសំណាក់​រដ្ឋាភិបាល​កាណាដា​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​យន្តហោះ​ Global 700 និង​ C Series។ បើ​តាម​អំណះ​អំណាង​របស់​ក្រុម​ហ៊ុន​ Boeing ដោយ​សារ​តែ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​កាណាដា​បែប​នេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាណាដា Bombardier ហ៊ាន​បញ្ចុះ​តំលៃ​យន្តហោះ​យ៉ាង​គំហុក​ ដើម្បី​ទាក់​ទាញ​ក្រុមហ៊ុន​អាកាស​ចរណ៍​អាមេរិក។ ហើយ​ក្រុមហ៊ុន​ Boeing ក៏​យល់​ឃើញ​ផង​ដែរ​ថា​ យន្តហោះ​ថ្មីស្រឡាង​ C Series គឺ​ ជា​គូ​ប្រជែង​គ្នា​ដោយ​ផ្ទាល់​ជាមួយនឹង​យន្តហោះ​ Boeing ចំនួន​ពីរ​ ដែល​ស្ថិត​ក្នុង​ប្រភេទ​យន្តហោះ​ដឹក​អ្នក​ដំណើរ​រយៈ​មធ្យម។​ នោះ​ គឺ​យន្តហោះ​ Boeing 737-700 និង Boeing 737 MAX 7។

សំរាប់​ក្រុមហ៊ុន​ Boeing ការ​បញ្ចុះ​តំលៃ​លក់​យន្តហោះ​ថោក​ជាង​តំលៃ​ទីផ្សារ​មធ្យម​បែប​នេះ​អាច​ប៉ះពាល់​ដល់​និរន្តរភាព​របស់​ក្រុម​ហ៊ុន​ខ្លួន​សំរាប់​រយៈ​ពេល​វែង។​ ផល​វិបាក​នេះ​អាច​នឹង​ធ្វើ​ឲ្យ​វិស័យ​ផលិត​យន្តហោះ​អាមេរិក​​ជួប​វិបត្តិ​នាពេល​ថ្ងៃ​អនាគត។​ ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់​ការងារ​ផង​ដែរ។​ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញានេះ​ គេ​នឹង​ដឹង​ពី​សេចក្តី​សំរេច​របស់​អាជ្ញាធរ​អាមេរិក។​ គេ​នឹង​រង់ចាំ​មើល​ថា​ តើ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​អាច​នឹង​ផាក​ពិន័យ​ ឬ​ដាក់​តំលៃ​ពន្ធ​ខ្ពស់ដល់​ក្រុមហ៊ុន​ Bombardier។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ