rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន អាមេរិក សង្រ្គាមពាណិជ្ជកម្ម កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយករដ្ឋមន្រ្តីជប៉ុនជួបជាមួយលោកត្រាំរឿងពាណិជ្ជកម្មនិងកូរ៉េខាងជើង

media
នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ REUTERS/Issei Kato

នាយករដ្ឋមន្ត្រីជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ បានធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៧នេះ​ ហើយលោកត្រូវបាន​ទទួលស្វាគមន៍ដោយ​ផ្ទាល់ពីសំណាក់លោកដូណាល់ ត្រាំ នៅឯរដ្ឋ Florida។


ដំណើរទស្សនកិច្ចរបស់លោក អាបេ​ លើកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងទ្វេភាគីរវាងជប៉ុន-អាមេរិក ព្រមទាំងជជែកពិភាក្សាទាក់ទិនទៅនឹងបញ្ហាធំៗចំនួនពីរគឺ បញ្ហាសន្តិសុខនិងពាណិជ្ជកម្ម។

បញ្ហាសន្ដិសុខនេះ គឺសំដៅទៅលើការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សូមរំលឹកថា កន្លងមក កូរ៉េខាងជើង តែងបាញ់សាកល្បងមីស៊ីលនៅក្បែរដែនសមុទ្រជប៉ុន ដែលនេះបានបង្កអោយមានការព្រួយបារម្ភខ្ពស់ ហើយការចាប់ជំរិតប្រជាពលរដ្ឋជប៉ុនដោយកូរ៉េខាងជើងនៅតែបន្តជាបញ្ហាចោទក្នុងស្រុកមួយដ៏សំខាន់។

បន្ទាប់ពីលោកត្រាំដែលជាសម្ពន្ធមិត្តជិតស្និតរបស់ជប៉ុនបានសម្រេចចិត្តជួបថ្នាក់ដឹកនាំកូរ៉េខាងជើង ជប៉ុនមានការព្រួយបារម្ភរឹតតែខ្លាំង ខណៈពេលចិននិងកូរ៉េខាងត្បូងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការរកដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរនេះ ដែលនេះធ្វើអោយបញ្ហាសន្តិសុខរបស់ជប៉ុនកាន់តែចោទជាបញ្ហាខ្លាំងថែមទៀត។

ចំពោះបញ្ហាពាណិជ្ជកម្មវិញ អាមេរិកនៅតែបន្តគោលនយោបាយរបាំងពន្ធនាំចូលទៅលើប្រទេសមួយចំនួនដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ។​ ទីផ្សារផលិតផលកសិកម្ម និងរថយន្តអាចជាគោលដៅបន្ទាប់របស់លោកត្រាំ ហើយនេះអាចជិះឥទ្ធិពលខ្លាំងដល់ការនាំចេញរបស់ជប៉ុន។ តែកន្លងមក លោកត្រាំបានបង្ហាញនូវភាពបត់បែនចំពោះការផ្តួចផ្តើមអោយមានកិច្ចចរចាពាណិជ្ឋកម្មសេរីរបស់លោកនាយករដ្ឋមន្រ្តី ​ស្ហ៊ីនហ្សូ អាបេ។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ អាចដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចរចារបស់ជប៉ុនជាមួយលោកត្រាំ។

ទោះជាយ៉ាងណាក្តី លោកអាបេ បានលើកឡើងថា លោកនឹងផ្លាស់ប្តូរយោបល់ជាមួយលោកត្រាំដោយផ្អែកលើការយល់ឃើញរួមរបស់ប្រទេសទាំងពីរថា ជប៉ុននិងសហរដ្ឋអាមេរិកនឹងជំរុញអោយកំណើនសេដ្ឋកិច្ចនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើងតាមរយៈពាណិជ្ជកម្មដោយសេរីនិងយុត្តិធម៌។