អានតួអត្ថបទ

កំពស់ទឹកទន្លេ Seine នៅតែបន្តកើនឡើងនាចុងសប្ដាហ៍នេះ

ប៉ា​រីស​និង​ជាយ​ក្រុង​​ប៉ារីស​នៅតែស្ថិត​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់នៅឡើយ​នា​ចុងសប្តាហ៍​នេះ​ ដោយសារ​កំរិត​​ទឹក​ទន្លេ​ Seine នៅតែ​បន្តកើនឡើង​ជាលំដាប់។ តែទោះ​ជាយ៉ាងណាក្ដី ភ្នាក់ងារ​គ្រប់គ្រងទឹកជំនន់បាន​លើកឡើងថា កំពស់ទឹក​នឹងមិនឡើង​ដល់៦,២០ម៉ែត្រ​ ដូចដែលបាន​ព្យាករណ៍​កាលពីដើមសប្ដាហ៍នេះ​នោះទេ។

កំរិតទឹកទន្លេ Seine បន្តកើនឡើង​ នៅប៉ារីស​ ថ្ងៃទី ២៥ មករា ២០១៨
កំរិតទឹកទន្លេ Seine បន្តកើនឡើង​ នៅប៉ារីស​ ថ្ងៃទី ២៥ មករា ២០១៨ GEOFFROY VAN DER HASSELT / AFP
ផ្សាយពាណិជ្ជកម្ម

ប៉ា​រីស​និងតំបន់នៅតាម​ជាយ​ក្រុង​​ប៉ារីស កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់នៅឡើយ នេះគឺដោយហេតុថា កំរិតទឹកទន្លេ Seine នៅតែមានកំរិតខ្ពស់ហើយនៅតែបន្តកើនឡើងជាលំដាប់។ កំពស់ទឹកបានកើនឡើងដល់ទៅ១១សង់ទីម៉ែត្រ នៅក្នុងរយៈពេល២៤ម៉ោងគិតត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ។​

គួររំលឹកឡើងវិញថា កាលពីដើមសប្ដាហ៍នេះ ភ្នាក់ងារគ្រប់គ្រងទឹកជំនន់បានព្យាករណ៍ថា កំរិតទឹកអាចនឹង​​​ឡើង​​​ដល់​​​កំពស់​ ​៦,២០​​​ម៉ែត្រ។​​​ តែទោះជាយ៉ាងណាក្តី បើយោងតាមរបាយការណ៍ព្យាករណ៍ចុងក្រោយ កំពស់ទឹកអាចនឹងកើនឡើងដល់ត្រឹម៥,៩៥​​​ម៉ែត្រប៉ុណ្ណោះត្រឹមយប់ថ្ងៃអាទិត្យនេះ គឺមិនដល់​ ​៦,២០​​​ម៉ែត្រនោះទេ ហើយក៏នឹងមិនអាចឡើងដល់​​៦,១០​​​ម៉ែត្រ ដូចក្នុងឆ្នាំ២០១៦ដែរ។

ចំពោះសារៈមន្ទីធំៗ​មួយចំនួនក្នុងក្រុងប៉ារីសវិញ នៅតែស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្នខ្ពស់បំផុតដដែល ហើយផ្នែក​ខ្លះៗនៃសារៈមន្ទីរ ​Louvre ក៏នៅតែ​​បិទ​ជា​សាធារណៈ​។​ ម៉្យាងទៀត​ អ្នកទេសចរជាច្រើនក៏មានការខកចិត្តយ៉ាងខ្លាំង ដោយសារការបិទដំណើរការនៃការជិះទូកកំសាន្ត Bateaux Mouches​ នៅតាមដងទន្លេ Seine។

ចំណែកឯប្រជាជនក្នុងតំបន់ ក៏ដូចជាអ្នករស់នៅតាមដងទន្លេ ក៏កំពុងទទួលរងគ្រោះដោយសារស្ថានភាពទឹកទន្លេនេះដែរ។ យោងតាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងថា ប្រជាជនសរុបប្រមាណ១ពាន់នាក់ត្រូវបានជម្លៀសចេញពីទីលំនៅ ហើយមានប្រមាណ១,៥ពាន់គ្រួសារកំពុងរស់នៅដោយគ្មានអគ្គីសនីប្រើប្រាស់។​ ផ្ទះសម្បែងមួយចំនួន​ រួមទាំងគ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះក៏ទទួលរងនូវការខូតខាតផងដោយសារការលេចទឹកចូល។

យ៉ាងណាមិញ គេរំពឹងទុកថា អាកាសធាតុអាចនឹងប្រែជាល្អឡើងវិញសម្រាប់សប្តាហ៍ក្រោយ ហើយកំរិតទឹកអាចនឹងថយចុះទៅវិញ។ ក្រុមអាជ្ញាធរក៏បានបន្ថយសញ្ញាប្រកាសអាសន្នរបស់ខ្លួនពីពណ៌ទឹកក្រូចមកត្រឹមពណ៌លឿងវិញផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ