អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​នយោបាយ​នៅក្នុង​ប្រទេសថៃ​ នៅតែជា​ព័ត៌មាន​ដែល​មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ ពីសំណាក់​បណ្តា​សារព័ត៌មាន​ ដោយសារតែ​រឿងរ៉ាវ​ដ៏ចម្រូងចម្រាស​ ជុំវិញ​ការឈរឈ្មោះ​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​ អ៊ុប៊ុនរ៉ាត់​។ ជាមួយគ្នានេះ​ នៅថ្ងៃចន្ទទី១១​ កុម្ភៈនេះ​ ឆាក​នយោបាយថៃ​ កំពុងតែ​អង្រួនចិត្ត​សារធាណជនថៃ​ជាខ្លាំង​ ដោយសារតែ​មានផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ពាសពេញផ្ទៃប្រទេស​ ជាពិសេស​នៅតាម​បណ្តាញសង្គម​តែម្តង​អំពីគម្រោង​ធ្វើរដ្ឋប្រហារ​សាជាថ្មីម្តងទៀត​។ តែទោះជាយ៉ាងណាក្តី​ លោកប្រាយុទ្ធ​ ចាន់អូចា​ បានចេញមុខ​បដិសេដភ្លាម​ នៅថ្ងៃចន្ទនេះ​ដែរថា​ គ្មានឡើយ​គម្រោង​ធ្វើរដ្ឋប្រហារ​ ដូចពាក្យ​ចចាមអារ៉ាមនោះ​។

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩។ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ធ្វើឲ្យ​លេចធ្លាយ​ពាក្យចចាមអារ៉ាម​ទាក់ទងនឹង​គម្រោង​ធ្វើរដ្ឋប្រហារ​នៅថៃ​

តាមពិតទៅ​ ដើមហេតុ​ដែល​នាំឲ្យ​មានពាក្យ​ចចាមអារ៉ាម​ល្បី​ខ្ទរខ្ទារ​ពាសពេញ​ប្រទេសថៃ​ ដ៏ដូចជា​ពាសពេញ​បណ្តាញ​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​ គឺដោយសារតែ​មានទឡ្ហីករណ៍ ២ សំខាន់ៗ​។

ទឡ្ហីករណ៍ទី១​ គឺ​ដោយសារ​ម្យ៉ាង​ មាន​ព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ អំពី​បទបញ្ជា​ពីប្រមុខយោធាថៃ​ ឲ្យមាន​ការផ្លាស់ប្តូរ​តួនាទី​-មុខតំណែង​របស់​ មន្ត្រី​យោធា​សំខាន់​នៅក្នុងប្រទេស​ នាមួយរយៈពេល​ចុងក្រោយនេះ​។ ឧទាហរណ៍​ជាក់ស្តែង​ កាលពីឆ្នាំទៅមិញ​ ព្រះមហាក្សត្រថៃ​ មហា​ វ៉ាជីរ៉ាឡុងកន​ បានត្រាស់​បង្គាប់​តែងតាំង​ មេបញ្ជាការ​កងទ័ព​ថ្មី​ ឈ្មោះ​ អាភីរ៉ាត់​ គង់សមពុង​ (Apirat Kongsompong)។ លោក អាភីរ៉ាត់​ ដែលគេ​ស្គាល់ថា​ ជា​អតីត​អ្នកនយោយបាយ​ ប្រឆាំងទៅនឹង​របប​យោធាថៃ​។

ការ​ផ្លាស់ប្តូរ​មុខតំណែង​ធំៗ​និងសំខាន់ៗ​ នៅក្នុង​ជួរកងទ័ពនេះ​ ជាពិសេស​ការ​ទាក់ទាញ​ក្រុមអ្នកប្រឆាំង​ មកក្លាយ​ជាគូកន​របស់​របប​សឹកនេះ​ហើយ​ ជា​មូលហេតុ​ធ្វើឲ្យ​គេ​មានការសង្ស័យថា​ ពួកយោធាថៃ​អាចកំពុងតែ​រៀបចំ​ធ្វើរដ្ឋប្រហារ​សារជាថ្មី​ម្តងទៀត​។

សូម​ជម្រាបជូនថា​ ពាក្យ​ចចាមអារ៉ាម​ បាន​រីករាលដាល​យ៉ាងលឿន​ឆ្លងកាត់​ទូទាំង​ប្រទេសថៃ​ ចាប់តាំងពី​ថ្ងៃសុក្រ​សប្តាហ៍មុន​ ពោល​គឺ​នៅថ្ងៃទី​៨ កុម្ភៈ ឆ្នាំ២០១៩​ មកម្ល៉ោះ​ ស្របពេលដែល​គណបក្ស​ថៃរ៉ាក់សាឆាត​ ស្នើដាក់​ឈ្មោះ​ ព្រះអង្គម្ចាស់​ក្សត្រិយ៍​ អ៊ុប៊ុនរ៉ាត់​ ជាបេក្ខជននាយករដ្ឋមន្ត្រី​ សម្រាប់​ការបោះឆ្នោត​ នាថ្ងៃទី​២៤​ ខែមីនា​ ខាងមុខនេះ​។

នៅពេល​កន្លងមកថ្មីៗនេះ​ មាន​បញ្ហា​ប្រទាញប្រទង់គ្នា​ខ្លាំងណាស់​ ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ អ៊ុប៊ុនរ៉ាត់​។ ជាពិសេស​ មិនទាំងបាន​មួយថ្ងៃ​ស្រួលបួលផង​ គណបក្ស​ថៃរ៉ាក់សាឆាត​ ក៏​ប្រកាស​ដកចេញ​បេក្ខភាព​ ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុប៊ុនរ៉ាត់​ ជា​នាយករដ្ឋមន្ត្រី​វិញភ្លាម​ ដោយសារតែ​មានការប្រឆាំងជំទាស់​ ពីសំណាក់​ព្រះបរមរាជវាំងថៃ​។

ក្រោយព្រឹត្តិការណ៍​នេះភ្លាមដែរ​ ព័ត៌មាន​ទាក់ទងនឹង​ការរំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ ក៏ចាប់ផ្ទុះឡើង​តែម្តង​។ ជាក់ស្តែង នៅថ្ងៃចន្ទនេះដែរ​ មាន​ព័ត៌មានផ្សាយថា​ មន្ត្រី​ជាន់ខ្ពស់​ របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតថៃ​ ធ្វើការ​ជួបពិភាក្សាផងដែរ​ អំពី​ការដាក់បេក្ខភាព​ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ុប៊ុនរ៉ាត់​ ជានាយករដ្ឋមន្ត្រីរបស់​បក្សថៃរ៉ាក់សាឆាត​ ថាជាអំពើខុសនឹង​រដ្ឋធម្មនុញ្ញ​ឬក៏អត់​? ប្រសិនជា​ការធ្វើដូចច្នោះ​ ពិតជា​ខុសនឹង​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃមែននោះ​ បក្ស​ថៃរ៉ាក់សាឆាត​ អាចប្រឈមនឹង​ការរំលាយចោល​ពិតប្រាកដមែនហើយ​។

ការបកស្រាយ​របស់​ប្រមុខយោធាថៃ​លោកប្រាយុទ្ធ​ ចាន់អូចា​ ចំពោះ​ព័ត៌មានទាក់ទង​នឹងគម្រោង​ធ្វើរដ្ឋប្រហារ​

មេដឹកនាំ​យោធាថៃ​លោកប្រាយុទ្ធ ចាន់អូចា​ នៅថ្ងៃចន្ទនេះ​ បានច្រានចោល​រាល់ព័ត៌មាន​ចុះផ្សាយ​អំពីបទបញ្ជា​ ដែលថា​មានការដកហូត​ និង​ផ្លាស់ប្តូរ​តួនាទី​របស់​មន្ត្រីកងទ័ព​សំខាន់ៗ​ នៅក្នុងប្រទេស​។ លោកប្រាយុទ្ធ​បន្តថា​បទបញ្ជា​ដែលគេ​យកទៅចុះផ្សាយខាងលើ​ ជាបទ​បញ្ជាក្លែងក្លាយ​ ហើយថា​ពាក្យ​ចចាមអារ៉ាម​ អំពីគម្រោង​ធ្វើរដ្ឋប្រហារ​សុទ្ធតែជា​ "ព័ត៌មានប្រឌិត​ក្លែងក្លាយ​" ដើម្បី​បង្កជា​ភាពចលាចល​ក្នុងប្រទេស​។

ជាមួយគ្នានេះដែរ​ លោកប្រាយុទ្ធ​ ក៏បាន​ប្រកាស​ធ្វើការ​ស៊ើបអង្កេតភ្លាមៗ​អំពីប្រភព​ ដែលធ្វើឲ្យ​មាន​ព័ត៌មាន​មិនពិត​នេះ​ផ្ទុះឡើង​ផងដែរ​។ ជាក់ស្តែង​ មេដឹកនាំ​របប​សឹកថៃ​ រូបនេះ​ បានប្រាប់​ទៅកាន់​ អ្នក​សារព័ត៌មាន​ក្នុងស្រុ​កថា​ រដ្ឋាភិបាល​ទីក្រុងបាងកក​ នឹង​ចាត់វិធានការក្តៅ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ដើម្បី​កុំឲ្យ​ព័ត៌មានទាំងនេះ​ អាចបំពុល​ស្ថានភាព​របស់​ស្រុកទេសបាន​។ ជាពិសេស​នៅអំឡុង​ ពេលដែល​ប្រទេសថៃ​កំពុង​រៀបចំ​ការបោះឆ្នោត​ ដែលជា​ព្រឹត្តការណ៍​សំខាន់មួយ​នៅក្នុងប្រទេស​។

ហេតុអ្វី​បានជា​ព័ត៌មាន​ស្តីអំពី​គ្រោង​ធ្វើរដ្ឋ​ប្រហារឆាប់ធ្វើឲ្យ​ប្រជាពលរដ្ឋថៃ​ជឿទុក​ចិត្តខ្លាំងម្ល៉ោះ​?

ហេតុផល​ដែលធ្វើឲ្យ​ពលរដ្ឋថៃ​ឆាប់ជឿថា​ ការធ្វើរដ្ឋប្រហារ​អាចនឹងកើតមាន​នៅក្នុងស្រុក​ទេស​ពិតមែន​ គឺ​ដោយសារតែ​ប្រទេស​អាស៊ី​មួយនេះ​ មានបទពិសោធន៍​ ឆ្លងកាត់​ការធ្វើរដ្ឋប្រហារ​ច្រើនលើកច្រើនសារ​នៅក្នុង​ប្រវត្តិសាស្ត្រ​។

ជាក់ស្តែង​ ចាប់តាំងពីកកើត​បង្កើតជារដ្ឋ​-ជា​ប្រទេសមួយ​ រហូតមកទល់នឹងបច្ចុប្បន្ន​ ប្រទេសថៃ ធ្លាប់បានឆ្លងកាត់​ការធ្វើរដ្ឋប្រហារ​ដោយជោគជ័យចំនួន​ ១២​ លើករួចមកហើយ​។ ការធ្វើរដ្ឋប្រហារចុងក្រោយគេ​ ដែលបា​នបណ្តាលឲ្យ​ប្រទេសថៃ​ ធ្លាក់ក្នុង​វិបត្តិន​យោបាយ​រហូតមកដល់សព្វថ្ងៃនេះ​ គឺ​ ការធ្វើរដ្ឋប្រហារ​របស់ពួកយោធាថៃ​ ទៅលើ​រដ្ឋាភិបាល​ដឹកនាំ​ដោយលោកថាក់ស៊ីន​ ស៊ីណាវ៉ាត់​ នៅឆ្នាំ​២០០៦​។

រីឯ​ការធ្វើ​រដ្ឋប្រហារចុ​ងក្រោយគេ​នោះគឺ​ ការទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​យីងឡាក់ ត្រកូលស៊ីណាវ៉ាត់ដែរ កាលពីឆ្នាំ​ ២០១៤​ កន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ