អានតួអត្ថបទ

សាលារៀន​នៅបាងកក​រាប់រយ​ត្រូវបានបិទទ្វារ​ដោយសារ​បញ្ហាខ្យល់ពុលខ្លាំង​

ដោយសារ​ទីក្រុងបាងកក​ កំពុងតែ​រួមរឹតខ្លាំង​ទៅដោយ​ខ្យល់ពុល​ នៅថ្ងៃពុធ​ ទី៣០​ មករានេះ​ អាជ្ញាធរថៃ​ បានប្រកាស​បិទសាលារៀនរដ្ឋចំនួន​ ៤៣៧​។ នៅខណៈពេលនេះដែរ​ អាជ្ញាធរថៃ​ កំពុងតែ​ដុតដៃដុតជើង​ ដោះស្រាយ​វិបត្តិខ្យល់ពុលនេះ​ ដោយហេតុថា​ វា​អាចធ្វើឲ្យប៉ះពាល់ដល់​សុខភាពប្រជាជន​។ មួយវិញទៀត​ គឺ​ដើម្បីរៀបចំ​សណ្តាប់ធ្នាប់ទីក្រុង​ មុនពេល​ការបោះឆ្នោតរបស់ប្រទេស​មកដល់​ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត​។

សិស្សសាលាថៃពាក់ម៉ាស់ការពារខ្យល់ពុល នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៩។
សិស្សសាលាថៃពាក់ម៉ាស់ការពារខ្យល់ពុល នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៩។ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

រាជធានី​ដែលជាបេះដូង​របស់ប្រទេសថៃ​ គឺ​ទីក្រុងបាងកក​ បាននិងកំពុងរងគ្រោះ​ដោយសារខ្យល់ពុល​ ដែលសាយភាយ​នៅក្នុងបរិយាកាស​ អស់រយៈពេល​ជាច្រើនសប្តាហ៍មកហើយ​។ ដោយសារតែ​វិបត្តិនេះកើតឡើង​រយៈពេលយូរបែបនេះហើយ​ ទើប​មានផ្ទុះ​ជាការរិះគន់​យ៉ាងខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋថៃ​ ទៅកាន់រដ្ឋាភិបាល​តាមបណ្តាញសង្គម​។

តែទោះជាយ៉ាងណាក្តី​ ដើម្បីឆ្លើយតបទៅនឹង​បញ្ហាប្រឈមនេះ​ នៅថ្ងៃពុធទី៣០ មករា ឆ្នាំ២០១៩ ​ អាជ្ញាធរថៃ​បានប្រកាសបិទទ្វារ​សាលារដ្ឋទាំងអស់ចំនួន ​៤៣៧ កន្លែង ​ចាប់រសៀលថ្ងៃពុធនេះ​ រហូតទៅដល់ថ្ងៃសុក្រ ទី​១ កុម្ភៈ ឆ្នាំ២០១៩ ក្នុងរង្វង់​ផ្ទៃក្រឡាដី ១ ៥០០​ គីឡូម៉ែតការ៉​។

ទាក់ទងរឿងនេះដែរ​ អភិបាលក្រុងបាងកកលោក Aswin Kwanmuang​ បានលើកឡើងថា​ ខ្យល់ពុល​នឹងធ្វើឲ្យបរិយាកាសទីក្រុង​មានសភាពយ៉ាប់យ៉ឺន​កាន់តែខ្លាំងឡើង​ រហូតដល់ថ្ងៃសុក្រ​ខាងមុខនេះ​។ ដូច្នេះហើយ​ អាជ្ញាធរថៃ​សម្រេចចិត្តបិទទ្វារសាលារដ្ឋទាំងអស់​ដើម្បីសុវត្តិភាពរបស់ប្រជាជន​។ ចៅហ្វាយក្រុងរូបនេះ​ បាននិយាយដោយសង្ឃឹមថា​ ផែនការ​បិទសាលាទាំងជាង៤០០​ នឹងជួយឲ្យ​ចរាចរណ៍ក្នុងទីក្រុង​មានភាពធូរស្រាល​ និងអាច​ជួយកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុលផងដែរ​។

ក្រៅពីនេះ​ អាជ្ញាធរថៃ​ក៏បានឲ្យដឹងទៀតថា​ ក្នុងពេលឆាប់ៗនេះ​ សាលាក្រុងបាងកក​ អាចនឹង​ចេញសេចក្តីជូនដំណឹង​ដល់ប្រជាពលរដ្ឋ​ កុំឲ្យចេញទៅហាត់ប្រាណ​ នៅតាម​សួនច្បារសាធារណៈទៀតផង​ ដោយសារតែ​កម្រិតខ្យល់ពុល​នៅមានច្រើន​ ហើយអាច​ប៉ះពាល់ដល់សុខភាព​ប្រជាជន​។

គួរជ្រាបថា​ បើតាម​ការវាស់ស្ទង់​ពីកម្រិតគ្រោះថ្នាក់​ នៅពេលនេះ​ ខ្យល់ពុល​ក្នុងទីក្រុង​បាងកក​ មានសភាព​អាក្រក់ជាង​ទីក្រុងមួយចំនួន​ក្នុងប្រទេសចិន​ទៅទៀត​ ក៏ប៉ុន្តែ​នៅគ្រាន់បើជាងទីក្រុង​ដេលី​របស់ប្រទេសឥណ្ឌា​។

គួរជ្រាបទៀតថា​ រហូតមកដល់ពេលនេះ​ ក្រៅតែពី​បញ្ជាឲ្យបិទទ្វារ​សាលារដ្ឋ​មួយរយៈ​ អាជ្ញាធរថៃ​ ក៏គ្រោងនឹងស្នើឲ្យ​សាលាឯកជនមួយចំនួនទៀត​ បិទទ្វារមួយរយៈពេលផងដែរ​។ ទន្ទឹមគ្នានេះ​ ដើម្បីជួយសង្គ្រោះទីក្រុងបាងកក​ ដែល​រុំព័ទ្ធដោយខ្យល់ពុល​ អាជ្ញាធរថៃ​ ក៏បានបង្កើតជាពពកសប្បនិម្មិត ​ ដែលមានបាញ់លាយថ្នាំ​ចាប់យកសារធាតុពុល​ដើម្បីឲ្យសារធាតុពុលទាំងនោះធ្លាក់តាមទឹកភ្លៀង។ ជាមួយគ្នានេះ​ រដ្ឋាភិបាល​ក៏បានស្នើសុំឲ្យពលរដ្ឋថៃ​ កុំដុតធូប​ និងក្រដាសសែន​ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំចិនទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ