rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ វិបត្តិនយោបាយថៃ អាស៊ាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គ្រាប់បែកជាច្រើនគ្រាប់​បានផ្ទុះ​នៅ​បាងកក​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​

media
មនុស្សម្នា ប្រមូលផ្តុំគ្នានៅក្បែរកន្លែងមួយដែលមានការផ្ទុះគ្រាប់បែក នៅទីក្រុងបាងកកប្រទេសថៃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។ Twitter @YRNMXSK via REUTERS

គ្រាប់បែកតូចៗជាច្រើនគ្រាប់ បានផ្ទុះឡើងនៅទីតាំងផ្សេងៗគ្នាយ៉ាងតិចចំនួន ៣ កន្លែង ក្នុងទីក្រុងបាងកកប្រទេសថៃ នាថ្ងៃសុក្រ ទី២ សីហានេះ។ ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតឡើងជួនចាំពេលដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលប្រចាំតំបន់ និងចំថ្ងៃ ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៏ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ចប្រជុំផងដែរ។

ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សចំនួន ៤ នាក់រងរបួស ក៏ប៉ុន្តែវាមិនបានរំខានដល់កិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ានឡើយ។


ការបំផ្ទុះគ្រាប់បែក បានកើតឡើងតែបន្តិចប៉ុណ្ណោះ មុនពេលដែលលោកប្រមុខការបរទេសអាមេរិកម៉ៃក៏ ប៉ុមប៉េអូ ឡើងធ្វើសុន្ទរកថា។ ក្រោយហេតុការណ៍ផ្ទុះ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងអំពីអត្តសញ្ញាណអ្នកដែលបានប្រព្រឹត្តអំពីនេះឡើយ ហើយអាជ្ញាធរថៃកំពុងតែស៊ើបអង្កេត ពីមូលហេតុនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះផងដែរ។ នេះបើយោងតាមសម្តីរបស់មន្ត្រីរដ្ឋាភិបាលថៃ។

បន្ថែមលើនេះ រដ្ឋាភិបាលថៃ ក៏បានអំពាវនាវផងដែរ ឱ្យប្រព័ន្ធផ្សព្វផ្សាយនានា ចៀសវាងធ្វើបុរេវិនិច្ឆ័យ លើហេតុផលនៃការបំផ្ទុះគ្រាប់បែកឲ្យសោះ មុនពេលដែលសមត្ថកិច្ចស្វែងរកការពិតឃើញ។

ទាក់ទងរឿងនេះដែរ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា ជនដែលនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ ពិតជាមានបំណងអុជអាលញុះញង់ឱ្យមានអំពើហិង្សា ដើម្បីបំផ្លាញសន្តិភាព និងមុខមាត់ប្រទេសថៃ។ លោកប្រាយុទ្ធ យល់ឃើញដូចនេះ ពីព្រោះថា​ ការផ្ទុះ កើតឡើងខណៈពេលដែល អ្នកការទូតកំពូលៗនៃប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក បូករួមទាំងប្រទេសចិនផងនោះ កំពុងមានវត្ថមាននៅក្នុងទីក្រុងបាងកក។

ជាមួយគ្នានេះ លោកប្រយុទ្ធ ចាន់អូចា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋថៃកុំឲ្យភ័យបារម្ភឲ្យសោះ ពីព្រោះថាអាជ្ញាធរថៃ បានបង្កើននូវការរឹតបន្តឹងសន្តិសុខ នៅទូទាំងទីក្រុងបាងកកហើយ។

ស្រដៀងគ្នានេះដែរ ការបំផ្ទុះគ្រាប់បែក ត្រូវគេជឿថា ធ្វើឡើងដើម្បីបំបាក់មុខរដ្ឋាភិបាលថាថៃក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមែន ដោយសារម្យ៉ាង ប្រភេទគ្រាប់បែកតូចៗ ដែលគេឲ្យឈ្មោះថា គ្រាប់បែកប៉េងប៉ុង "ping pong bombs" មិនសមត្ថភាពផ្ទុះខ្លាំងត្រូវបានគេយកទៅបំផ្ទុះ។ ម្យ៉ាងវិញទៀត គ្រាប់បែកទាំងអស់ប្រមាណ៦ គ្រាប់ ត្រូវគេបំផ្ទុះ នៅឆ្ងាយពីតាំងប្រជុំទាំងអស់។

គួរជម្រាបជូនដែរថា ហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងទីក្រុងបាងកកនាថ្ងៃសុក្រនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតមេដឹកនាំយោធាលោកប្រាយុទ្ធ ចាន់អូចា ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីស៊ីវិលវិញ។

ព្រឹត្តិការណ៍នេះ បានញាំងឲ្យមានការស្រែកតវ៉ាយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់។ មិនតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងចំណោមអ្នកនយោបាយថៃក្នុងស្រុកមិនតិចនោះទេ៕