rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ ច្បាប់ កសិកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ថៃ​នឹង​ដាក់​បំរាម​លើ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​និងស្មៅ​ ដែល​បង្ក​ហានិភ័យខ្ពស់​

media
ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ ដាក់លក់នៅក្នុងប្រទេសថៃ។ Romeo GACAD / AFP

នៅថ្ងៃអង្គារ ទី២២ តុលាម្សិលមិញ ប្រទេសថៃ ​ បានប្រកាសប្រាប់ពីគម្រោង ដាក់បំរាមលើការប្រើប្រាស់ប្រភេទថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅមួយចំនួន ដែលសុទ្ធសឹងតែជាប្រភេទថ្នាំ មានគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស។ បើតាមអាជ្ញាធរថៃ បំរាមខាងលើនឹងត្រូវដាក់ចូលជាធរមាន នាថ្ងៃទី ១​ ធ្នូ ឆ្នាំ ២០១៩ ខាងមុខ បើទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់កសិករថៃមួយចំនួនធំយ៉ាងណាក្តី។


ការដាក់បំរាម មិនឲ្យប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ គឺជារឿងដ៏ប្រទាញប្រទង់បំផុតមួយ នៅថៃ ដែលជាប្រទេសសម្បូរទៅដោយកសិករ ប្រើប្រាស់ប្រភេទថ្នាំទាំងនោះ ដើម្បីដាំដុះដំណាំកសិផល។

តែនៅទីបំផុតទៅ រដ្ឋាភិបាលថៃ នៅតែសម្រេចថានឹងដាក់បំរាម មិនឲ្យកសិករ ឬប្រជាពលរដ្ឋរបស់ខ្លួន ប្រើប្រាស់ប្រភេទថ្នាំសម្លាប់សត្វល្អិត និងសម្លាប់ស្មៅប្រភេខខ្លះ ដែលគេជឿថា វាមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស-សត្វ។

ទាក់ទងរឿងនេះដែរ មន្ត្រីរដ្ឋាភិបាលថៃម្នាក់បានឲ្យដឹងថា គណៈកម្មាធិការជាតិថៃធ្វើការគ្រប់គ្រងលើសារធាតុពុល បានបោះឆ្នោតសម្រេច លែងឲ្យប្រើប្រាស់ថ្នាំសម្លាប់ស្មៅឈ្មោះ Glyphosate ប៉ារ៉ាសិតគីមី និងក្លរីលីកូស ដែលជាប្រភេទថ្នាំប្រើដើម្បីសម្លាប់សត្វល្អិត។

ប៉ារ៉ាសិតគីមី និងថ្នាំសម្លាប់ស្មៅ Glyphosate ត្រូវបានហាមឃាត់ នៅអឺរ៉ុប តាំងតែពីឆ្នាំ ២០០៧ ដោយសារតែវាមានផ្ទុកសារធាតុពុលខ្លាំងពេក។ មិនតែប៉ុណ្ណោះ ថ្នាំទាំងនេះ អាចទាំងបណ្តាលឲ្យមនុស្សឈឺរោគផ្សេងៗ ដែលក្នុងនោះ ក៏មានផងដែររោគមហារីក។

តែទោះយ៉ាងណាក៏ដោយ កសិករថៃ តាមរយៈអង្គការសមាគមដើម្បីកសិករ បានធ្វើការតវ៉ា និងបានព្យាយាម បញ្ចុះបញ្ចូលឲ្យរដ្ឋ យល់ព្រមអនុញ្ញាតឲ្យពួកគេ ប្រើប្រាស់ថ្នាំសម្លាប់ស្មៅឈ្មោះ Glyphosate បន្តទៀតបាន។

ថ្នាំ Glyphosate ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Monsanto និង Bayer ហើយនាខណៈនេះ ក្រុមហ៊ុន កំពុងត្រូវរងពាក្យបណ្តឹងជាច្រើនប្រមាណ ១៣ ០០០ នៅអាមេរិក។ ដើមបណ្តឹង បានចោទប្រកាន់ថា ថ្នាំសម្លាប់ស្មៅ Glyphosate បង្កឲ្យអ្នកប្រើប្រាស់កើតជំងឺមហារីកជាច្រើនប្រភេទ។

ទោះជាបែបនេះក៏ដោយ ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងសម្លាប់សត្វល្អិត នៅតែពេញនិយមក្នុងចំណោមកសិករថៃ។ ជាក់ស្តែង ក្រោយមានការប្រាស់អំពីបំរាមរបស់រដ្ឋាភិបាល​ តំណាងសមាគមកសិករថៃម្នាក់ឈ្មោះ Charat Narunchron បានចេញមុខប្រតិកម្មថា ការសម្រេចរបស់រដ្ឋាភិបាលមិនយុត្តិធម៌ឡើយ។

លោកថា ការសម្រេចបែបនេះ នឹងប៉ះពាល់ខ្លាំងដល់កសិករ ដោយពួកគេត្រូវចំណាយថវិកាច្រើន ដើម្បីជួលមនុស្សឲ្យមកធ្វើការ។

ខុសពីការយល់ឃើញខាងលើ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានសាទរចំពោះ បំរាមលើការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងស្មៅ ដែលជះឥទ្ធិពលមិនល្អដល់សុខភាពមនុស្ស។ លោករដ្ឋមន្ត្រី មានចាត់ទុកការសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃអង្គារម្សិលមិញថាជាចំណាត់ការដ៏ល្អប្រសើរមួយ ក្នុងសង្គមថៃ៕