ថៃបញ្ចេញវីដេអូបង្ហាញពីប្រតិបត្តិការសង្រ្គោះក្មេងចេញពីរូងភ្នំ
មួយថ្ងៃក្រោយពីបានបញ្ចប់ដោយជោគជ័យនូវប្រតិបត្តិការសង្រ្គោះក្មេង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ចេញពីរូងភ្នំ វីដេអូបង្ហាញពីក្មេងៗ ដែលស្ថិតលើគ្រែក្នុងមន្ទីរពេទ្យត្រូវបានអាជ្ញាធរបញ្ចេញជាសាធារណៈ កាលពីថ្ងៃពុធ។ ក្នុងពេលជាមួយគ្នា កងកុម្ម៉ង់ដូជើងទឹកថៃក៏បានបញ្ចេញផងដែរ នូវវីដេអូដែលបង្ហាញពីដំណើរការនៃប្រតិបត្តិការសង្រ្គោះនៅក្នុងរូងភ្នំ ដែលគ្រប់គ្នាសុទ្ធតែចាត់ទុកថាជាប្រតិបត្តិការដ៏សែនស្មុគស្មាញបំផុត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៣
ឃ្លីបវីដេអូអំពីប្រតិបត្តិការសង្រ្គោះត្រូវបានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងកុម្ម៉ង់ដូជើងទឹកថៃ (Thai Navy SEAL) អមដោយចំណងជើងថា “ប្រតិបត្តិការដែលពិភពលោកមិនអាចបំភ្លេចបាន”។ ក្នុងពេលជាមួយគ្នា ប្រភពពីក្នុងក្រុមសង្រ្គោះ ក៏ដូចជាពីមេបញ្ជាការកងកុម្ម៉ង់ដូជើងទឹកថៃក៏បានឲ្យដឹងត្រួសៗផងដែរ អំពីដំណើរការលម្អិតនៃប្រតិបត្តិការសង្រ្គោះ នៅក្នុងរយៈពេល ៣ថ្ងៃកន្លងទៅ គឺចាប់តាំងពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ។
ឃ្លីបវីដេអូមិនបានបង្ហាញពីរូបភាពនៃប្រតិបត្តិការសង្រ្គោះនៅពេលមុជក្រោមទឹកនោះទេ ក៏ប៉ុន្តែ ប្រភពពីក្រុមសង្រ្គោះបានបញ្ជាក់លម្អិតប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ីថា ក្មេងនីមួយៗត្រូវបានគេបំពាក់ម៉ាស់អុកស៊ីសែនពេញផ្ទៃមុខទាំងស្រុង ពោលគឺ មិនខាំប្រដាប់ដកខ្យល់អុកស៊ីសែននៅនឹងមាត់ដូចជាអ្នកដែលចេះមុជទឹកនោះទេ ហើយម្យ៉ាងទៀត ក្មេងម្នាក់ៗត្រូវគេចងខ្សែភ្ជាប់ទៅនឹងអ្នកជំនាញមុខទឹកម្នាក់ ក្នុងចំណោមអ្នកជំនាញមុជទឹកពីរនាក់ ដែលនៅអមក្មេង ដោយម្នាក់នាំមុខ ហើយម្នាក់ទៀតនៅពីខាងក្រោយ។ បំពង់អុកស៊ីសែនដែលក្មេងត្រូវដកដង្ហើមក៏ត្រូវក្រុមអ្នកជំនាញមុជទឹកពីរនាក់នេះកាន់ឲ្យផងដែរ។
ចំណែកនៅក្នុងដំណាក់កាលដែលនៅលើទឹកវិញ ដែលបង្ហាញឲ្យឃើញក្នុងឃ្លីបវីដេអូ គេអាចសង្កេតឃើញថា នៅគ្រប់ពេលទាំងអស់ ក្មេងនីមួយៗដែលទំនងជាមិនដឹងខ្លួនផងនោះ ត្រូវគេដាក់នៅលើប្រង់កា ហើយក្រុមសង្រ្គោះជាអ្នកសែង ឬអូសកាត់ថ្ម និងកាត់ទឹក ចាប់តាំងពីនៅក្នុងរូងភ្នំ រហូតដល់ច្រកចេញ។
គួររំឭកថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានលេចឮព័ត៌មានថា ក្មេងៗទាំង ១២នាក់ ត្រូវបានគេដាក់ថ្នាំឲ្យសន្លប់នៅពេញក្នុងអំឡុងប្រតិបត្តិការសង្រ្គោះ។ ព័ត៌មានដែលត្រូវបានលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចេញមុខបដិសេធ កាលពីថ្ងៃអង្គារ ដោយលោកបានលើកឡើងថា មិនមានការដាក់ថ្នាំសន្លប់ដល់ក្មេងនោះទេ គឺមានត្រឹមតែឲ្យថ្នាំដើម្បីរំងាប់អារម្មណ៍កុំឲ្យក្មេងភ័យខ្លាច ឬតក់ស្លុតតែប៉ុណ្ណោះ ជាពិសេស គឺនៅពេលត្រូវមុជក្រោមទឹក ឆ្លងកាត់ច្រកចេញដ៏ងងឹត និងតូចចង្អៀត។
ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់នៃកងកុម្ម៉ង់ដូជើងទឹកថៃ គឺលោក ឆៃយ៉ាណាន់ ភីរ៉ាណារ៉ុង បានប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េនៅថ្ងៃពុធថា គឺពិតជាមានដាក់ថ្នាំសណ្តំដល់ក្មេងពិតមែន នៅក្នុងអំឡុងប្រតិបត្តិការសង្រ្គោះ ដោយក្មេងខ្លះត្រូវដេកលក់ទាំងស្រុង ហើយខ្លះទៀតនៅក្នុងស្ថានភាពពាក់កណ្តាលដេកលក់ និងពាក់កណ្តាលដឹងខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ