អានតួអត្ថបទ

Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស​ប្រកាស​លាឈប់​ពីមុខតំណែង

លោកស្រី តេរេសា មេ (Theresa May) បាន​ប្រកាស​នៅថ្ងៃ​សុក្រ​នេះ​ថា លោកស្រី​នឹង​លាឈប់​ពីមុខ​តំណែង​ជា​​នាយករដ្ឋមន្រ្តី​អង់គ្លេស ចាប់ពីថ្ងៃ​សុក្រ ទី៧​មិថុនា​ខាងមុខ។ ការប្រកាស​លាឈប់ពីតំណែង​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​លោកស្រី​បាន​ព្យាយាម​ជាច្រើន​លើក តែ​មិន​បាន​សម្រេច ក្នុងការ​​ជំរុញ​ឲ្យ​សភា​អង់គ្លេស​អនុម័ត​កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

លោកស្រី តេរេសា មេ (Theresa May) នាយករដ្ឋមន្រ្តី​អង់គ្លេស នៅពេលប្រកាស​លាឈប់​ពីមុខតំណែង ថ្ងៃទី២៤ ឧសភា ២០១៩
លោកស្រី តេរេសា មេ (Theresa May) នាយករដ្ឋមន្រ្តី​អង់គ្លេស នៅពេលប្រកាស​លាឈប់​ពីមុខតំណែង ថ្ងៃទី២៤ ឧសភា ២០១៩ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

“នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ កាលណា​យើង​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​​ធ្វើការ​ជ្រើសរើស យើង​មាន​កាតព្វកិច្ច​ត្រូវតែ​អនុវត្ត​ទៅតាម​ការសម្រេច​របស់​ប្រជាជន”  នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោកស្រី តេរេសា មេ នៅ​ពេល​ប្រកាស​លាឈប់​ពីមុខ​តំណែង នៅថ្ងៃ​សុក្រ ២៤ឧសភា​នេះ ដោយ​លោកស្រី​បាន​រំឭកថា ការចាកចេញ​ពី​សហភាព​អឺរ៉ុប វា​គឺ​ជា​ការ​សម្រេច​របស់​ពលរដ្ឋ​អង់គ្លេស នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ កាល​ពីឆ្នាំ២០១៦​កន្លងទៅ។

លោកស្រី​ប្រមុខរដ្ឋាភិបាល​អង់គ្លេស​បាន​បង្ហាញ​នូវ​ “ការសោកស្តាយជាពន់ពេក” ដែល​មិន​អាច​អនុវត្ត​ទៅតាម​ការ​សម្រេច​របស់​ប្រជាជន​នេះ​បាន។ ក្នុង​ពេល​ជាមួយគ្នា លោកស្រី​ក៏​បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា លោកស្រី “បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាមដែល​ខ្ញុំ​អាច​ធ្វើ​ទៅបាន ដើម្បី​ជំរុញ​ឲ្យ​សមាជិក​សភា​អនុម័ត​កិច្ចព្រមព្រៀង​នេះ”  ក៏ប៉ុន្តែ​មិន​អាច​សម្រេច​បាន។ ហេតុដូច្នេះហើយ​បាន​ជា​លោកស្រី​សម្រេច​លាឈប់​ពីមុខ​តំណែង ដើម្បី​ទុក​ឲ្យ​នាយករដ្ឋមន្រ្តី​ថ្មី​ឡើងមក​ធ្វើការ​នេះ​វិញ​ម្តង។

គួររំឭកឡើងវិញ​ថា លោកស្រី តេរេសា មេ បានឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ លោកស្រី​បាន​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ហើយ​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​មួយ ដែល​កំណត់​អំពី​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស ព្រមទាំង​កំណត់​អំពី​ទំនាក់ទំនង រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប នៅ​ក្រោយ​ពេល​ចាកចេញ។

លោកស្រី​បាន​ដាក់​កិច្ចព្រមព្រៀង​នេះ​ឲ្យ​សភា​អង់គ្លេស​អនុម័ត​ដល់​ទៅ៣លើក ក៏ប៉ុន្តែ អនុម័ត​ចេញ​ពី​សភា​មិន​រួច ទើប​ធ្វើ​ឲ្យអង់គ្លេស​មិន​អាច​ចេញ​ពី​សហភាព​អឺរ៉ុប​រួច ទៅតាម​កាល​កំណត់ ហើ​យត្រូវ​លើកពេល​មួយលើក​ជាពីរលើក។

លោកស្រី តេរេសា មេ ស្ថិត​ក្នុង​ចំណោម​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​កាន់តំណែង​បាន​ខ្លី​បំផុត ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២ ក៏ប៉ុន្តែ លោកស្រី​ក៏​ប្រាកដ​ជា​នឹង​ត្រូវ​គេ​ចងចាំ​ផងដែរ​ថា​ជា​នាយករដ្ឋមន្រ្តី ដែល​កាន់ចង្កូត​ប្រទេស នៅ​ក្នុង​សម័យកាល​ដ៏​សែន​ច្របូកច្របល់​បំផុតមួយ នៅ​ក្នុង​ប្រវត្តិ​នយោបាយ​សម័យ​ទំនើប​របស់​រាជាណាចក្រ​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ