rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

ដោយ អ៊ុង គឹមអ៊ាន់

ប្រតិបត្តិការវាយប្រហាររបស់តួកគី ទៅលើទីតាំងរបស់ក្រុមគួដឌីស្ថាន នៅក្នុងប្រទេសស៊ីរី នៅតែបន្តកើតមាន បើទោះជាមានការរិះគន់ខ្លាំងក្លា និងគ្រប់ទិសទីពីសំណាក់ សហគមន៍អន្តរជាតិយ៉ាងណាក្តី។ រឿងដ៏គួរឲ្យចាប់អារម្មណ៍ដែរនោះ គឺថា លោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន បានប្រកាសបន្តប្រតិបត្តិការសឹក ដោយមិនខ្លាច ពាក្យគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំទៀតផង។

តើអាមេរិក បានបញ្ចេញប្រតិកម្មអ្វីខ្លះ ចំពោះការវាយប្រហាររបស់តួកគី ទៅលើក្រុមគួដឌីស្ថាននៅស៊ីរី? តើសម្ពាធអន្តរជាតិ ដែលកំពុងហ៊ុមព័ទ្ធជិតជុំ ពីគ្រប់មជ្ឈដ្ឋាន អាចបង្ខំឲ្យតួកគី បញ្ឈប់សកម្មភាពសឹកនៅស៊ីរីដែរឬទេ?

ប្រតិកម្មគួរឲ្យកត់សម្គាល់របស់អាមេរិក ចំពោះប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី

អាមេរិក​របស់លោកដូណាល់ ត្រាំ រងការរិះគន់ខ្លាំង ពីសហគមន៍អន្តរជាតិ មានដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម ជុំវិញការសម្រេចដកកងទ័ពចេញពីស៊ីរី។ ជាការសម្រេចចិត្ត ដែលប្រៀបបីដូចជាបើកដៃឲ្យប្រទេសតួកគី របស់លោកប្រធានាធិបតីអ៊ែរដូហ្កាន ចូលវាយលុកលើពួកគួដឌីស្ថាន។

ក្រោយរងការរិះគន់ រងសម្ពាធខ្លាំងហួសស្មាន អាមេរិកបានប្រាប់ឲ្យតួកគីបញ្ឈប់នូវសកម្មភាពវាយប្រហារទាំងឡាយ ទាំងតាមរយៈផ្លូវគោក និងផ្លូវអាកាស ទៅលើក្រុមគួដឌីស្ថាន។ ក្រុមគួដឌីស្ថាន ដែលជាកងកម្លាំងជួរមុខ និងជាសម្ព័ន្ធមិត្តរបស់អាមេរិករយៈពេល៥ឆ្នាំ កន្លងមកហើយ ក្នុងការវាយប្រហារកម្ទេចពួកអង្គការរដ្ឋអ៊ីស្លាម-ជីហាត។

ដោយមើលថា សកម្មភាពវាយប្រហាររបស់តួកគី នៅតែបន្តមានឥតឈប់​ និងធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសស៊ីរីជ្រួលច្របល់ខ្លាំង កាលពីថ្ងៃសុក្រ ម្សិលមិញនេះ លោកដូណាល់ ត្រាំ បាននិយាយដោយបញ្ជាក់សាជាថ្មីអំពី គម្រោងដាក់ទណ្ឌកម្ម សម្លាប់សេដ្ឋកិច្ចតួកគី ក្នុងករណី ដែលតួកគីនៅតែគឃ្លើន បន្តប្រតិបត្តិការយោធានៅស៊ីរី។

លោកដូណាល់ត្រាំ បានបញ្ជាក់ច្បាស់ៗថា ទោះបីបានសម្រេចដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី យ៉ាងណាក្តី ក៏អាមេរិករបស់លោកមិនបោះបង់ក្រុមគួដឌីស្ថានចោលឡើយ។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏បានអះអាងដែរថា លោកមិនចង់ឃើញ សមាជិកក្រុមគួដឌីស្ថានណាម្នាក់ ត្រូវគេសម្លាប់នោះដែរ។

តែទោះបីជាបានប្រកាសអំពីលទ្ធភាព ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរទៅលើសមភាគីតួកគី យ៉ាងណាក្តី ក៏អាមេរិករបស់លោកដូណាល់ ត្រាំ នៅមិនទាន់បញ្ជាក់ច្បាស់ ថាទណ្ឌកម្មនឹងដាក់ឲ្យចូលជាធរមាន នៅពេលណាឲ្យប្រាកដនោះទេ។

រហូតមកដល់ពេលនេះ គេគ្រាន់តែដឹងថា គ្រប់សមាជិកសភាអាមេរិក ទាំងមកពីគណបក្សប្រជាធិបតេយ្យ និង បក្សសាធារណរដ្ឋ សុទ្ធតែគាំទ្រឲ្យដាក់ទណ្ឌកម្មទៅលើតួកគី។ ជាមួយគ្នានេះផងដែរ មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ គឺលោក Steven Mnuchin បានឲ្យដឹងថា លោកដូណាល់ ត្រាំ បានសម្រេចយល់ព្រមលើគម្រោងដាក់ទណ្ឌកម្ម ទៅលើតួកគីហើយ ក៏ប៉ុន្តែនៅឡើយតែដាក់វាចូលជាធរមានតែប៉ុណ្ណោះ។

តួកគី បន្តសកម្មភាពវាយប្រហារ ហាក់មិនខ្លាចទណ្ឌកម្មរបស់អាមេរិក

នេះមិនមែនជាលើកទី១ នោះទេ ដែលលោកដូណាល់ ត្រាំ និងមន្ត្រីអ្នកមុខអ្នកការ របស់លោក លើកឡើងអំពីការដាក់ទណ្ឌកម្មលើតួកគី។ ជាក់ស្តែង កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លោកត្រាំ ក៏បានគំរាមចំៗមុខតួកគីដែរ ថាបើតួកគី ហ៊ានតែបើកការវាយប្រហារហួសប្រមាណ ហួសហេតុនៅប្រទេសស៊ីរី នោះអាមេរិកនឹងដាក់ទណ្ឌកម្ម ដុតបំផ្លាញសេដ្ឋកិច្ចតួកគីឲ្យខ្ទេចជាមិនខាន។

តែទោះជាបែបនេះក្តី តួកគី ហាក់បីដូចជាមិនខ្លាចរអា ឬក៏ញញើតនឹងសម្តីគម្រាម របស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំសោះឡើយ ហើយការដែល តួកគី នៅតែបន្តការវាយលុកនៅស៊ីរី មិនខ្លាច មិនអើពើនឹងសម្តីលោកត្រាំ អាចថាមកពី មេដឹកនាំតួកគីលោកអ៊ែរដូហ្កាន គិតថា លោកដូណាល់ ត្រាំ គ្មានឆន្ទៈពិតប្រាកដ ឬក៏មានឆន្ទៈមិនមុតស្រួច ក្នុងកិច្ចការពារយុទ្ធជនគួដឌីស្ថាន។

ដូច្នោះហើយទើបបានជា លោកអ៊ែរដូហ្កាន ចេញមុខប្រកាសថា នៅតែបន្តសកម្មភាពសឹក មិនឈប់ឡើយ។ ហើយវាពិតដូចអ្វីដែល លោកប្រមុខដឹកនាំ រដ្ឋាភិបាលតួកគី បានលើកឡើងមែន គេនៅឃើញ ទាហានតួកគីបន្តប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងរបស់ពួកគួដឌីស្ថាននៅស៊ីរីឥឥឈប់។

ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញវេលាម៉ោង ៩ យប់ ម៉ោងនៅក្នុងប្រទេសស៊ីរី កងទ័ពតួកគី ទើបតែបានបើកការវាយប្រហារថ្មីមួយទៀត ក្នុងទឹកដីស៊ីរី ក្បែរទីតាំងរបស់ក្រួមកួដ។ 

ផលវិបាក ដែលបង្កឡើងដោយសកម្មភាពយោធារបស់តួកគី ក្នុងទឹកដីស៊ីរី 

ប្រតិបត្តិការរបស់ទាហានតួកគី ក្នុងទឹកដីស៊ីរី រាប់ចាប់តាំងពីថ្ងៃពុធ ទី៩ តុលា មក បានបង្កជាផលវិបាក យ៉ាងច្រើននៅក្នុងទឹកដីស៊ីរី ដែលកំពុងរងគ្រោះ និងហែកហួរដោយសារសង្គ្រាម ដែលអូសបន្លាយតាំងពី ៨ ឆ្នាំមុនស្រាប់ទៅហើយ។

ក្រៅតែពីបង្កឲ្យមានភាពចលាចល ក្តីព្រួយបារម្ភ ប្រតិបត្តិការវាយប្រហារចំនួនបីដងរបស់តួកគី នៅស៊ីរី ក្នុងរយៈពេល៤ ថ្ងៃ មកនេះ បានបណ្តាលឲ្យមនុស្សជាង ១០ ម៉ឺននាក់ បាត់បងទីជំរក និងរត់ភៀសខ្លួន។ ក្រៅពីនេះ សកម្មភាពសឹករបស់តួកគី ក៏បានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ។

ក្នុងចំណោមនោះ មានជនស៊ីវិល ៣៤ នាក់បានស្លាប់ ដែលមាន ១៧ នាក់នៅខាងទឹកដីស៊ីរី និង ១៧ នាក់ផ្សេងទៀតនៅក្នុងទឹកដីតួកគី។ ជាមួយគ្នានេះ បើតាម ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី និយាយកាលពីថ្ងៃសុក្រម្សិលមិញ រហូតមកទល់នឹងពេលនេះ មានកងកម្លាំងគួដឌីស្ថានចំនួន ៥៤ នាក់ហើយបានស្លាប់ ខណៈពេលដែលគេរាយការណ៍ដែរថា ទាហានតួកគីចំនួន ៤ បានស្លាប់។ 

ពន្លឺសន្តិភាព-បទឈប់បាញ់ នៅក្នុងប្រទេសស៊ីរី

រហូតមកទល់នឹងពេលនេះ ស្ថានការណ៍អាសន្ន នៅតាមបណ្តោយព្រំដែនតួកគី-ស៊ីរី នៅមិនទាន់ធូរស្បើយបន្តិចសោះឡើយ។ តែទោះជាយ៉ាងណាក្តី សហគមន៍អន្តរជាតិ មានអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ ព្រមទាំងអង្គការសប្រជាជាតិជាដើមផង បានបង្កើនសម្ពាធជាខ្លាំង ដាក់ប្រទេសតួកគី ដើម្បីឲ្យតួកគី បញ្ឈប់ការវាយប្រហារ ដែលពួកគេគិតថាជាសកម្មភាពឈ្លានពានទឹកដីស៊ីរី។

រួមជាមួយគ្នានេះ រុស្ស៊ី និងចិន ដែលជាសុទ្ធតែប្រទេសមានទំនាក់ទំនងល្អជាមួយតួកគី ក៏បានចេញមុខ អំពាវនាវឲ្យតួកគី ដកចេញវិញនូវសកម្មភាពយោធា ក្នុងប្រទេសស៊ីរីផងដែរ។ ថាមិនត្រូវ សម្ពាធរបស់អន្តរជាតិ​ជុំទិសពីគ្រប់មជ្ឈដ្ឋាន បូករួមទាំងការប្រឈមនឹងទណ្ឌកម្មអាមេរិកផងនោះ អាចនឹងរុញច្រានឲ្យតួកគី នៅទីបំផុតទៅ ព្រមបញ្ឈប់ការវាយប្រហារ ទៅលើពួកគួដឌីស្ថាននៅស៊ីរី ក៏ថាបាន៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត