rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

ដោយ ឆន ឌីណា

ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រគល់​ជូន​ទៅសាស្ត្រាចារ្យអាមេរិកពីររូប គឺ​លោក William Nordhaus និង លោក ​Paul Romer ដែល​បាន​សិក្សា​ស្រាវជ្រាវ បង្កើតទ្រឹស្ដីថ្មី ដោយបញ្ចូលកត្តាធម្មជាតិ និងចំណេះដឹងក្នុងការវិភាគសេដ្ឋកិច្ច សម្រាប់រយៈពេលវែង។

ជ័យលាភីណូបែលត្រូវ​បាន​ប្រគល់​ជារៀងរាល់ឆ្នាំទៅឱ្យ​បុគ្គលទាំងឡាយណា​ដែល​បាន​រួមចំណែករករបកគំហើញថ្មីសម្រាប់ "ប្រយោជន៍មនុស្សជាតិ"។ ក្រៅពីវិស័យទាំងប្រាំដំបូង (រូបវិទ្យា គីមី អក្សរសិល្ប៍ វេជ្ជសាស្ត្រ និង​សន្តិភាព) វិទ្យាសាស្ដ្រសេដ្ឋកិច្ចជាពាន់រង្វាន់​ចុងក្រោយត្រូវ​បាន​បង្កើតឡើង​នៅឆ្នាំ១៩៦៨ សម្រាប់​ការ​ចងចាំដល់​លោក Alfred Nobel។

នៅឆ្នាំ២០១៨ ជ័យលាភីណូបែល​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច ​ត្រូវ​បាន​ប្រគល់ជូនសាស្ត្រាចារ្យអាមេរិក​ពីររូប គឺ​លោក William D. Nordhaus (​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Yale ) និង លោក Paul M. Romer (សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យ​ញូវយ៉ក) សម្រាប់ការរួមចំណែកបង្កើតទ្រឹស្ដីថ្មី ដោយបញ្ចូលកត្តាធម្មជាតិ និងចំណេះដឹងក្នុង​ការវិភាគម៉ាក្រូសេដ្ឋកិច្ចនៅរយៈពេលវែង។

បេះដូងនៃការសិក្សាសេដ្ឋកិច្ច

ការ​សិក្សា​ស្វែងយល់​ពីរបៀប​ដែល​មនុស្ស​ជាតិ​ត្រូវ​ប្រឈម​ជាមួយ​ធនធាន​មាន​កំណត់​គឺ​ជា​បេះ​ដូង​នៃការសិក្សា​សេដ្ឋកិច្ច។ មិន​ខុសពី​គោលការណ៍​បែបវិទ្យាសាស្រ្ដ សេដ្ឋកិច្ច​បាន​សង្កត់​ធ្ងន់​លើ បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុតក្នុង​ការ​ប្រើប្រាស់​ធនធាន​ទាំង​នោះ​ ដែល​ឆ្លុះ​បញ្ចាំងអំពី ធម្មជាតិ និង​ចំណេះ​ដឹង។ ធម្មជាតិ​​​ផ្តល់​ល័ក្ខខ័ណ្ឌ​ដែល​មនុស្ស​រស់​នៅ ខណៈចំណេះ​ដឹង​កំណត់​លទ្ធភាព​របស់​មនុស្ស​ក្នុង​ការ​គ្រប់គ្រង​​​ល័ក្ខខ័ណ្ឌ និង​ធនធាន​ទាំង​អស់​នោះ។ ក៏​ប៉ុន្តែ​ តាំង​ពីអតីតកាល​មក អ្នក​ប្រាជ្ញសេដ្ឋកិច្ច​​ ជាទូទៅ មិន​បាន​ផ្តោត​លើការ​សិក្សាពីរបៀបដែល​ធម្មជាតិ​ និង​ចំណេះ​ដឹង ត្រូវ​រងឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទេ ពីអាកប្បកិរិយារបស់​មនុស្ស។ ទើប​តែក្រោយមក លោក William D. Nordhaus និង លោក Paul M. Romer បាន​ពង្រីកវិសាលភាព​នៃ​ការវិភាគសេដ្ឋកិច្ចលើ​បញ្ហា​នេះនៅ​រយៈពេល​វែង​​ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​ទ្រឹស្ដី​កំណើន (Théorie de la croissance de Solow)​ របស់​លោក​ Robert Solow ជ័យលាភីណូបែល​សេដ្ឋកិច្ច​​ឆ្នាំ​១៩៨៧។

ទោះ​ជា​ពី​​អតីតកាល ឬ​ក៏​ពេល​​បច្ចុប្បន្ន ការ​បង្កើន​កំណើន​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​វាស់​វែង​ជាទូទៅ​ ដោយសូចនាករ ផលិតផល​ក្នុង​ស្រុកសរុប (ផ.ស.ស) ឬ​ផលិតផល​ជាតិសរុប (ផ.ជ.ស) គឺ​ជា​គោល​ដៅមួយ​ក្នុង​ចំណោមគោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​មួយ ឬ​រដ្ឋាភិបាលរបស់​សាកលលោក​ទាំងមូល។ កំណើន​នេះ​សំដៅ​ដល់​លទ្ធភាព​​ដែ​ល​ប្រទេស​មួយអាចបង្កើនការ​​ផលិត​ទំនិញ​ ឬ​សេវាកម្ម​បន្ថែមចូលទៅ​ក្នុង​សេដ្ឋកិច្ច ហើយនៅ​ទីបញ្ចប់ កំណើន​ទាំង​នេះនឹងរួម​ចំណែក​ដល់​ការ​បង្កើន​សុខុមាលភាព និង​ជីវភាព​របស់​មនុស្ស​ក្នុង​សង្គម​កាន់​តែ​ប្រសើរ។

អត្រា​កំណើនសេដ្ឋកិច្ចរួម​ចំណែក​​ដោយសារ​កត្តាពីរចម្បង​ ​ដែល​អាច​វាស់​វែង​បានជាតួលេខ។ នោះគឺ​ការ​ប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងម៉ាស៊ីន។ ទោះ​ជា​យ៉ាង​ណា ការ​រួម​ចំណែក​នៃ​កត្តា​ទាំង​ពីរ​នេះ​តំណាង​ឱ្យ​តែ​ប្រមាណ​៥០ភាគរយប៉ុណ្ណោះ ក្នុង​កំណើន​សេដ្ឋកិច្ច​ទាំងមូល។ ពីអតីតកាល​ អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ថា កត្តា​ផ្សេង​ទៀតក្រៅ​ពីកត្តា​មនុស្ស និង​ម៉ាស៊ីន គឺ​ជា​កត្តា​មិន​អាច​ពន្យល់​បាន។

ទ្រឹស្ដីសេដ្ឋកិច្ច​ពីមុនរបកគំហើញ​របស់ Romer និង Nordhaus

ក៏ប៉ុន្តែ នៅកំឡុង​ឆ្នាំ១៩៥០ លោក Robert Solow បាន​ដាក់​ជា​ចម្ងល់​ ដោយ​សង្កត់​ធ្ងន់​ថា កត្តា​ផ្សេង​ទៀត​ដែល​តំណាងឱ្យ​ប្រហែល​ជិត​ពាក់កណ្តាល​នោះ​ចាំ​បាច់​ត្រូវ​តែ​ពន្យល់ ហើយ​ក្រោយមក ​ទ្រឹស្ដីមួយ​ត្រូវ​បានបង្កើតឡើង​ ដោយមាន​ឈ្មោះ​ថា ​ទ្រឹស្ដី​កំណើន Solow។ ក្នុង​ទ្រឹស្ដី​នេះ Solow បាន​ធ្វើ​សេចក្តីសន្និដ្នាន​ថា កត្តា​បច្ចេកវិទ្យា​ដែល​មាន​ប្រភព​ពីកត្តា​ខាង​ក្រៅ ជាកត្តា​ផ្សេងមួយ​ទៀត​ដែលបាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ទាំង​មូល​ ហើយ​​វាជាសំណល់​ដែល​សល់​ពីការ​ដក​ចេញ​កត្តា​មនុស្ស និង​ម៉ាស៊ីន។ ទ្រឹស្ដី​របស់​ Solow ក៏​បាន​បង្ហាញផងដែរ​ថា នៅ​ថ្ងៃអនាគត ដោយសារ​កត្តា​បច្ចេកវិទ្យា​អាច​កើត​មាន​ឡើង​តែនៅរយៈពេល​ខ្លី នោះប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ នៅពេល​បច្ចុប្បន្ន​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​លឿននៅ​ពេល​ដំបូង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ប្រទេស​ជឿន​លឿន​នឹង​មាន​កំណើន​យឺត។ ហើយ​នៅថ្ងៃ​អនាគត​ខាង​មុខ សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​នឹង​ដើរ​ទាន់​គ្នា។  

ការរួមចំណែក​​របស់ Romer និង Nordhaus ក្នុង​របកគំហើញ​សេដ្ឋកិច្ច

ទោះ​ជា​យ៉ាង​ណា នៅ​អំឡុង​ចុង​ឆ្នាំ១៩៨០ ពោល​គឺ​ប្រមាណ៣០ឆ្នាំ​ក្រោយ​នៃ​ទ្រឹស្ដី​របស់ Solow ​សិស្ស​ថ្នាក់បណ្ឌិតម្នាក់គឺ ​លោក Paul Romer នៃ​សាកលវិទ្យាល័យ Chicago បាន​ចាប់​ផ្តើម​សិក្សា​លើ​ទ្រឹស្ដីកំណើនក្នុង​ (Théorie de la croissance endogène) ដោយ​ការ​អង្កេតលើ​ទិន្នន័យ​​ជាក់ស្ដែង ជាង១០០ប្រទេស​ ​តែទិន្នន័យបាន​បង្ហាញពី​ភាព​ប្រែប្រួល ​ពីមួយ​ប្រទេស​ទៅ​មួយ​ប្រទេស​ ទោះ​ជា​ក្នុង​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​អន់​ថយ ឬ​ក្រុម​ប្រទេសមាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ដូចគ្នា។ រឿង​នេះ​មិន​អា​ច​ពន្យល់​ដោយ​ទ្រឹស្ដី​របស់​ Solow បាន​ទេ។ លោក Paul Romer ​ពន្យល់​ថា កត្តា​ផ្សេង​ទៀត​ដែល​បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ទាំង​មូល​ក្រៅ​ពី​កត្តាមនុស្ស និង​ម៉ាស៊ីន គឺ​កើតចេញ​ពីកត្តា​ខាងក្នុង​តែម្ដង ពោលគឺ​ជាការវិនិយោគ​លើ​ គំនិត​ច្នៃប្រឌិត ចំណេះដឹង​ថ្មី ​ និង​បច្ចេកវិទ្យាថ្មី ដែល​រួម​ចំណែក​ដល់​ការ​បង្កើន​ផលិតភាព​របស់​ម៉ាស៊ីន និង​មនុស្ស។ ហើយ​របកគំហើញ​ថ្មី​អាចនឹង​រីកសាយភាយ​ពី​ទីផ្សារ​មួយ​ទៅ​ទីផ្សារ​មួយ​ ឬ​ពី​ប្រទេស​មួយ​ទៅប្រទេស​មួយ។

ទ្រឹស្ដីថ្មី​នេះ​ជា​បដិវត្តន៍ផ្នត់គំនិត​មួយ​ក្នុង​វិទ្យាសាស្រ្ដ​សេដ្ចកិច្ច ដែលបានរុញ​ច្រាន​ឱ្យ​ប្រទេស​នីមួយ​ៗ​លើ​ពិភពលោក​ផ្តោត​ការ​វិនិយោគ​លើ ចំណេះដឹង គំនិត ឬ​ការ​ច្នៃ​ប្រឌិត​របស់មនុស្ស ហើយ​វា​ក៏​បាន​ធ្វើ​ឱ្យ​​លេចឡើង​នូវ ការ​អភិវឌ្ឍសាលា​អបរំគ្រប់គ្រងជំនួញ (Business Administration Education School ឬ École de Commerce) នៅ​សហរដ្ឋអាមេរិក និង​ក្រោយមក​ រីកសាយ​ភាយ​ពាសពេញ​ពិភពលោក។ ទ្រឹស្ដី​របស់ ​Romer ក៏​បាន​បង្កើតឱ្យ​មាន​ច្បាប់​ការពារ​កម្ម​សិទ្ធ​បញ្ញា ឬ​បណ្ណប៉ាតង់​នៃ​របកគំហើញ​ថ្មី ផងដែរ។

លើស​ពី​នេះ​ ដោយឈរលើមូលដ្ឋាន​គ្រឹះ​នៃ​ទ្រឹស្ដីរបស់ Solow ដូចគ្នា លោក William D. Nordhaus បាន​សិក្សា​ពី​ការរីកសាយភាយជា​អវិជ្ជមាន​នៃទង្វើ​របស់​ភា្នក់ងារ​សេដ្ឋកិច្ច លើ​បរិស្ថានធម្មជាតិ​របស់​ពិភពលោកទាំងមូល ដោយ​ផ្អែក​លើ ទិដ្ឋភាពជាក់ស្ដែង​នៃ​ការ​កើន​ឡើងស្តុក​ឧស្ម័នកាបូនិក និង​កំដៅ​លើ​ភពផែនដី។ ​ចុងក្រោយ​ ឥទ្ធិពលអវិជ្ជមាន​ទាំង​នោះ​នឹង​ប៉ះពាល់​ដល់​មនុស្ស​វិញ​នៅ​រយៈពេល​វែង​ខាង​មុខ។ ទ្រឹស្ដីរបស់Nordhaus បាន​ក្លាយ​ជា​មូល​ដ្ឋានគ្រឹះ​ដ៏ចម្បង​នៃ​ច្បាប់​កំណត់​បរិមាណ​ឧស្ម័នកាបូនិក និងគោលការណ៍នៃកិច្ចព្រមព្រៀងបម្រែបម្រួល​អាកាសធាតុពិភពលោក៕​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?

ចំនួន​និស្សិតចិន​សិក្សានៅ​អាមេរិក​ទំនងជាធ្លាក់ចុះ​​ ដោយសារ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​

អាស៊ាន​អាច​ជា​ចំណុច​ក្តៅជាងគេ​បើ​មាន​សង្រ្គាមត្រជាក់​រវាង​ចិន​និង​អាមេរិក

តើអ្វី​ជា​មូលហេតុ​ចម្បង​នៅពីក្រោយ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ចចិន?

អឺរ៉ុប ៖ ក្រោយ​ការបោះឆ្នោត ដល់វេលាប្រជែង​​គ្នា​​យក​​តំណែង​ដឹកនាំ​អឺរ៉ុប

ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

ហេតុអ្វីបានជាអ៊ីរ៉ាក់ទើសទាល់ចិត្តខ្លាំងម្ល៉េះនៅចំពោះមុខកំណើនតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក?

ការ​បោះឆ្នោតសភា​អឺរ៉ុប​និង​​គម្រោង​លុយ​អឺរ៉ូ​នៅ​១០​ឆ្នាំ​ក្រោយ​​វិបត្តិហិរញ្ញវត្ថុ​សាកល​

តើ​សភា​អឺរ៉ុប​មាន​តួនាទី​យ៉ាងណា​ខ្លះ ?

ដំឡើងពន្ធ​ជា​រឿង​ដ៏​រសើប តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវតែ​ធ្វើ?

ស្ថានការណ៍នឹងអាក្រក់ ហើយមហន្តរាយខ្លាំងជាងនៅអ៊ីរ៉ាក់ បើអាមេរិកសម្រេចវាយប្រហារអ៊ីរ៉ង់

ពលរដ្ឋចំណាកស្រុកក្នុងប្រទេសជប៉ុនកើនឡើងក្នុងអត្រាកំណត់ត្រាថ្មី

កងកុម្មង់ដូ Hubert៖ កំពូលកម្មង់ដូ ពូកែបំផុតរបស់បារាំង

តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?