rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ឌុយទែរតេ​គំរាម​បណ្តេញ​ទូត​អឺរ៉ុប​ទាំងអស់​ពី​ប្រទេស ​តែ​ក្រោយមក​ប្តូរជំហរ​មកវិញ

media
លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ REUTERS/Romeo Ranoco

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ បាន​ប្រកាស​គំរាម​បណ្តេញ​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ឲ្យ​ចេញ​ពី​ប្រទេស​ហ្វីលីពីន ក្នុងរយៈពេល ២៤ម៉ោង ក៏ប៉ុន្តែ មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​របស់​លោក​ឌុយទែរតេ​​បាន​ចេញមុខ​មក​ធ្វើការ​កែតម្រូវឡើងវិញ ដោយ​លើកឡើង​ថា ហ្វីលីពីន​មិនមាន​ផែនការ​បណ្តេញ​មន្រ្តី​ទូត​អឺរ៉ុប​នោះទេ ហើយ​ថា ការ​ប្រកាស​គំរាម​របស់​លោក​ឌុយទែរតេ កាល​ពី​ម្សិលមិញ​ គឺ​ធ្វើឡើង ដោយ​សារ​តែ​លោក​ជឿលើ​សេចក្តីរាយការណ៍​ខុស​របស់​សារព័ត៌មាន។


កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នៅពេល​ប្រកាស​គំរាម​ទាំងកំហឹង ចង់​បណ្តេញ​មន្រ្តី​ទូត​អឺរ៉ុប​ទាំងអស់​ចេញ​ពី​ហ្វីលីពីន ក្នុងរយៈពេល ២៤ម៉ោង លោក​ប្រធានាធិបតី​ឌុយទែរតេ បាន​ចោទ​រដ្ឋាភិបាល​បណ្តា​ប្រទេស​អឺរ៉ុប​ទាំងអស់​នោះ​ថា កំពុង​រៀបចំ​គម្រោងការណ៍​ធ្វើ​យ៉ាងណា​ឲ្យ​អ.ស.ប​បណ្តេញ​ហ្វីលីពីន​ពី​សមាជិកភាព។

នៅពេលនោះ លោក​ឌុយទែរតេ​មិន​បាន​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ការ​ចោទប្រកាន់​នេះទេ ក៏ប៉ុន្តែ ក្រោយ​មក អ្នក​នាំពាក្យ​របស់​លោក​បាន​ពន្យល់ថា លោក​ឌុយទែរតេ​សំអាង​លើ​ការ​ចុះផ្សាយ​ព័ត៌មាន ទាក់ទង​នឹង​ក្រុម​សមាជិក​សភា​អឺរ៉ុប ដែល​បំពេញទស្សនកិច្ច​នៅ​ហ្វីលីពីន ​ព្រមទាំង​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន កាល​ពីថ្ងៃ​ចន្ទ ​ធ្វើការ​ថ្កោលទោស​យុទ្ធនាការ​ប្រឆាំងគ្រឿងញៀន​របស់​លោក​ឌុយទែរតេ។​ បញ្ហា​ចោទ គឺ​នៅត្រង់​ថា អ្វីៗ​មិនបាន​កើតឡើង ដូចជា​ការ​អះអាង​របស់​លោក​ឌុយទែរតេ​នោះទេ។

ក្រោយ​ពី​មាន​ការ​គំរាម​របស់​លោក​ឌុយទែរតេ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​ចេញមុខ​ធ្វើការ​បកស្រាយ​ថា ដំណើរទស្សនកិច្ច​របស់​សមាជិក​សភា​អឺរ៉ុប​មួយ​ក្រុម ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នោះ គឺ​ធ្វើឡើង​ក្នុងនាម​សមាជិក​សភា​នីមួយៗ មិនមែន​ក្នុងនាម​ជា​គណៈប្រតិភូផ្លូវការ​របស់​សហភាព​អឺរ៉ុប​នោះទេ។ រដ្ឋាភិបាល​ហ្វីលីពីន តាមរយៈ​អ្នក​នាំពាក្យ​ប្រធានាធិបតី ក៏​បាន​ទទួលស្គាល់​ដូចគ្នា​នេះដែរ។

លើសពីនេះ​ទៅទៀត ក្រុម​សមាជិក​សភា​អឺរ៉ុប​ដែល​ទៅ​បំពេញទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ហ្វីលីពីននោះ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​បកស្រាយ​ផងដែរ​ថា ពួកគេ​មិនដែល​បាន​លើកឡើង​ពី​រឿង​គម្រោងការណ៍​ចង់​ឲ្យ​ហ្វីលីពីន​ត្រូវ​បណ្តេញ​ចេញ​ពី​អ.ស.ប​នោះទេ។ ចំណែក​អ្នក​យកការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រចាំ​​ប្រទេស​ហ្វីលីពីន​ បាន​ឲ្យដឹង​​​ថា នៅ​ក្នុង​ចំណោម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ធំៗ​ក្នុង​ស្រុក​របស់​ហ្វីលីពីន គេ​មិនឃើញ​មាន​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​រាយការណ៍​ពី​​រឿង​នេះ​ដែរ។

រហូតមកទល់​នឹង​ពេលនេះ ទាំង​លោក​ឌុយទែរតេ និង​ទាំង​មន្រ្តី​អ្នក​នាំពាក្យ​របស់​លោក មិនបាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយទេ​ថា សេចក្តីរាយការណ៍​ព័ត៌មាន​ណាមួយ​ពិតប្រាកដ ​ដែល​នាំ​ឲ្យ​លោក​ឌុយទែរតេ​យល់ខុស រហូត​គំរាម​បណ្តេញ​មន្រ្តី​ទូត​អឺរ៉ុប​ចេញ​ពី​ប្រទេស​ទាំងអស់​បែបនេះ៕