អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អាច​​មាន​ដំណោះស្រាយអ្វី​ចំពោះបញ្ហាប្រជាសាស្រ្ដអាស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថាម​ពល​សេដ្ឋកិច្ច​របស់ប្រទេស​មួយ​អាច​នឹង​ធ្លាក់​ថមថយ នៅ​ពេល​អត្រា​កំណើត​ បន្ត​ធ្លាក់​ចុះ ឬ​ចំនួន​មនុស្ស​ចាស់​ជរា ​កាន់​តែ​មាន​ចំនួន​ច្រើន​ ព្រោះ​មនុស្ស​ចាស់​មិន​សូវ​ចំណាយ​​ ដែល​វាអាច​​រុញ​ច្រាន​​​ឱ្យ​សកម្ម​ភាព​សេដ្ឋ​កិច្ច ​មិន​សូវ​មាន​ភាព​រស់​រវើក និង​ម្យ៉ាង​ដោយ​សារ​ ការ​រក​ឃើញ​របក​គំហើញ​ច្នៃ​ប្រឌិត​ថ្មី​ គឺ​កើត​ចេញ​តែ​ពី​ប្រជាពលរដ្ឋ​វ័យ​ក្មេង មិនមែនមនុស្សចាស់​នោះទេ។ តើ​អាច​មាន​ដំណោះស្រាយអ្វីខ្លះ ក្នុងបញ្ហាប្រជាសាស្រ្ដ នៅ​តំបន់​អាស៊ី?

នៅ​ជប៉ុន គិត​ត្រឹមឆ្នាំ២០១៧ អត្រា​មនុស្ស​ចាស់​ចាប់ពី​អាយុ៦៥ឆ្នាំឡើង មាន​រហូតដល់​ទៅ​ ២៧,៧% នៃ​ចំនួន​ប្រជាជន​សរុប
នៅ​ជប៉ុន គិត​ត្រឹមឆ្នាំ២០១៧ អត្រា​មនុស្ស​ចាស់​ចាប់ពី​អាយុ៦៥ឆ្នាំឡើង មាន​រហូតដល់​ទៅ​ ២៧,៧% នៃ​ចំនួន​ប្រជាជន​សរុប AFP/Yoshikazu TSUNO
ផ្សាយពាណិជ្ជកម្ម

ដើម្បីរក្សាថាមពល​សេដ្ឋកិច្ច​​​នៃ​ប្រជាជាតិ​មួយ ការរក្សាកំណើនប្រជាជនគឺ ជារឿងចាំបាច់ដែលត្រូវធ្វើ។ នៅពេលដែលប្រជាជន​វ័យចំណាស់ កាន់តែមានចំនួនច្រើន ស្របជាមួយ​អត្រាកំណើតកាន់តែមានចំនួនតិច នោះ​មិន​យូរ​មិនឆាប់ ចំនួន​ប្រជាជន​ជារួម​នឹង​បន្ត​​ធ្លាក់​ចុះ​។ ជាលទ្ធផល ថាមពលសេដ្ឋកិច្ចនឹងធ្លាក់​ថមថយ​ ម្យ៉ាងដោយសារតែ មនុស្សចាស់ហាក់មិនសូវចំណាយច្រើនដូចប្រជាជនវ័យក្មេង (ឬអំណាចទិញធ្លាក់ចុះ) និងម្យ៉ាងទៀត ដោយសារតែ គំនិតច្នៃប្រឌិតដែលជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចគឺ កើតចេញពីប្រជាជនវ័យក្មេង មិនមែនមនុស្សចាស់ នោះទេ។ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​អាច​ពិចារណា​នូវ​គោល​គំនិត​ខ្លះ​ ដូច​ខាង​ក្រោម ៖

គោល​គំនិត​ទីមួយ គឺ​ការ​​លើកទឹកចិត្តឱ្យមានការបង្កើតកូន ដោយការ​ផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ការថែទាំកុមារ ​ការ​ផ្តល់​ប្រាក់រង្វាន់បន្ថែមទៀតសម្រាប់ទារក ឬ​ក៏​ការ​ផ្តល់​​ឱ្យ​ឱពុក​ម្ដាយ​​​នូវ​ពេល​ឈប់​សម្រាក​មើល​កូន​យូរ និង​ការ​​សម្រួល​ឲ្យ​ឪពុក​អាច​ឈប់​សម្រាក​មើល​កូន​បាន ដោយ​មិន​ដាក់​បន្ទុក​តែលើ​ម្តាយ។ ទោះ​ជាយ៉ាង​ណា ប្រាក់រង្វាន់សម្រាប់ទារកមិនអាចផ្លាស់ប្ដូរអ្វីសំខាន់បានឡើយ។ ប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាលជំរុញ ការមានកូន មានឥទ្ធិពលតិចតួចណាស់ បើទោះជាការអនុវត្តនៅទីណាក៏ដោយ ពីព្រោះបញ្ហាមិនមែនស្ថិតនៅលើលុយនោះទេ ប៉ុន្តែមកពីការផ្លាស់ប្ដូររបៀបរស់នៅ និងបំណងប្រាថ្នារបស់មនុស្ស ជាពិសេសមនុស្សស្រី ដែលមិនចង់បង្កើតកូនច្រើន ឬមិនចង់មានកូនតែម្ដង នៅពេលដែល​ពួកគេ​​បានធ្វើដំណើរ និងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផ្សេងទៀតនៅជុំវិញពិភពលោក ហើយពួកគេបានស្គាល់រសជាតិនៃសេរីភាពការងារ និងមានឯករាជ្យភាពហិរញ្ញវត្ថុ។ ទោះបីជាប្រាក់លើកទឹកចិត្តទាំងនេះ កំពុងធ្វើឱ្យមានការផ្លាស់ប្ដូរនៅប្រទេសខ្លះ ដូចជាប្រទេសបារាំង ឬប្រទេសស៊ុយអែតក៏ដោយ ក៏ដំណើរការរបស់វាមានភាពយឺតយ៉ាវ និងត្រូវចំណាយថវិកាអស់ច្រើនណាស់។

គោល​គំនិតទីពីរ គឺ​ការប្រើប្រាស់គ្រឿងយន្ត ក៏អាច​មើលឃើញថាជា ដំណោះស្រាយមួយផងដែរ ដើម្បីជំនួសកម្លាំងមនុស្ស និងបង្កើនផលិភាព។ យោងតាមការព្យាករណ៍ របស់​ស្ថាប័ន PWC កម្លាំងគ្រឿងយន្តនឹងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចសាកលប្រមាណជា ១៤ភាគរយ នៅ ឆ្នាំ២០៣០។ ប៉ុន្តែ ពិភពលោកនឹងត្រូវប្រឈមជាមួយ​បញ្ហាមួយ​ផ្សេង​ទៀត គឺ​មនុស្សត្រូវបាត់បង់ការងាររបស់ខ្លួន ជាពិសេសបុគ្គលិកដែលមានជំនាញទាប។

គោល​គំនិតទីបី គឺ​ការទទួលយក​ពលរដ្ឋ​ចំណាក​ស្រុក។ ការទទួលយកពលរដ្ឋ​ចំណាក​ស្រុក​ អាចមានគោលដៅមិនត្រឹមតែ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនោះទេ ក៏ប៉ុន្តែ ​វា​ក៏​អាច​ធ្វើ​ឱ្យប្រទេសមួយ បង្កើតភាពវ័យឆ្លាតរបស់ពលរដ្ឋក្នុងប្រទេសទាំងមូលផងដែរ ដោយ​ការ​បញ្ចូល​មនុស្ស​ពូកែៗ​។ ប៉ុន្តែ បញ្ហាប្រឈមគឺថា ពលរដ្ឋក្នុងប្រទេសនឹងមានអារម្មណ៍ថា ប្រទេសកំណើត​ពួកគេ​ លែងក្លាយជាប្រទេសរបស់ខ្លួនទៀតហើយ តួយ៉ាងដូចជានៅ បារាំង អង់គ្លេស និងអាល្លឺម៉ង់។

អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែមានការធ្លាក់ចុះអត្រាកំណើត និងតម្រូវការកម្លាំងពលកម្ម បណ្ដាប្រទេសអឺរ៉ុបបាននាំយកពលរដ្ឋ​ចំណាក​ស្រុក ពីអាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអឺរ៉ុបបែកខាងកើត។ ពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ បានរួមចំណែកក្នុងការកាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងបញ្ហាប្រជាសាស្ត្រ ប៉ុន្តែវាក៏បានបង្កើតជាសំណុំនៃបញ្ហាយ៉ាងច្រើនរាប់មិនអស់ផងដែរ។ ក្នុងពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ អ្នកដឹកនាំកំពូលរបស់អឺរ៉ុបភាគច្រើន រួមមាន អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស​ លោក ដេវីត កាមេរ៉ូន (David Cameron) អតីត​ប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូស៊ី (Nicolas Sarkozy) និងអធិការបតី​អាល្លឺម៉ង់ លោក​ស្រី អង់ហ្គេឡា មែរកិល (Angela Merkel) បានប្រកាសរៀងៗខ្លួនថា “ពហុវប្បធម៌បានបរាជ័យ” ក្នុងប្រទេសរបស់ពួកគេ។

និយាយបែបម៉្យាងទៀត ពលរដ្ឋក្រុមដើមកំណើតទួរគី ដែលកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ មិនបានក្លាយខ្លួនជាពលរដ្ឋអាល្លឺម៉ង់ ហើយពលរដ្ឋអាល់ហ្សេរី និងទុយណេស៊ីក្នុងប្រទេសបារាំង ក៏មិនបានក្លាយជាពលរដ្ឋបារាំងដែរ។ ផ្ទុយទៅវិញ សង្គមផ្សេងទៀត ដូចជាសង្គម អាមេរិក កាណាដា អូស្ត្រាលី ឬសិង្ហបុរី នយោបាយទទួលពលរដ្ឋចំណូលថ្មី ហាក់ទទួលបានជោគជ័យជាង នេះក៏ដោយសារសង្គមនេះ អាចមានលទ្ធភាពសម្របពួកគេឱ្យសម្របខ្លួនបាន ​ព្រោះ​ពួកគេ​ជាប្រទេសគ្មានប្រវត្តិសាស្ត្រយូរអង្វែង និងជាស​ង្គម​គ្មានវណ្ណះ។

សរុប​ជារួម ដំណោះស្រាយនីមួយៗសុទ្ធតែភ្ជាប់ជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិ។ ដូច្នេះ ការ​អនុវត្ត​ជាក់ស្ដែង វា​អាស្រ័យទៅនឹងល័ក្ខខ័ណ្ឌ​ និង​បរិបទ របស់​ប្រទេសនីមួយ​ៗ​តែម្ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ