rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ដោយ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ ដែល​អាច​​នាំ​មនុស្ស​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ កាល​ពី​៥០ឆ្នាំមុន។

(មានវីដេអូនៅខាងក្រោម)

នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៦០ ពិភពលោក​កំពុង​ធ្លាក់​យ៉ាងជ្រៅ​ទៅ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​​ការ​ប្រកួតប្រជែងគ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើតមានឡើង​យ៉ាង​ក្តៅគគុក និង​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ រាប់​ចាប់តាំង​ពី​ខាង​យោធា ​នយោបាយ និង​សេដ្ឋកិច្ច រហូត​ទៅដល់​វិស័យ​បច្ចេកវិទ្យា​ និង​អវកាស។

តាមការពិត​ទៅ វិស័យ​អវកាស​នេះ​មាន​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​ច្រើន​ទៅនឹង​វិស័យ​យោធា ជាពិសេស គឺ​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ដែល​បន្សល់ទុក​ពី​អាល្លឺម៉ង់​ណាហ្ស៊ី គឺ​រ៉ុកកែត V-2 ដែល​​អ្នក​វិទ្យាសាស្រ្ត​របស់​ហ៊ីត្លែរ​បាន​ផលិត នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ហើយ​ដែល​ជា​រ៉ុកកែត​លើកដំបូងបង្អស់​នៅក្នុង​ប្រវត្តិនៃ​មនុស្ស​ជាតិ ដែល​អាច​ហោះ​ទៅ​ចេញ​ផុត​ពី​ព្រំដែន​នៃ​បរិយាកាស​​ភពផែនដី​ចូល​ទៅដល់​ក្នុង​ទីអវកាស។

ក្រោយ​ពី​អាល្លឺម៉ង់​ចាញ់​សង្រ្គាម អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​ជាច្រើន​នាក់ ដែល​ជំនាញ​ខាង​បច្ចេកវិទ្យា​ផលិត​រ៉ុកកែត V-2 (ជា​ពិសេស​អ្នក​វិទ្យាសាស្រ្ត​ឈ្មោះ Wernher Von Braun) ត្រូវ​បាន​អាមេរិក​​លួច​ជន្លៀស​ដោយ​សម្ងាត់ យក​​ចេញ​ពី​អាល្លឺម៉ង់​ទៅ​អាមេរិក ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា សូវៀត​ដែល​បាន​វាយដណ្តើម​កាន់កាប់​ប្រទេស​អាល្លឺម៉ង់​មួយ​ផ្នែក​ធំ​នោះ ក៏​បាន​ចាប់ខ្លួន​អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​មួយ​ចំនួន ព្រមទាំង​បាន​រឹបអូស​យក​ឯកសារ និង​ប្លង់​មេ​នៃ​រ៉ុកកែត V-2 នេះ​បាន​យ៉ាងច្រើន​ផងដែរ។

តាមរយៈ​បច្ចេកវិទ្យា​អាល្លឺម៉ង់​​នេះ​ហើយ ដែល​អាមេរិក និង​សូវៀតអាច​បង្កើត​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប និង​ក្រោយ​មក​ទៀត ផលិត​រ៉ុកកែត សម្រាប់​ប្រើ​នៅក្នុង​ការ​ប្រកួតប្រជែង​ខាង​អវកាស។ ក៏ប៉ុន្តែ នៅ​ក្នុង​វិស័យ​អវកាស​នេះ សហភាព​សូវៀត​មាន​ភាព​ជឿនលឿន​ទៅមុខ​ច្រើន​ជាង​សហរដ្ឋ​អាមេរិក។

នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ សហភាព​សូវៀត​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​​​​​បាញ់​បង្ហោះ​​នូវ​ផ្កាយរណប​មួយ ឈ្មោះ​ថា Sputnik ដាក់ទៅ​ក្នុង​តារាវិថី ជុំវិញ​​ភពផែនដី។ ជោគជ័យ​ក្នុងការ​បាញ់​បង្ហោះ​ផ្កាយ​រណប Sputnik នេះ បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​​ភ័យ​ឆោឡោ ដោយ​ម្យ៉ាង​បារម្ភ​ពី​ការ​គំរាមកំហែងផ្នែក​​សន្តិសុខ​ដែល​អាច​បង្កឡើង​ដោយ​សហភាព​សូវៀត​ពី​ទីអវកាស​ផង និង​បារម្ភ​ផងដែរ ខ្លាច​ដើរ​មិនទាន់​សូវៀត​ខាង​បច្ចេកវិទ្យា។

នៅ​ពេលនោះហើយ ដែល​សហរដ្ឋ​អាមេរិក ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី ដ្វៃ អៃសិនហូវ័រ (Dwight Eisenhower) ចាប់ផ្តើម​​ងាក​មក​​ផ្តោត​អាទិភាព​​លើ​វិស័យ​អវកាសនេះ​ដែរ  ដោយ​​បាន​បង្កើត​ស្ថាប័ន​ជំនាញ​មួយ​ឲ្យ​ទទួល​បន្ទុក​អភិវឌ្ឍ​កម្មវិធី​អវកាស គឺ​ទីភ្នាក់ងារ​ណាសា (National Aeronautics and Space Administration) នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ១៩៥៨។

ក្រោយ​ពី​បាន​បង្កើត​ឡើង​ភ្លាម ណាសា​បាន​បង្កើត​កម្មវិធី​អវកាស​ទីមួយ​របស់​ខ្លួន ដោយ​ដាក់​ឈ្មោះ​ថា “Mercury Program” ដោយ​បាន​ដាក់​ចេញ​នូវ​គោលដៅ​ចម្បងមួយ គឺ​បញ្ជូន​អវកាសយានិក​​ឲ្យ​ហោះចេញ​ទៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី រួចហើយ​វិលត្រឡប់​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព។ តាមគម្រោង អាមេរិក​ចង់​សម្រេច​គោលដៅ​បញ្ជូន​អវកាសយានិក​ទៅ​ក្នុង​ទីអវកាស​នេះ​ឲ្យ​បាន​មុន​សហភាព​សូវៀត ក៏ប៉ុន្តែ ជាថ្មី​ម្តងទៀត កម្មវិធី​អវកាស​របស់​អាមេរិក​នៅតែ​ដើរយឺតមួយ​ជំហាន​ក្រោយ​សហភាព​សូវៀត។

នៅថ្ងៃ​ទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិក​សូវៀត យូរី ហ្កាហ្ការីន (Yuri Gagarin) គឺ​ជា​មនុស្ស​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​ធ្វើ​ដំណើរ​​ទៅ​ក្នុង​ទីអវកាស ដោយ​បាន​ហោះ​ក្នុង​គន្លង​តារាវិថី មួយ​ជុំ​ភពផែនដី រួចហើយ​វិលត្រឡប់​មក​ចុះចត​លើ​ផែនដី​វិញ​ដោយ​សុវត្ថិភាព។ ជិតមួយខែ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី៥ ខែ​ឧសភា ទើប​អាមេរិក​អាច​បញ្ជូន​អវកាសយានិក​របស់​ខ្លួន គឺ​ អាឡាន់ ស្ហេប៉ាដ (Alan Shepard) ឲ្យ​ហោះ​ចេញ​ទៅ​ក្នុង​ទីវអកាស​ ប៉ុន្តែ​ក៏​ នៅមិនទាន់​អាច​ហោះ​មួយ​ជុំ​​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី​ដូច​សូវៀត​នៅឡើយ​នោះដែរ។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ១៩៦២ ពោលគឺ ដល់​ទៅ​ជិត​១ឆ្នាំ​ក្រោយ​សហភាព​សូវៀត ទើប​អាមេរិក​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ដោយ​បាន​បញ្ជូន​អវកាសយានិក (John Glenn) ឲ្យ​ទៅ​ហោះ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី។

កាល​ពី​​ខែ​មេសា ឆ្នាំ១៩៦១ នៅ​ពេល​ដែល​ យូរី ហ្កាហ្ការីន ទទួល​ជោគជ័យ​ក្នុងការ​ហោះ​ក្នុងគន្លង​តារាវិថី​ជុំវិញ​ភពផែនដី សហរដ្ឋ​អាមេរិក​ទើប​នឹង​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក ចន កេណេឌី (John F Kennedy) ដែល​បាន​ជាប់​ឆ្នោត កាល​ពី​ខែវិច្ឆិកា​ឆ្នាំ១៩៦០ ហើយ​ទើប​នឹង​ឡើង​មក​កាន់​តំណែង​ជា​ផ្លូវការ កាល​ពី​៤ខែមុន។

នៅ​ក្នុង​ខែ​មេសា​នោះ ក្រៅពី​បរាជ័យ​មិន​អាច​បញ្ជូន​អវកាសយានិក​ទៅ​ក្នុង​ទីអវកាស​បាន​មុន​សហភាព​សូវៀត អាមេរិក​ក៏​ត្រូវ​ប្រឈម​នឹង​បរាជ័យ​ដ៏​អាម៉ាស់​មួយ​ទៀត​ផងដែរ គឺ​បរាជ័យនៃ​ប្រតិបត្តិការ​របស់​សេអ៊ីអា​ក្នុង​ការ​ចូល​ឈ្លានពាន​ប្រទេស​គុយបា... ​ប្រតិបត្តិការ ដែលគេតែង​ស្គាល់​ជា​ទូទៅ​ថា “Bay of Pigs Invasion”។

ប្រឈម​នឹង​បរាជ័យ​ផ្ទួនៗ​គ្នា​នេះ អាមេរិក​ត្រូវការ​ជាចាំបាច់​ស្វែងរក​ជោគជ័យ​ណាមួយ ដើម្បី​ស្តារមុខមាត់​របស់​ខ្លួន​ឡើងវិញ ហើយ​នៅ​ពេលនោះ ​វិស័យ​អវកាស គឺ​ជា​ចំណាប់អារម្មណ៍​ដ៏​ចម្បងមួយ​របស់លោក​ចន កេណេឌី។ លោក​ចន កេណេឌី​ក៏​បាន​​ចេញ​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ធ្វើការ​សើរើ​មើល​ឡើងវិញ​នូវ​គម្រោង​អវកាស​របស់​ណាសា ដើម្បី​ធ្វើ​យ៉ាងណា​ប្រជែង​យក​ឈ្នះ​សហភាព​សូវៀតឲ្យ​បាន ហើយចំណុច​ដែល​គេរំពឹងថា​នឹង​អាច​ប្រជែង​ឈ្នះ​សូវៀតបាន​ គឺ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ។

​នៅ​ថ្ងៃ​ទី២៥​ខែ​ឧសភា​ឆ្នាំ១៩៦១ លោក​ចន កេណេឌី បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ នៅ​ចំពោះ​មុខ​សភា​អាមេរិក ដោយ​​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក​មិនត្រឹមតែដាក់​ចេញ​នូវ​គោលដៅ​​​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ​ប៉ុណ្ណោះទេ ប៉ុន្តែ ថែម​ទាំង​បាន​កំណត់​ពេល​យ៉ាង​ច្បាស់​ថា អាមេរិក​នឹង​ធ្វើ​រឿងនេះ​ឲ្យ​បាន នៅ​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ៦០។

នៅ​ពេលនោះហើយ ដែល​គម្រោង​អវកាស​​ថ្មី​មួយ​ត្រូវ​បាន​ណាសា​បង្កើតឡើង ដោយដាក់​ឈ្មោះ​ថា “អាប៉ូឡូ” (Apollo Program)។

នៅ​ពេលនោះ បច្ចេកវិទ្យា​អវកាស​អាមេរិក​នៅ​មាន​ភាព​យឺតយ៉ាវ​ច្រើន​នៅឡើយ។ អាមេរិក​ទើប​នឹង​អាច​បញ្ជូន​អវកាសយានិក​​ទៅ​ក្នុង​ទីអវកាស​បានតែម្តងប៉ុណ្ណោះ ហើយ​អវកាសយានិក​នេះ​ទៀត​សោត​ក៏​នៅ​មិនទាន់​ទាំង​អាច​ហោះ​បាន​ដល់​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី​នៅឡើយ​នោះផង។ ដូច្នេះ ដើម្បី​អាច​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ នៅ​ក្នុង​រយៈពេល​មិនដល់​១០ឆ្នាំ​ទៀត​ផង​នោះ ផ្លូវ​ដែល​ណាសា​ត្រូវ​ដើរ គឺ​នៅ​ឆ្ងាយ​សែន​ឆ្ងាយ។ ក៏ប៉ុន្តែ អ្វី​ដែល​ណាសា​មាន​នៅ​ក្នុង​ដៃ​នៅ​ពេលនោះ គឺធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ។

ដើម្បី​អាច​សម្រេច​តាម​គោលដៅ ហើយ​ប្រជែង​យក​ឈ្នះ​សូវៀត សភា​អាមេរិក​បាន​​ផ្តល់​នូវ​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅដល់​ណាសា ដោយ​គ្រាន់តែ​គម្រោង​អាប៉ូឡូ​មួយ ណាសា​ទទួល​បាន​នូវ​កញ្ចប់​ថវិកា​រហូតដល់​ទៅ​ ២៥ពាន់លាន​ដុល្លារ (ជាង ១៥០ពាន់លាន​ បើ​គិត​តាម​តម្លៃ​លុយ​ដុល្លារ​បច្ចុប្បន្ន) ហើយ​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​គម្រោង​អាប៉ូឡូ​នេះ គឺ​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៤០ម៉ឺននាក់​ ព្រមទាំង​​​ក្រុមហ៊ុន​តូចធំ​​ជាច្រើន​ផ្សេងទៀត ដែល​ធ្វើការ​ជាប់កិច្ចសន្យាឲ្យ​ណាសា នៅ​ក្នុង​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ​ឲ្យ​បាន​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ៦០៕

Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ