អានតួអត្ថបទ

លោក​​ដូណាល់ ត្រាំ បរិហាររិះគន់ FBI ចំពោះ​ហេតុការណ៍បាញ់រះ​នៅសាលារៀន​នៅ Florida

កាលពីថ្ងៃសៅរ៏ម្សិលមិញ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ បានចោទទៅលើ FBI​​ ថារវល់តែ​ពីសំណុំរឿង​ពាក់ព័ន្ធ​នឹង​​រុស្ស៊ីពេក ទើបបរាជ័យក្នុងការតាមដាន​សញ្ញាអាសន្នដែលអាចការពារកុំអោយ​រឿងបាញ់រះនៅ​សាលារៀននៅ​ Floridaកើតឡើងបាន។ ការចោទប្រកាន់នេះត្រូវបាន​ធ្វើឡើង បន្ទាប់ពីលោកត្រាំប្រឈមមុខ​នឹងការរិះគន់យ៉ាងខ្លាំង​ពីសំណាក់អ្នកដែលរស់រានមានជិវិតពីហេតុការណ៍នោះ​​។

លោក Donald Trump ពេលកំពុងថ្លែងសុន្ទរកថានៅសេតវិមាន នៅថ្ងៃទី១៥ ខែកុម្ភៈ ២០១៨
លោក Donald Trump ពេលកំពុងថ្លែងសុន្ទរកថានៅសេតវិមាន នៅថ្ងៃទី១៥ ខែកុម្ភៈ ២០១៨ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់​ ត្រាំ បានសរសេរនៅលើប្រព័ន្ធសង្គម Twitter ថា គួរអោយសោកស្ដាយខ្លាំងណាស់ដែល FBI ខកខានមិនបានសិក្សាសញ្ញា​មិន​ប្រក្រតី​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​អ្នកបាញ់កាំភ្លើងនៅរដ្ឋ Florida ហើយ​ថា វាជា​រឿង​ដែល​មិនអាចទទួលយកបាននោះទេ។ លោកដូណាល់ត្រាំ​បានបន្ថែមថា FBI កំពុងចំណាយពេលច្រើនជ្រុល​ហួសហេតុ ក្នុងការព្យាយាមស្វែងរកភស្តុតាង ដើម្បីបញ្ជាក់រឿងឃុបឃិតរបស់រុស្ស៊ីក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក តែលោកបានអះអាងថាពុំមានរឿងឃុតឃិតនោះទេ ហើយលោកទាមទារអោយ FBI ងាកមករកសំណុំរឿង​ចាំបាច់​សម្រាប់​ពលរដ្ឋ​អាមេរិក ដូចជាការបង្ការការបាញ់រះនេះវិញ។

មិនមានការឆ្លើយតបភ្លាមៗពី FBI ចំពោះការចោទប្រកាន់ចុងក្រោយរបស់លោក​ដូណាល់ត្រាំ​នេះទេ។

លោក​ដូណាល់ត្រាំ​បានចោទទៅលើ FBI បែបនេះបន្ទាប់ពី​រូបលោក​ខ្លួនឯង​ផ្ទាល់​​បានទទួលការរិះគន់យ៉ាងខ្លាំង ស្តីពី​ទំនាក់ទំនង រវាងលោក និងសមាគមការពារសិទ្ធប្រើប្រាស់កាំភ្លើងវែង (National Rifle Association) ដែលកាំភ្លើងវែងប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងហេតុការណ៍បាញ់រះជាច្រើនដែលបានកើតឡើងកន្លងមកនៅសហរដ្ឋអាមេរិក។

លើស​ពីនេះ​ទៅទៀត នៅ​ពេល​និយាយ​ទាក់ទង​នឹង​ការ​បាញ់​រះ​នៅ​ Florida លោក​ដូណាល់ត្រាំ​ក៏​បានលើកឡើង​ផងដែរថា មូលហេតុគ្រឹះដែលបណ្តាលអោយមានការបាញ់រះនេះ គឺដោយសារបញ្ហាផ្លូវចិត្ត ដោយ​លោកមិនបានលើកឡើងទាល់តែសោះ អំពី​បញ្ហា​ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងកាំភ្លើង។

ស្រ្តីវ័យក្មេងជនជាតិអាមេរិក ឈ្មោះ Gonzalez បានបញ្ចេញមតិថា រឿងហេតុទាំងនេះមានទាក់ទងទៅនឹងរឿងប្រើប្រាស់កាំភ្លើង ហើយកញ្ញាគិតថា លោកត្រាំនិយាយបែបនេះដោយសារលោកត្រាំធ្លាប់បានទទួលប្រាក់ពីសមាគមការពារសិទ្ធប្រើប្រាស់កាំភ្លើងវែង ចំនួន៣០លានដុល្លាក្នុងការគាំទ្រការឃោសនាបោះឆ្នោតរបស់លោកក្នុងឆ្នាំ២០១៦។

មតិរបស់ស្រ្តីរូបនេះ ត្រូវបានគេចែកចាយបន្ត ហើយ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​គ្នា​ដ៏​សំខាន់​មួយ នៅ​តាម​ប្រព័ន្ធ Twitter៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ