អានតួអត្ថបទ

លោក​ដូណាល់ត្រាំ​ទទួលជួប​លោក​ស្ហ៊ីនហ្សូអាបេ​មុន​ជំនួបកំពូល​ជាមួយ​លោក​គីមជុងអ៊ុន

លោក​ដូណាល់ត្រាំ​​ទទួល​ជួប​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ឯ​សេតវិមាន នៅថ្ងៃ​ព្រហស្បតិ៍​នេះ ៥ថ្ងៃ​មុន​បើក​ជំនួបកំពូល​ជាមួយ​លោក​គីម ជុងអ៊ុន នៅ​សិង្ហបុរី នៅថ្ងៃ​ទី១២មិថុនា​ខាងមុខ។ ជំនួប​​ថ្ងៃ​នេះ​មាន​សារៈសំខាន់​សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​តាំងពីដើម​មក តែងតែ​ព្យាយាម​បញ្ចុះបញ្ចូល​ដោយ​ទទូច​ឲ្យ​លោក​ដូណាល់ត្រាំ​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ជប៉ុន នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ជប៉ុន និង​អាមេរិក​ក៏​កំពុងតែ​មាន​ភាព​រកាំរកូសគ្នា​មិនតិចដែរ ទាក់ទង​នឹង​នយោបាយ​ពាណិជ្ជកម្ម​របស់​លោក​ដូណាល់ត្រាំ។

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន មុន​ពេល​ចាកចេញ​ពី​តូក្យូ​ទៅ​​វ៉ាស៊ីងតោន ថ្ងៃទី៦ មិថុនា ២០១៨
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន មុន​ពេល​ចាកចេញ​ពី​តូក្យូ​ទៅ​​វ៉ាស៊ីងតោន ថ្ងៃទី៦ មិថុនា ២០១៨ Kazuhiro Nogi/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ត្រាំ និង​លោក​ស្ហ៊ីនហ្សូ​អាបេ នឹង​ត្រូវ​មាន​វត្តមាន​រួមគ្នា នៅ​ក្នុង​ជំនួបកំពូល ក្រុម​ប្រទេស G7 នៅ​ក្នុង​ប្រទេស​កាណាដា នៅថ្ងៃ​សុក្រ។ ជំនួបកំពូល​ដែល​ធ្វើឡើង នៅ​ក្នុង​បរិយាកាស​ដ៏​សែន​តានតឹង ជាពិសេស ទាក់ទង​នឹង​ការ​កំណត់​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ ដាក់ចេញ​ដោយ​លោក​ដូណាល់ត្រាំ។​

ជប៉ុន ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​ក្រុម​ប្រទេស G7 សុទ្ធតែ​បាន​រិះគន់​​នយោបាយ​ពាណិជ្ជកម្ម​របស់​លោក​ដូណាល់ត្រាំ ហើយ​លោក​ស្ហ៊ីនហ្សូ​អាបេ​ផ្ទាល់ នៅមុនពេល​ចេញ​ដំណើរ​ពី​ទីក្រុង​តូក្យូ បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ពី​ជំហរ​របស់​លោក​ថា ការ​ចាត់វិធានការ​ដែល​នាំ​ទៅ​ដល់​ការ​រឹតបន្តឹង​ការដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​ណាមួយ​​ទាំងអស់។

ក៏ប៉ុន្តែ អាទិភាព​ចម្បង​បំផុត​របស់​​​លោក​ស្ហ៊ីនហ្សូ​អាបេ​ នៅ​ក្នុង​ជំនួបជាមួយ​​លោក​ដូណាល់ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​មិនមែន​ជជែក​អំពី​សង្រ្គាម​ពាណិជ្ជកម្ម និង​ជំនួបកំពូល​ក្រុម​ប្រទេស G7 ថ្ងៃ​​សុក្រ​​នេះទេ។ លោក​ស្ហ៊ីនហ្សូ​អាបេ​បានលើកឡើង​នៅ​មុន​ពេល​ចេញ​ដំណើរ​ពី​ទីក្រុង​តូក្យូ​ថា ការណ៍​ដែល​លោក​ឆៀងចូល​ជួប​លោក​ដូណាល់ត្រាំ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ គោលដៅ​ចម្បង​បំផុត គឺ​ដើម្បី​ជជែក​គ្នា អំពី​ជំនួបកំពូល រវាង​លោក​ដូណាល់ត្រាំ និង​លោក​គីមជុងអ៊ុន។

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បញ្ជាក់​ច្បាស់ៗ​ថា ជំនួបកំពូល​នៅសិង្ហបុរី នៅថ្ងៃ​ទី១២​មិថុនា​នេះ អាច​រាប់ថា​ជា​ជោគជ័យ​បាន​ ​លុះត្រា​តែ​​មាន​លទ្ធផល​ជាក់លាក់ ដែល​​នាំ​ឲ្យ​មាន​ភាព​ជឿនលឿន​នៅ​ក្នុង​ដំណោះស្រាយ​ទាំង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​និង​មីស៊ីល​​កូរ៉េ​ខាងជើង និង​ទាំង​ក្នុង​សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន​ដោយ​កូរ៉េ​ខាងជើង កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៧០​និង​៨០។

គេ​នៅចាំ​បានថា នៅ​ក្នុង​ជំនួប​ទ្វេភាគី​កាល​ពី​ខែមេសា​កន្លងទៅ លោក​ដូណាល់ត្រាំ​ធ្លាប់​បាន​សន្យា​ជាមួយ​លោក​ស្ហ៊ីនហ្សូ​អាបេ​ថា នឹង​លោក​នឹង​​លើក​ឡើង​ពី​​សំណុំរឿង​ចាប់ជំរិត​ជនជាតិជប៉ុន​នេះ​ នៅ​ក្នុង​ការចរចា​ជាមួយ​លោក​គីម​ជុងអ៊ុន។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​មើលឃើញ​ជា​ទូទៅ​ថា នេះ​​អាច​មិនមែន​ជា​សំណុំរឿង​ជា​អាទិភាព​របស់​លោក​ដូណាល់ត្រាំ​នោះទេ ហើយ​វា​អាច​នឹង​រឹតតែ​មិន​សូវ​ជា​មាន​អាទិភាព​ទៅទៀត នៅ​ក្នុង​ពេល​ដែល​ជប៉ុន និង​អាមេរិក កំពុងតែ​មាន​ភាព​រកាំរកូស​គ្នា​ខ្លាំង ក្នុង​រឿង​ពាណិជ្ជកម្ម​ដូចជា​សព្វថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ