rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ជំនួប​លើកទី២​រវាង​លោកត្រាំ​និង​លោក​គីម ជុងអ៊ុន​ គ្រោងធ្វើនា​​ចុងខែកុម្ភៈ​

ដោយ អ៊ុង គឹមអ៊ាន់

ក្រោយពីជនួបលើកទី២​ រវាង​ប្រធានាធិបតី​អាមេរិក​លោកដូណាល់ត្រាំ​ និង​ បុរសខ្លាំង​កូរ៉េខាងជើង​គឺ​លោក​គីម ជុងអ៊ុន​ ស្ថិតក្នុង​ភាពស្រពេចស្រពិល​អស់មួយរយៈពេល​រួចមក​ នៅទីបំផុតទៅ​ ភាគីខាងពីរ​ គ្រោងនឹងជួបគ្នាហើយ​នៅចុង​ខែកុម្ភៈ​ខាងមុខនេះ​។ គម្រោងពិភាក្សានេះ​ បានលេចចេញ​ជារូបរាងឡើង​ គឺបន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ និងជាដៃស្តាំ​របស់បុរសខ្លាំង​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ គឺ​លោកគីម ជុងឆូល​ បានទៅជួបចរចា​ជាមួយលោកត្រាំ​ នៅឯសេតវិមាន​ ក្នុង​ទីក្រុងវ៉ាស៊ីនតោន​ នាថ្ងៃសុក្រ​ ទី១៨​ មករា​ រួចមក​។ រហូតមកដល់ពេលនេះ​ គេនៅមិនទាន់​បានកំណត់ពី​ទីកន្លែង​ នៃជំនួបនេះ​នៅឡើយនោះទេ​ ក៏ប៉ុន្តែ​គេដឹងថា​ ប្រទេសវៀតណាម​អាចក្លាយម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​រវាង​លោកត្រាំ​ និងលោកគីម ជុងអ៊ុន​ នាពេលខាងមុខនេះ​។  

តើ​គម្រោង​ជួបគ្នា​លើកទី២​ រវាង​លោកត្រាំ​និង​លោក​គីម ជុងអ៊ុន​ នៅ​ដំណាច់​ខែកុម្ភៈ​ខាងមុខ​អាចកើតឡើង​មែនដែរឬទេ​?

រឿងដែលថា​ ជំនួប​រវាង​លោក​ដូណាល់​ ត្រាំ​ និង​លោក​គីម​ ជុងអ៊ុន​ ពិតជាអាច​កើតមាន​ឡើង​ពិតមែនឬយ៉ាងណា​? វា​ ជារឿង​ដែល​ពិបាកនិយាយខ្លាំងណាស់​។ ដូច​ដែលគេ​ដឹងស្រាប់ហើយថា​ លោកត្រាំ​និង​លោក​គីម ជុងអ៊ុន​ សុទ្ធតែជា​មេដឹកនាំ​ ចិត្តឆាវខ្លាំង​ ពិបាកមើលចិត្តឆ្លុះណាស់​ ហើយ​អាចផ្លាស់ប្តូរ​ការសម្រេចចិត្តផ្សេងៗបាន​ត្រឹម​មួយពព្រិចភ្នែក​ ប្រសិនណាបើ​មានអ្វីមិនពេញចិត្ត​កើតឡើង​នៅចំពាក់កណ្តាលផ្លូវ​។ ដូចជា​គ្រាកន្លងមក​ ទម្រាំបានជួបពិភាក្សាគ្នា​កាល​លើកទី១​ នៅក្នុង​ប្រទេសសិង្ហបុរី​ កាលពី​ខែមិថុនា​ ឆ្នាំ​ ២០១៨​ ដំណើរការនេះ​ត្រូវបានផ្អាក​ ពន្យាពេល​ លើកពេល​ជាច្រើនលើក​ច្រើនសារ​ ដោយសារ​លោកត្រាំ​ និង​លោកគីម ជុងអ៊ុន​ ប៉ះសម្តីគ្នា​ជាញឹកញយ​។

តែទោះជាយ៉ាងណាក្តី​ គម្រោង​ជួបពិភាក្សាគ្នាលើកទី២​ រវាង​ប្រធានាធិបតីអាមេរិកគឺលោក​ដូណាល់​ ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន នាដំណាច់ខែកុម្ភៈ​ក្រោយនេះ​ គេជឿថា​ទំនងជាអាច​កើតឡើងពិតប្រាកដមែន​។ វា​អាចកើតឡើងពិតប្រាកដមែន​ពីព្រោះថា​ ភាគីទាំងពីរ​ ពោលគឺ​ទាំងអាមេរិក​ និងកូរ៉េខាងជើង​ទំនងជា​មានឆន្ទៈមោះមុតមែន​ ក្នុងការ​ជួបចរចាជាមួយគ្នា​សារជាថ្មីម្តងទៀត​ ដើម្បី​ដោះស្រាយ​បញ្ហាទាក់ទងនឹង​ការរំលាយចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ប្រទេសកូរ៉េខាងជើង​។

សូមរឮកជូនថា​ គម្រោងជួបគ្នា​ជាលើកទី២​ រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ និង បុរសខ្លាំង​កូរ៉េខាងជើង​គឺលោក​គីម ជុងអ៊ុន​ ជា​លទ្ធផល​ដែលបានមកពី​ការជជែកពិភាក្សា​គ្នារយៈពេល​ប្រមាណជា​៩០ នាទី​ រវាង​មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​គឺ​លោក​គីម ជុងឆូល​ និង​លោកដូណាល់ត្រាំ​ ដែលបាន​ប្រព្រឹត្តទៅ​នៅថ្ងៃសុក្រ​ ទី១៨​ មករា​ម្សិលមិញនេះ​។

នៅត្រង់នេះដែរ​ គេអាច​ទាញសេចក្តីសន្និដ្ឋាន​បានថា​ បើសិនជា​ភាគីទាំងពីរ​មិនចង់ជួបគ្នា​ដើម្បី​ទម្លាយ​នូវរាល់ភាពទាល់ច្រក​នោះទេ​ សហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង​ ក៏មិនចាំបាច់​ប្រឹងប្រែង​ស្កាត់ជួបពិភាក្សាគ្នា​រយៈពេលយូរ​បែបនេះដែរ​។

ចំណុចចំបង​ដែលធ្វើឲ្យអាមេរិក​និងកូរ៉េខាងជើង​នៅមិនទាន់អាច​ស្វែងរក​ដំណោះស្រាយ​ជារួម​ទាំងស្រុងបាន​?

គួររឮកជូនថា ​លោក​ដូណាល់ ត្រាំ​ និង​លោក​គីមជុងអ៊ុន បានពិភាក្សាមានលើប្រធានបទ​ចំនួន៥ ​ក្នុងជំនួបលើកទី១​ ដែលបានប្រព្រឹត្តទៅ​នៅក្នុង​ប្រទេសសិង្ហបុរី​ កាលពី​ខែមិថុនា​ ឆ្នាំ២០១៨​ កន្លងទៅ​។ ប្រធានបទទាំងនោះ​រួមមានជាអាទិ៍​ ការ​រំសាយកម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​ ការចុះសន្ធិសញ្ញា​បញ្ចប់សង្គ្រាមនៅ​ឧបទ្វីបកូរ៉េ​ ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​-សហរដ្ឋអាមេរិក​ ទៅលើ​កូរ៉េខាងជើង​ ការធានា​សន្តិសុខ​របស់ប្រទេសកូរ៉ខាងជើង​ និង​បញ្ហារំលោភសិទ្ធិមនុស្ស​នៅក្នុងប្រទេស​កូរ៉េខាងជើង​។

ក្នុងចំណោម​ប្រធានបទទាំង៥​ ចំណុចនេះ​ គេមើលឃើញថា​ ប្រធានបទចំបងទី១​ គឺ​ការលុបបំបាត់ចោល​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ នៅតែជាផ្ទាំងស៊ីប​សំខាន់​ជាងគេ​ដែល​បង្កជាឧបសគ្គចំបង​ រាំងស្ទះដល់​ការសម្រេចបាន​នូវកិច្ច​ចរចាទ្វេភាគី​រវាងអាមេរិក​ និងកូរ៉េខាងជើង​។ ជាក់ស្តែង​ ភាគីទាំងពីរ​ ពោលគឺទាំងអាមេរិក​ និង​កូរ៉េខាងជើង​ឲ្យនិយមន័យខុសគ្នា​ពាក់ព័ន្ធនឹង​ដំណើរការ​រំសាយចោល​ នូវកម្មវិធី​ផលិតអាវុធនុយក្លែអ៊ែរ​នេះ​។

នៅគ្រាកន្លងមក​ មេដឹកនាំកូរ៉េខាងជើង​ ធ្លាប់បានអះអាងថា​ ក្រោយកិច្ចចរចា​ទ្វេភាគីលើកទី១​ អាមេរិក​របស់​លោកដូណាល់ត្រាំ​ ចេះតែ​ទាមទារឲ្យ​កូរ៉េខាងជើងហ្នឹង​ ធ្វើសម្បទានរហូត​ តែ​ភាគីអាមេរិកខ្លួនឯងវិញ​មិនដែលបានធ្វើសម្បទាន​ណាមួយ​ឲ្យទៅ​កូរ៉េខាងជើងវិញ​នោះទេ​។ លោកគីម ជុងអ៊ុន​ ក៏ធ្លាប់បាន​អះអាងដែរថា​ រដ្ឋាភិបាលកូរ៉េខាងជើង​ពិតជា ​មាន​ឆន្ទៈខ្ពស់​ ក្នុងការ​លុបបំបាត់ចោល​ នូវ​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ​ពិតមែន​។ បន្ថែមលើនេះ​ មេដឹកនាំកូរ៉េ​ខាងជើង​លោកគីម​ ជុងអ៊ុន​ ក៏បានបញ្ជាក់ដែរថា​ ប្រសិនណាបើ​លោកដូណាល់​ ត្រាំ​ ដកចេញវិញ​ នូវ​រាល់ការគំរាម​កំហែង និង​ទណ្ឌកម្មទាំងឡាយ​ ដែល​អាមេរិក​ដាក់មកលើ​ប្រទេសកូរ៉េខាងជើង​ នោះ​កូរ៉េខាងជើង​ នឹង​រំលាយចោល​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ​ភ្លាម​។

តែផ្ទុយពី​ការចង់បាន​របស់បុរសខ្លាំង​កូរ៉េខាងជើង​ លោកត្រាំ​ បានអះអាង​ម្តងហើយ​ម្តងទៀត​ ថា ​ អាមេរិក​នៅតែរក្សាជំហរ​ ប្រឆាំងទៅនឹង​កូរ៉េខាងជើង​ ហើយ​អាមេរិក​នឹងយល់ព្រម​ធ្វើតាមសំណើរ​របស់កូរ៉េខាងជើង​ ល្គឹកណា​ការបញ្ចប់​ការផលិតអាវុធ​នុយក្លេអ៊ែរ​ ត្រូវ​បានត្រួតពិនិត្យ​និងផ្ទៀងផ្ទាត់ត្រឹមត្រូវ ដោយសហគមន៍​អន្តរជាតិ​ជាមុនសិនជាដាច់ខាង​។

មួយវិញទៀត​ គួរជ្រាបដែរថា​កាលពីថ្ងៃសុកម្សិលមិញនេះ​ អ្នកនាំពាក្យសេតវិមានរបស់លោកត្រាំ ក៏បានប្រាប់ឲ្យដឹងផងដែរថា​ ប្រធានបទ​ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរ នៅតែជាបញ្ហាស្នូលចំបងគេ​ ដែលលោកត្រាំ​ និង​លោកគីម ជុងអ៊ុន​ នឹងដាក់លើតុចរចា​ ក្នុងជំនួប​នាបំណាច់ខែកុម្ភៈ​ខាងមុខ​ ដើម្បី​ដោះស្រាយ​រាល់បញ្ហាខ្វែងគំនិតគ្នា​ ប្រកបដោយជោគជ័យ​។ ជាមួយគ្នានេះដែរ​ អ្នកនាំពាក្យសេតវិមាន​ បានលើកឡើងថា​ ទីកន្លែង​នៃជំនួបលើកទី២​ រវាងលោកត្រាំ​ និង​លោកគីម ជុងអ៊ុន នៅមិនទាន់​ត្រូវបានគេ​កំណត់នៅឡើយនោះទេ​។

តែទោះជាបែបនេះក្តី​ មានពត៌មានលេចធ្លាយថា​ ប្រទេសក្បែរខាងកម្ពុជា​ គឺ​ប្រទេស​វៀតណាម​ អាចនឹងក្លាយជា​ប្រទេស​រៀបចំជំនួបកំពូលនេះ​។ មិនតែប៉ុណ្ណោះ​ បើតាមសារព័ត៌មានបារាំង​ AFP​ មាន​មន្ត្រីរដ្ឋាភិបាល​ វៀតណាម​បង្ហើបឲ្យដឹងថា​ នាខណៈនេះ​ រដ្ឋាភិបាលវៀតណាម​ មានត្រៀមលក្ខណៈ​រួចរាល់ហើយ​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​រវាង​លោកដូណាល់ ត្រាំ​ និង​លោកគីម ជុងអ៊ុន​ ហើយ​វៀតណាម​ប្រហែលជា​រៀបចំ​ជំនួបនេះ​នៅឯទីក្រុង​ហាណូយ​ ឬទីក្រុងដាណាង​។

ប្រតិកម្មរបស់​ប្រទេសពាក់ព័ន្ធ​មួយចំនួន​ ចំពោះគម្រោង​ជួបគ្នា​របស់លោកត្រាំ​ និងលោកគីម ជុងអ៊ុន​

​រហូតមកដល់ពេលនេះ​ គេនៅមិនទាន់បានឃើញ​ ប្រទេសពាក់ព័ន្ធ​មួយចំនួន​ដូចជា​ ចិន​ ជប៉ុន​ និង រុស្ស៊ី​ បញ្ចេញជាប្រតិកម្មអ្វីនៅឡើយទេ ក្រៅតែពី​ប្រទេស​កូរ៉េខាងត្បូងមួយ​។ ក្រោយពីបានដឹងអំពី​គម្រោងជួបគ្នា​របស់លោកត្រាំ​ និង​លោកគីម ជុងអ៊ុន​ រួចមក​ ទីក្រុង​សេអ៊ូល​ បានសម្តែងនូវ​ការស្វាគមន៍​ និងគាំទ្រ​ចំពោះជំនួបនេះ​យ៉ាងពេញទំហឹង​។

ជាក់ស្តែង​ នៅថ្ងៃសៅរ៍នេះ​ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក​ម៉ូន ចែអ៊ីន ​ បាននិយាយដោយក្តីសង្ឃឹមថា​ កិច្ចពិភាក្សាលើកទី២​ រវាង​ប្រធានាធិបតីអាមេរិក​លោក​ដូណាល់​ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ជុងអ៊ុន នៅខែក្រោយនេះ​ អាចជាចំណុច​របត់ថ្មីមួយ​ ដែល​អាចនាំមកនូវ​សុខសន្តិភាព​ នៅ​ឧបទ្វីបកូរ៉េ​ទាំងមូលបាន៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ