អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​​Brics៖​ចិន​គូសបញ្ជាក់​​ពី​​​​​​ទំនាក់ទំនង​​​ចិន​-​ឥណ្ឌា​ដែល​​ត្រូវតែ​​មាន​ស្ថិរភាព​ឡើងវិញ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រុង​ ​Xiamen ​ប្រទេស​ចិន​ ជំនួប​កំពូល​ក្រុមប្រទេស​Brics ​ដែល​មានចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និង​អាហ្វ្រិកខាងត្បូង​ ត្រូវបិទបញ្ចប់​​ ថ្ងៃអង្គារ៥កញ្ញា​​នេះហើយ។ ​ប្រធានាធិបតី​​ចិន ស៊ី ជីនពីង បាន​លើកឡើង​ពី​បំណង​របស់​ចិន​ចង់ឃើញ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន​ត្រលប់​​រក​ភាពប្រក្រតី​ឡើងវិញ។ ​​ប្រទេស​ទាំង២តានតឹង​នឹងគ្នា​ដោយសារ​​​ការប៉ះ​ទង្គិចតាម​​ព្រំដែន​តំបន់ភ្នំ​ហ៊ីម៉ាឡាយ៉ា មួយរយៈ​ពេល​ចុងក្រោយ​នេះ ហើយ​បញ្ហា​ទើប​នឹង​បាន​ដោះស្រាយ​​ ​ កាលពី​សប្តាហ៍​​មុននេះប៉ុណ្ណោះ។ ក្នុងជំនួប​​ Brics ថ្ងៃនេះ​ដែរ លោក​ស៊ី ជីនពីង បាន​សំដែង​ការ​បារម្ភ​ពីកំនើន​នយោបាយដែល​ផ្តោត​តែលើ​​ប្រយោជន៍​ជាតិជាធំ។ លោក​ស៊ី បាន​អំពាវនាវ​អោយ​ក្រុមប្រទេស​កំពុង​មានសេដ្ឋកិច្ច​លូតលាស់ខ្លាំង ពង្រឹង​កិច្ចសហប្រតិបត្តិការគ្នាថែមទៀត។ ​​

ប្រធានាធិបតី​រុស្ស៊ី ពូទីន ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ​ក្នុង​ឱកាស​​ជំនួប​កំពូល​ក្រុមប្រទេស​ Brics
ប្រធានាធិបតី​រុស្ស៊ី ពូទីន ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ​ក្នុង​ឱកាស​​ជំនួប​កំពូល​ក្រុមប្រទេស​ Brics Reuters
ផ្សាយពាណិជ្ជកម្ម

លោកស៊ី ជីនពីង​៖ប្រជាជន​ចិននិង​ឥណ្ឌា​ត្រូវចេះ​គោរពគ្នា​ទៅវិញ​ទៅមក

បញ្ហា​ប៉ះទង្គិច​តាមព្រំដែន​រវាង​ចិន​និង​ឥណ្ឌា បាន​ដោះស្រាយ​រួចរាល់​ហើយ​នៅសប្តាហ៍​មុននេះ។ ឥណ្ឌា​បាន​ព្រមព្រៀង​ដកទាហាន​ចេញ​ពី​តំបន់ព្រំដែន​​ដុក្លាម​ ​នៅ​ហ៊ីម៉ាឡាយ៉ា ក៏​ដើម្បី​អាច​អោយ​នាយកររដ្ឋមន្ត្រី​ណារិនដ្រា ម៉ូឌី បាន​មកចូលរួម​ជំនួប​កំពូល Brics នៅចិន​ដែរ។

ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ​លើកឡើង​ទៅ​លោក​ណារិនដ្រា ម៉ូឌី ​ថា ចិន​ចង់អោយ​ទំនាក់ទំនង​ចិន-ឥណ្ឌា ស្ថិត​លើ​មាគ៌ាដែលល្អ។ លោកស៊ី ជីនពីងចង់អោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ត្រឡប់​ទៅរក​ភាព​ប្រក្រតី មានស្ថិរភាព ហើយ​ចាំបាច់​ទៅទៀតនោះ គឺ​ស្ថិរភាព និង​ភាព​មិនល្អក់​កករ​នឹងគ្នា។ ប្រធានាធិបតីចិន​លើកឡើងថា ​គឺដើម្បី​ផលប្រយោជន៍​រវាង​ប្រទេសទាំង២ ហើយ​ប្រជាជន​ទាំង២ប្រទេស​ត្រូវតែ​ចេះគោរពគ្នា​ទៅវិញទៅមក និង​ត្រូវ​រក្សា​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​រួម។ ​ចិន​និង​ឥណ្ឌា ​តានតឹង​គ្នា មិនទាន់ចប់ស្រួលបួល​ទេ។ មួយរយៈ​ចុងក្រោយ​នេះ មានការប៉ះទង្គិច​រវាង​ទាហានចិន​និងទាហាន​ឥណ្ឌា នៅ​តាម​ព្រំដែន​តំបន់​ភ្នំ​ហ៊ីម៉ាឡាយ៉ា។ ​

សូមរំលឹក​ថា រឿងរ៉ាវ​​មានតាំង​ពី​ពាក់កណ្តាលខែ​មិថុនា​មក​ ​ដោយសារ​តែ​ចិនសាងសង់​ផ្លូវ​នៅ​តំបន់​ខ្ពង់រាប​​ដុក្លាម នៅ​ហ៊ីម៉ាឡាយ៉ា ​​​ជា​តំបន់​យុទ្ធសាស្ត្រ​៣ប្រទេស គឺមាន​ចិន ឥណ្ឌា និង​ប៊ូតង់។ ​ប៊ូតង់​ថា​ចិន​ចង់ឈ្លានពាន​ទឹកដី​ប៊ូតង់ អញ្ចឹង​ឥណ្ឌាក្នុង​នាម​​​ជា​អាណាព្យាបាល​ជួយប៊ូតង់ ក៏​បញ្ជូនទាហាន​ទៅ​​រាំងស្ទះ​ការដ្ឋាន​ផ្លូវ​ចិន​នៅ​ទីនោះទៅ។

ដូច្នេះ ក៏​បង្ក​ជាការ​ប៉ះទង្គិច​ធ្វើអោយ​​មនុស្ស​របួស​ច្រើននាក់។ បើ​តាម​ចិន ការដ្ឋាន​ផ្លូវ​ចិនគឺធ្វើ​ក្នុង​ដែនដី​ចិន​ទេ មិន​ហៀរចូល​ដែនដីប្រទេស​ណាមួយទេ។ បញ្ហានេះ​បាន​ដោះស្រាយ​រួចរាល់​ មានការ​ដកកងទ័ព​រួចរាល់ សប្តាហ៍​មុននេះហើយ ​​ ​ដើម្បី​កុំអោយ​ជម្លោះ​នេះ​ កាន់តែ​ធ្ងន់ ហើយ​វា​រឹតតែ​ឥតប្រយោជន៍​ទៅទៀត គឺ​អាច​ប៉ះពាល់​មុខមាត់​ចិន និង​ឥណ្ឌា​ក្នុង​ឆាក​អន្តរជាតិទៀតផង ចំពេល ​មានជំនួប​កំពូល​ Brics ​ប្រចាំឆ្នាំ​២០១៧​នេះផង។ ព្រំដែនរួម​ចិន-ឥណ្ឌា ​​តាម​ជួរភ្នំ​ហ៊ីម៉ាឡាយ៉ា មាន​ប្រមាណ​៣៥០០គីឡូម៉ែត្រ​ ​ប៉ុន្តែ​គ្មា​នគំនូស​ខណ្ឌ​ច្បាស់លាស់ទេ ម្ល៉ោះហើយ​ទើប​ចិន​និង​ឥណ្ឌា​តានតឹង​​គ្នា​រឿងនេះ។

នៅ​មានរឿង​តានតឹង​ផ្សេងទៀត​ដែរ​​ គឺ​ចិន​មិនពេញចិត្ត​​ឃើញ​ឥណ្ឌា​គាំទ្រ​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ប៉ុន្មានទេ។ ហើយ​ឥណ្ឌា​វិញ ក៏​បារម្ភ​ពី​សកម្មភាព​យោធា​ចិន ដែល​កើនឡើង​ នៅ​តាម​មហាសមុទ្រ​ឥណ្ឌា​ដែរ។ ​ទោះយ៉ាងនេះក្តី ប្រទេស​ទាំង២​មានប្រជាជន​ច្រើនជាងគេ​ក្នុង​ពិភពលោក ហើយ​ក៏​​​ប្រជែងគ្នា ដាក់ឥទ្ធិពល​ក្នុង​ឆាក​អន្តរជាតិ​ដែរ ដូច្នេះ ​​មិនអាច​ឈ្លោះគ្នា​ដូចកូនក្មេង​ទេ។ ​ភាគី​និមួយៗ​ត្រូវ​​ខំ​ធ្វើអោយ ស្ថានការណ៍​តានតឹង​ស្ងប់ស្ងាត់ទៅវិញ ធ្វើអោយ​​​ទំនាក់ទំនង​ទ្វេភាគី​​ ​ត្រលប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ។ ប្រទេស​ទាំង២​ជាសមាជិក​ក្រុម​ប្រទេស​ Brics និង​ជាក្បាល ម៉ាស៊ីន​ក្រុមនេះ​ផងដែរ ដូច្នេះ មិនអាច​ឈ្លោះគ្នាហួសហេតុ​ទេ។ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​រំលឹក​ចិនថា ទាល់តែ​មានភាព​ស្ងប់ស្ងាត់​តាមព្រំដែនជាមុន​សិន​ ទើបអាច​អភិវឌ្ឈន៍​ទំនាក់ទំនង​ជាមួយគ្នាទៀត។ ​

ចិន​ខំ​​ដើរតួនាទី​ជា​ប្រទេស​ការពារ​ផលប្រយោជន៍​ពិភពលោក ប្រឈម​នយោបាយ​ជាតិនិយម​របស់​​​អាមេរិក

​​ក្នុង​​ជំនួប​កំពូល​ Brics នៅចិន ​ ​លោក​ស៊ី ជីនពីង ​​ខំដើរតួ​ជា​អ្នកដឺកនាំ​ដែល​ការពារ​​ប្រយោជន៍​រួម ក្នុង​ពិភពលោក​។ លោក​​បាន​​​សំដែង​ការ​​បារម្ភ​ពី​កំណើន​នយោបាយ​អភិរក្ស​និយម បែបយ៉ាង​នយោបាយ​ការពារ​ប្រយោជន៍ជាតិ​របស់​លោក​ដូណាល់ ត្រាំ។

ប្រឈម​នឹង​នយោបាយ​ជាតិនិយម​អាមេរិក ​​ចិន​ត្រូវ​ខំបង្អួត​ខ្លួន​ ​ដើរតួនាទី​ជា​ប្រទេស​ត្រឹមត្រូវ​​ ការពារ​ផលប្រយោជន៍​​សេដ្ឋកិច្ច​ពិភពលោក។ លោក​ដូណាល់ ត្រាំ ​ស្អប់​ចិន​ ធ្លាប់​ចោទ​ថា ចិន​រកស៊ី​មិនស្មោះត្រង់។ ឥឡូវ​ ក្នុងជំនួប​ Brics លោក​ស៊ី ជីនពីង ឆ្លៀត​​​បង្ហាញ​ទៅវិញ​ថា គឺ​​នយោបាយអាត្មានិយម​គិតតែ​​​​ផល​​ប្រយោជន៍ជាតិផ្ទាល់ខ្លួន នៅ​អាមេរិក​ឯណោះទេ​ ដែល​​ជា​នយោបាយ​មិនស្មោះត្រង់។ ប្រធានាធិបតី​ចិន​ថែមទាំង​បានប្រកាស​ចូលរួម​ជួយ​​​៥០០លាន​ដុល្លារ ដល់​មូលនិធិ​រ៉ាប់រង និង​កិច្ចសហប្រតិបត្តិការ​ រវាង​​ប្រទេស​ក្រីក្រ ក្នុង​​​ទិសដៅ​ជួយ​ប្រទេស​អភិវឌ្ឈន៍​​ផ្សេងៗ ​​អោយ​​ដោះស្រា​យ​គ្រោះអត់ឃ្លាន និងបញ្ហា​​សុខភាព​សាធារណៈ ដោះស្រាយ​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ​និង​បម្លាស់ទី​ប្រជាជន​ជាដើម។

ទាក់ទង​នឹង​បញ្ហា​ការប្រែប្រួល​អាកាសធាតុនេះ អ្នកណាៗ​ក៏ដឹងដែរ​ថា លោកដូណាល់ ត្រាំ បាន​សម្រេច​ដក​អាមេរិក​ចេញ​ពីកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស។ ក្នុង​ជំនួប​កំពូល​ Brics ថ្ងៃនេះ ​ប្រធានាធិបតី​​ចិន ខំ​បង្ហាញ​ថា ចិន​ការពារ​ប្រយោជន៍​ពិភពលោក​ខ្លាំងណាស់។ លោក​បាន​អំពាវនាវ​អោយ​ប្រទេស​អភិវឌ្ឍ​ពង្រឹង​ជំនួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឈ​ ​ហើយ​សុំអោយ​ប្រទេស​ Brics និង​ដៃគូ ចូលរួម​ប្រឆាំង​នឹង​នយោបាយ​អាត្មានិយម​ ដែល​គិត​តែ​ប្រយោជន៍​ជាតិខ្លួនឯង។

សូមបញ្ជាក់​​ថា ក្រុម Brics មា​ន៥ប្រទេស គឺ​ចិន ឥណ្ឌា រុស្ស៊ី ​ប្រេស៊ីល និង​អាហ្វ្រិកខាងត្បូង មានប្រជាជន​៤២ភាគរយ ក្នុង​ចំណោមប្រជាជន​សរុប​ក្នុង​ពិភពលោក។ ១០ឆ្នាំចុងក្រោយ​នេះ ​ផលិតផល​​ជាតិសរុប​​ក្នុងស្រុក​របស់​ប្រទេស​ទាំងនេះ​ បានកើនឡើង​១៧៩ភាគរយ ​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​កើន​៩៤ភាគរយ ហើយ​ប្រជាជន​ក្នុងក្រុង​ក៏​កើន​២៨ភាគរយ​ដែរ។ កត្តា​ទាំងនេះ​ជួយ​អោ​យសេដ្ឋកិច្ច​ពិភពលោក​មានស្ថរិភាព ហើយ​កំណើន​ពិភពលោក​វិញ មាន​ក៏​នឹងនរ​ដែរ។ នេះ​បើតាម​ការ​លើកឡើង​​របស់​លោកស៊ី ជីនពីង។

ឆ្នាំ២០១៧​នេះ មាន​ប្រទេស​ផ្សេងៗ ដូចជា​ថៃ ​ម៉ិចស៊ិក អេហ្ស៊ីប ហ្គីណេ និង​តាត់ជីគីស្ថាន បាន​មកចូលរួម​កិច្ចប្រជុំ​ Bricsនេះដែរ គឺប្រជុំ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍។​ តែ​ពួកគេ​ចូលរួម​ពិភាក្សា​ពី​ការបង្កើន​សមាជិក​បន្ថែមក្នុង​ក្រុម​ប្រទេស Brics នេះ។​ ដូច្នេះ ពេលខាងមុខ ក្រុម​ប្រទេស​ Brics កាន់តែ​មាន​សមាជិក​ច្រើន ដើម្បី​ប្រជែង​អានុភាព​ជាមួយ​ខាងអាមេរិក និង​​ក្រុម​ប្រទេស​លោក​ខាងលិច៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ