អានតួអត្ថបទ
ជប៉ុន-G៧

ជប៉ុន៖​ជំនួបកំពូល G៧ ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច អន្តោប្រវេសន៍ និង​ភេរវនិយម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា​នេះ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅ​កាត់​ថា G៧ បាន​ផ្តើម​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន។ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ មាន​ជប៉ុន អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​ប្រទេស​កាណាដា។ មាន​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ដែល​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង ៧ប្រទេស​ត្រូវ​លើក​ទៅ​ជជែក​នៅ​ក្នុង​ជំនួបកំពូល​រយៈពេល ២ថ្ងៃ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នៅ​ក្នុង​ជំនួបកំពូល G៧ ឆ្នាំ​នេះ គឺ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​ថ្ងៃ​សុក្រ ទី២៧ ឧសភា។

ជប៉ុន៖​ជំនួបកំពូល G៧ ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច អន្តោប្រវេសន៍ និង​ភេរវនិយម ថ្ងៃទី២៦ ឧសភា ២០១៦
ជប៉ុន៖​ជំនួបកំពូល G៧ ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច អន្តោប្រវេសន៍ និង​ភេរវនិយម ថ្ងៃទី២៦ ឧសភា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​សំខាន់ៗ​ដែល G៧ លើក​ទៅ​ជជែក​នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ​នេះ​សុទ្ធសឹង​ជា​បច្ចុប្បន្នភាព​ក្តៅៗ​ដែល​ពិភពលោក​បាន និង​កំពុង​បន្ត​ជួប​ប្រទះ​មក​ដល់​សព្វថ្ងៃ រួម​មាន វិបត្តិ​សេដ្ឋកិច្ច​សកល វិបត្តិ​អន្តោប្រវេសន៍​ក្នុង​ទ្វីបអឺរ៉ុប បញ្ហា​ភេរវនិយម និង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង។ តែ​ដូច​រៀងរាល់​ឆ្នាំ សេដ្ឋកិច្ច​នៅ​បន្ត​ជា​ប្រធានបទ​អាទិភាព​របស់​ជំនួបកំពូល G៧។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នា​ថ្ងៃ​ពុធ ទី២៥ ឧសភា​ថា លោក និង​លោក​អូបាម៉ា​បាន​យល់​ឃើញ​ដូច​គ្នា​ពី​ការ​ស្វែង​កំណើន​សេដ្ឋកិច្ច​សកល​សម្រាប់​រយៈពេល​វែង និង​រឹងមាំ។

តែ​គេ​បាន​សង្កេត​ឃើញ​ជា​លក្ខណៈ​ទូទៅ​ថា មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ខ្លះ​របស់ G៧ បាន​យល់​ឃើញ និង​ឲ្យ​សារៈសំខាន់​ខុសៗ​គ្នា។ ជប៉ុន និង​អាមេរិក​បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ឲ្យ​មាន​សមភាព​រវាង​នយោបាយ​ហិរញ្ញវត្ថុ នយោបាយ​ថវិកា និង​នយោបាយ​កំណែទម្រង់​រចនាសម្ព័ន្ធ។ ជប៉ុន និង​អ៊ីតាលី​បាន​យល់​ឃើញ​ដូច​គ្នា​ពី​ការ​បង្កើន​ការ​ចំណាយ​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច។ តែ​អាល្លឺម៉ង់ និង​អង់គ្លេស​មិន​ឯកភាព​ដោយ​បាន​ឲ្យ​អាទិភាព​លើ​នយោបាយ​កំណែទម្រង់​រចនាសម្ព័ន្ធ។

សម្រាប់​អ្នក​ខ្លះ​ទៀត​យល់​ថា ប្រទេស​នីមួយៗ​ដែល​មាន​តម្រូវការ​មិន​ដូច​គ្នា និង​មាន​គោលនយោបាយ​សេដ្ឋកិច្ច​ខុស​គ្នា​គួរ​តែ​ចាត់​វិធានការ​ដោយ​ផ្អែក​លើ​ស្ថានការណ៍ និង​តម្រូវការ​ជាក់ស្តែង​របស់​ខ្លួន និយាយ​បែប​ម្យ៉ាង​ទៀត គេ​មិន​ត្រូវ​មាន​វិធានការ​រួម​ដើម្បី​យក​ទៅ​អនុវត្តន៍​នៅ​គ្រប់​ប្រទេស​នោះ​ទេ។ ដូច្នេះ G៧ ត្រូវ​តែ​រក​ផ្លូវកណ្តាល​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​សម្រាប់​ជួយ​លើក​ដំកើង​សុខភាព​សេដ្ឋកិច្ច​ពិភពលោក។

អឺរ៉ុប​អំពាវនាវ​ឲ្យ G៧ ជួយ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ឱកាស​ជំនួបកំពូល G៧ ក្នុង​ទឹក​ជប៉ុន​ថ្ងៃ​នេះ លោក​ដូណាល់ ទូស្ក​បាន​ថ្លែង​ច្បាស់ៗ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​មាន​សាមគ្គីភាព​ជួយ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​មិន​គួរ​ទុក​ឲ្យ​អឺរ៉ុប​ដោះស្រាយ​តែ​ម្នាក់​ឯង​ទេ។ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​ឲ្យ​ចាត់​ទុក​វិបត្តិ​មួយ​នេះ​ជា​វិបត្តិ​ពិភពលោក ព្រោះ​នេះ​ជា​លើក​ទី១ តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២ ដែល​មាន​កំណើន​លំហូរ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន កំណើន​អ្នក​សុំសិទ្ធិជ្រកកោណ និង​កំណើន​អ្នក​រត់ចោល​ផ្ទះសម្បែង​មក​កាន់​អឺរ៉ុប។

សូម​រម្លឹក​ជូន​ថា​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ មាន​ជនអន្តោប្រវេសន៍​ប្រមាណ​ជា ១លាន ៣សែននាក់ ភាគច្រើន​មក​ពី​ប្រទេស​ហែកហួរ​ដោយ​សង្រ្គាម​ដូច​យ៉ាង​ស៊ីរី និង​អ៊ីរ៉ាក់​បាន​សុំ​សិទ្ធិជ្រកកោណ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្នុង​ខែ​កញ្ញា​កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ចែក​គ្នា​ទទួល​យក​ជនអន្តោប្រវេសន៍​ក្រុម​ទី១ ដែល​មាន​គ្នា ១៤០ ០០០នាក់។ តែ​ឥឡូវ​នេះ លោក​ដូណាល់ ទូស្ក​ចង់​ឲ្យ​មាន​ការ​រួម​ចំណែក​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​ក្រុមប្រទេស​អ្នក​មាន G៧។

សំណូមពរ​របស់​លោក​ដូណាល់ ទូស្ក​ចំពោះ G៧​មាន ៣ ទី១ បង្កើន​ជំនួយសម្រាប់​បំពេញ​តម្រូវការ​ជា​បន្ទាន់ ទី២ ជួយ​ជំរុញ​ស្ថាប័ន​ហរិញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ឲ្យ​បន្ថែម​ជំនួយ​របស់​ខ្លួន និង​ទី៣ លោក​ដូណាល់ ទូស្ក​សុំ​ឲ្យ G៧ ជួយ​គិតគូរ​រំលែក​យក​ជនអន្តោប្រវេសន៍​ពី​អឺរ៉ុប​ទៅ​ដាក់​នៅ​ក្នុង​ប្រទេស​ផ្សេង។

យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​តាម​រយៈ​បិទខ្ទប់​ប្រភពចំណូល

ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​ភេរវនិយម G៧ បាន​ផ្តោត​លើ​ការ​បិទខ្ទប់​ប្រភព​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ។ ប្រភព​ចំណូល​ហិរញ្ញវត្ថុ​ដែល​ជា​ដង្ហើម​អនុញ្ញាត​ឲ្យ​ពួក​ភេរវជន​ដើរ​បង្ក​ភេរវកម្ម និង​សាបព្រោះ​នូវ​មនោគមវិជ្ជា​ជ្រុលនិយម​របស់​ពួក​វា។ វិធានការ​មួយ​នេះ​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់ G៧ អនុម័ត​នា​កិច្ចប្រជុំ​ក្នុង​ថ្ងៃទី២១ ឧសភា​កន្លង​ទៅ។ ដើម្បី​អាច​ប្រឆាំង​នឹង​ប្រភព​ចំណូល​របស់​អង្គការ​ភេរវនិយម​ឲ្យ​មាន​ប្រសិទ្ធិភាព G៧ បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស​ដោយ​មាន​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការ​ផ្តោះផ្តូរ​រាល់​ព័ត៌មាន​ទាំង​ឡាយ​ដែល​ទាក់ទង​នឹង​ការ​ដោះដូរ និង​ការ​ផ្ទេរ​ទឹកប្រាក់​នៅ​តាម​បណ្តាញ​ធនាគារ។

ទន្ទឹម​គ្នា​នេះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់ G៧ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​លើ​វិធានការ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់​សព្វថ្ងៃ ពិសេស​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ ដោយ​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម ឬ​មួយ​ក៏​ផ្អាប់​លុយ​នៅ​ក្នុង​គណនីយ​ណា​ដែល​ម្ចាស់​ព្យាយាម​លាក់អត្តសញ្ញាណ​ពិត​របស់​ខ្លួន។

លោក​អូបាម៉ា​មិន​សុំទោស​រឿង​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា

កំណត់​សម្គាល់​សំខាន់ និង​លេចធ្លោ​នៅ​ជំនួបកំពូល G៧ ឆ្នាំ​នេះ គឺ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដែល​បាន​រងគ្រោះ​ដោយ​គ្រាប់បែក​បរិមាណូ​អាមរិក​ក្នុង​សង្រ្គាមលោកលើក​ទី២។ ជា​រឿងរ៉ាវ​មួយ​ដែល​បាន​បិទបញ្ចប់​ទៅ​ជាង ៧០ឆ្នាំ តែ​បន្ត​ជា​សំណុំរឿង​រសើប​ខ្លាំង​សម្រាប់​សហរដ្ឋអាមេរិក។ រសើបខ្លាំង​ព្រោះ​គ្រាប់បែក​បរិមាណូ​អាមេរិក​កាលណោះ​បាន​សម្លាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ១៤ម៉ឺននាក់ របួស​ជា​ច្រើន​ម៉ឺននាក់ និង​ដែល​ចំហាយ​ធាតុ​វិទ្យុសកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ជប៉ុន​រស់​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​មក​ដល់​សព្វថ្ងៃ។ នេះ​ដោយ​មិន​រាប់​បញ្ចូល​ពី​ការ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ផ្លូវអារម្មណ៍​របស់​ប្រជាជន​ជប៉ុន​ផង។

ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លោកទី២ មក អតីត​គូសត្រូវ​អាមេរិក និង​ជប៉ុន​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​មែន តែ​ស្នាម​របួស​ប្រវត្តិសាស្រ្ត​នៅ​បន្ត​មាន និង​ប្រហែល​គ្មាន​ថ្ងៃ​រលុប​បាត់​សូន​ឈឹង​ទេ។ ម្យ៉ាង​ទៀត ជាង ៧០ឆ្នាំ​ក្រោយ​មក ក៏​គេ​មិន​ដែល​ឃើញ​មាន​រូប​ប្រធានាធិបតី​អាមេរិក​ណា​ដាក់​ជើង​ជាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដែរ។ ដូច្នេះ​វត្តមាន​របស់​លោក​អូបាម៉ា​ពិត​ជា​រឿង​ប្រវតិ្តសាស្រ្ត និង​បង្កប់​ដោយ​និមិត្តរូប​ខ្ពស់​ណាស់។ អ្វី​ដែល​ប្រជាជន​ជប៉ុន​ទូទៅ ពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចង់​ឮ​ពី​មាត់​លោក​អូបាម៉ា គឺ​ការ​ទទួល​ខុស​របស់​អាមេរិក។ តែ​លោក​អូបាម៉ា​បាន​ប្រាប់​រួច​ហើយ​ថា លោក​នឹង​មិន​ថ្លែង​សុំទោស​អ្វី​ទេ តែ​ទៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​ដើម្បី​គោរព​វិញ្ញាណក្ខន្ទ​ជនរងគ្រោះ និង​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​សម្រាប់​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ