អានតួអត្ថបទ
អេបូឡា

អឺរ៉ុបអាមេរិក​​​ប្រមូល​ថវិកា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា

អេបូឡា​បាន​សម្លាប់​ជីវិតគ្រូពេទ្យ​ម្នាក់​ទៀត​ហើយ នៅ​ថ្ងៃអាទិត្យ​ទី ១៤​កញ្ញា ! ប្រឈម​នឹង​ការ​រាត​ត្បាត​ឥត​ឈប់​ឈរ​នេះ គណៈកម្មការ​​អឺរ៉ុប​ បានជំរុញ​ នៅ​ថ្ងៃ​ច​ន្ទនេះ ឱ្យ​ប្រទេស​ជា​សមាជិក​ ពន្លឿន​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អេបូឡា និង​ចូលរួម​ធ្វើ​វិភាគ​ទាន​ថ្មី ដើម្បី​ជំរុញ​ផែនការប្រមូល​ផ្តុំ​ប្រជាជន​ ស្នើ​ឡើង​ដោយ​បារាំង​អាច​សម្រេច​បាន។

សារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា
សារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប​ចង់​បង្ហាញ​គម្រោង​ផែនការ​ ដែល​មាន​ការ​​សន្យា​ច្បាស់​លាស់ បញ្ជាក់ពី​​ចំនួន​ទឹកប្រាក់១៥០​លាន​អឺរ៉ូ​ ដាក់​ជូន​ទៅ​អង្គ​សន្និសីទ​អន្តរជាតិ​ រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ចុង​ខែ​កញ្ញា​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​សហភាព​អឺរ៉ុប សូម​អញ្ជើញ​សមាជិក​ទាំង​អស់​ឱ្យ​ចាប់​លេខ​ធ្វើ​វិភាគទាន។ សម្រាប់​គណៈកម្មការ ការ​ប្រមូល​ផ្តុំ​របស់​អឺរ៉ុប ជា​កម្លាំង​ដ៏​ចាំ​បាច់​ក្នុង​កា​រ​ទប់ទល់​នឹង​មេរោគ​អេបូឡា ព្រោះ​សហគមន៍​អន្តរជាតិ បាន​បណ្តោយ​ឱ្យ​ពេល​វេលា​​​កន្លង​ទៅឥត​ប្រយោជន៍។ ​​

 

ក្នុង​ពេលជាមួយ​គ្នា​នៅ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ត្រូវ​ស្នើ​សុំទៅ​សភា​អាមេរិក​ឱ្យ​ទម្លាយកញ្ចប់​​ថវិកា ៨៨​លានដុល្លារ​សហរដ្ឋ​អាមេរិក ​សម្រាប់​ប្រើ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អេបូឡា នៅ​អាហ្វ្រិក​ខាង​លិច​។ នេះ​បើ​យោង​តាម​កាសែត​Wall Street។ ផែនការ​លម្អិត​ស្តី​អំពី​ប្រតិបត្តិការ​អាមេរិក​ប្រឆាំង​នឹងអេបូឡា នឹង​ត្រូវ​បង្ហើប​បញ្ជាក់​ដោយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា នៅ​ថ្ងៃ​អង្គារ​ទី ១៦ កញ្ញា​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​ ក្រុង​អាត្លង់តា។ បើ​តាម​កាសែត Wall Street ​ដដែល អាមេរិក​មាន​ផែនការ​ដំបូង​បញ្ជូន​មន្ទីរពេទ្យ​ចល័ត​ គ្រូពេទ្យ អ្នក​ឯកទេស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ព្រមទាំង​ដាក់​ឱ្យ​ដំណើរ​ការ​ការ​បំពាក់​បំប៉ន​បុគ្គលិក​សុខាភិបាល​នៅ​ផ្ទាល់​កន្លែង។

គ្មាន​ថ្នាំ​ព្យាបាល និង​ការពារ វីរ៉ុស​អេបូឡា បាន​សម្លាប់មនុស្ស​អស់​ជាង​២៤០០​នាក់​ហើយ នេះ​បើ​តាម​តួលេខ ​​របស់​អង្គការ​សុខភាព​ពិភពលោកចេញ​ផ្សាយ​កាលពីថ្ងៃសុក្រ​ទី ១២កញ្ញា។ កាលពី​ថ្ងៃ​អាទិត្យ​ គ្រួពេទ្យ​ម្នាក់​នៅ​ហ្គីណេ​បាន​ស្លាប់​។ ជំងឺ​នេះ​រាត​ត្បាត​ខ្លាំងជាង​គេ​​នៅក្នុង​ប្រទេស​បី​​ គឺ ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​យ៉ាង​តឹង​តែង​ និង​ពេល​ខ្លះ​ជ្រុល​ហួសហេតុ។ ជាក់​ស្តែង​ ចាប់​ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃ​២១​​កញ្ញា​ចុង​សប្តាហ៍​នេះ ​សៀរ៉ាឡេអូននឹង​បង្ឃាំង​ពលរដ្ឋ​ទាំង​អស់​មិន​ឱ្យ​ចេញពី​ផ្ទះ។ វិធានការ​ដែល​អង្គការ​ការពារ​សិទ្ធមនុស្ស​ Humans Right Watch យល់​ថាគ្មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​សោះ។ អង្គការ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​ទាំង​បី​ប្រទេស​ រក​មធ្យោបាយ​ទប់​ស្កាត់​ជំងឺ​អេបូឡា ដែល​មិន​​រំលោភ​​សិទ្ធិ​មនុស្ស​ និង​ច្បាប់​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ