អានតួអត្ថបទ
រុស្ស៊ី

ជា​លើក​ទី១ អត្រា​រូបិយវត្ថុ​​រុស្ស៊ី​ធ្លាក់​​ដល់​​ជាង ៣៨​រូប្ល ក្នុង​​១ដុល្លារ ស.រ.អា

ការធ្លាក់នេះ ត្រូវបាន​គេកត់ត្រា​នៅលើ ”ទីផ្សារ​រូបិយវត្ថុ​អន្តរធនាគារ​ក្រុងម៉ូស្គូ “ ដែល​គ្រាន់តែ​បើកទ្វារ ចាប់​ដំណើរការ​ឡើងវិញ នៅថ្ងៃចន្ទ ទី១៥ កញ្ញា ដើមសប្តាហ៍​នេះ គឺ រង ភ្លាមភ្លែត ចំហាយ​នៃ​ទណ្ឌកម្ម​បន្ថែម ពី​ខាង​បស្ចិមលោក ដាក់ កាល​ពី​ចុង​សប្តាហ៍​មុន ទល់​នឹង រុស្ស៊ី ដើម្បី​បន្សោយ​សេដ្ឋកិច្ច​រុស្ស៊ី ឲ្យ​បាន​មែនទែន ដោយ​មកពី នយោបាយ​ក្រុងម៉ូស្គូ ចំពោះ វិបត្តិ នៅអ៊ុយក្រែន។  

អ្នកលក់​រុស្ស៊ី​រាប់លុយរូប្ល​រុស្ស៊ី កាលពី​ខែ​មីនាឆ្នាំ ២០១៤
អ្នកលក់​រុស្ស៊ី​រាប់លុយរូប្ល​រុស្ស៊ី កាលពី​ខែ​មីនាឆ្នាំ ២០១៤ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ទណ្ឌកម្ម​ពី​ខាង​សហភាព​អឺរ៉ុប និង ស.រ.អា. តាម​អ្នកវិភាគ គឺ​មាន​កត្តា​ចម្បង​ពីរ ដែល​ញ៉ាំង​ឲ្យ ប្រាក់​រូប្ល រុស្ស៊ី បន្ត​ចុះ​តម្លៃ ពោល​គឺ​ថា ៖ ទី១- មក​ពី​ថ្លៃ​ប្រេង នៅលើ​ទីផ្សារ ពិភពលោក នាពេល​ចុង​ក្រោយ ចេះ​តែ​ស្រុតចុះទៅ វា​ប៉ះពាល់​ដល់ ថវិកា​ជាតិ​រុស្ស៊ី ដែល អាស្រ័យ​យ៉ាងបង្គួរ នឹង​ខ្ទង់​ចំណូល បាន​មក​ពី​ការនាំចេញ​នៃ​ថាមពលនេះ , ទី២-អាស្រ័យ ដោយ​ផ្ទាល់​តែ​ម្តង នឹង​ស្ថានការណ៍ នៅអ៊ុយក្រែន គឺថា តាមធម្មតា គ្រាន់​តែ​វិបត្តិ​នេះ​ចាប់ ធូរស្រាល អត្រា​ប្រាក់រូប្ល តែង​ដក​កំពស់​ឡើង​វិញ​ភ្លាម។

 
ការធ្លាក់​ចុះ​ខ្លាំង​នៃ​លុយ​រូប្ល អាច​ច្រាន​អតិផរណា នៅរុស្ស៊ី ដែល​ឥឡូវ មាន​កម្រិត​ដល់៨% ទៅហើយ ឲ្យ​ស្ទុះឡើង ទៅទៀត មក​ពី​រុស្ស៊ី កាលពី​ដើម​ខែ សីហា កន្លងទៅ បាន​ចេញ​បម្រាមហាម មិន​ឲ្យ​នាំ​ចូល​នូវ​គ្រឿង​បរិភោគ​អឺរ៉ុប និង​អាមេរិក​មួយភាគ​ធំ បម្រាម​នេះចាប់​បង្កឲ្យ កើត​ឡើង ជា​កង្វះខ្លះៗ ម៉្លោះហើយ ជម្រុញ​ឲ្យ​វាឡើង​ថ្លៃ​ជា​បណ្តើរៗ។

មិនតែប៉ុណ្ណោះម៉ូស្គូព្រមានថា បើបស្ចិមលោក នៅតែបន្តដាក់ទណ្ឌកម្មរុស្ស៊ី នោះរុស្ស អាច នឹងបន្ថយ ឫ ឈប់នាំចូលពីបស្ចិមលោក តែម្តង គឺរថយន្ត សម្លៀកបំពាក់ ទូទឹកកក។ល។

ជា​លទ្ធផល​នៃ​ការជួញ​លើ​ទីផ្សារ​រូបិយវត្ថុនោះ ធនាគារ​ជាតិ​រុស្ស៊ី បាន​កំណត់ អត្រា​ប្រាក់រូប្ល សម្រាប់ ថ្ងៃ១៦កញ្ញានេះ ដូច​តទៅ ៖ គឺ ១ ដុល្លារ ស្មើនឹង ៣៧,៩៩ រូប្ល ហើយ ១អឺរ៉ូ ស្មើនឹង ៤៩,២០រូប្ល។ ជា​ការកត់​សម្គាល់ នៅរុស្ស៊ី មាន​និយមន័យ​មួយទៀត គឺ” កញ្ជ្រែង​ប្រាក់​ដុល្លារនិង ប្រាក់អឺរ៉ូ“ ដែល​ផ្សំឡើង ក្នុង​ចំណែក៥៥% ពីដុល្លារ និង ៤៥% ពីអឺរ៉ូ ហើយ​អត្រា​កញ្ជ្រែងនេះ ទល់​នឹង​ប្រាក់រូប្ល សម្រាប់ ថ្ងៃ១៦កញ្ញា គឺ ស្មើនឹង ៤៣,០៣រូប្ល។ ធនាគារជាតិ​បាន​ប្រកាស​ថា នឹង​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍ ដោយ​ចំណាយ ១លើកៗ គឺ ៣៥០លានដុល្លារ ដើម្បី​គាំទ្រ​ប្រាក់រូប្ល លុះណាតែ កញ្ជ្រែងនេះ ឡើង​ដល់​ថ្លៃ ៤៤,៤០រូប្ល។

បច្ចុប្បន្ន ស្តុក​រូបិយវត្ថុ និង​មាស​របស់​ធនាគារជាតិ​រុស្ស៊ី មាន​ទំហំ ៤៦៤.០០០លានដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ