អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលសុទ្ធតែជាសម្ព័ន្ធមិត្តអាមេរិក នៅតែបន្តមានភាពតានតឹងនឹងគ្នាខ្លាំង ជាពិសេសដោយសារតែជម្លោះពាណិជ្ជកម្ម។ ភាពមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរ នៅតែបន្តអូសបន្លាយជាច្រើនខែ ជាហេតុនាំឲ្យសហរដ្ឋអាមេរិក កើនចិត្តព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុដូចនេះហើយ តើអ្វីជាក្តីកង្វល់ស្នូលរបស់អាមេរិក នៅចំពោះភាពមិនចុះសម្រុងគ្នារវាងជប៉ុន និងកូរ៉េខាងត្បូង?

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha (ឆ្វេង) ប្រមុខការបរទេសអាមេរិកលោក Mike Pompeo (កណ្តាល) និងរដ្ឋរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងបាងកក នាថ្ងៃទី២ សីហា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha (ឆ្វេង) ប្រមុខការបរទេសអាមេរិកលោក Mike Pompeo (កណ្តាល) និងរដ្ឋរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងបាងកក នាថ្ងៃទី២ សីហា ឆ្នាំ២០១៩។ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ជម្លោះចុងក្រោយបង្អស់ រវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមដំបូងឡើយ ក្នុងខែតុលា ឆ្នាំ ២០១៨ កន្លងទៅ។ នៅពេលដែលតុលាការកូរ៉េខាងត្បូងសម្រេចឲ្យក្រុមហ៊ុនជប៉ុនទទួលខុសត្រូវ ចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់ប្រជាជនកូរ៉េខាងត្បូង ដោយបង្ខំនៅមុន និងអំឡុងសម័យសង្គ្រាមលោកលើកទី ២ ពោលនៅចន្លោះឆ្នាំ១៩១០-១៩៤៥។

បន្ថែមលើនេះ ភាពមិនចុះសម្រុងគ្នារវាងក្រុងតូក្យូ និងសេអ៊ូល បានកើនកម្តៅខ្លាំងមែនទែន នៅក្នុងខែសីហានេះ ក្រោយពីរដ្ឋាភិបាលជប៉ុន សម្រេចដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មរួចមក។

តែទោះជាបែបនេះក្តី បើតាមអ្នកជំនាញ ជម្លោះពាណិជ្ជកម្មជប៉ុន-កូរ៉េខាងត្បូង នឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់អ្នកទាំងពីរឡើយ ពីព្រោះថាវាជាជម្លោះមួយ ដែលមានលក្ខណៈជានិមិត្តច្រើនជាង។ ជានិមិត្តរូប សម្តែងចេញនូវគំនិតជាតិនិយមពីសំណាក់មេដឹកនាំរបស់ប្រទេសទាំងពីរ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋរបស់ខ្លួន។

ជាការពិត បើតាមលោក ផាទ្រីក ក្រូនីន (Patrick Cronin) អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយម្នាក់ ជប៉ុននិងកូរ៉េនឹងមិនធ្វើសង្គ្រាមនឹងគ្នានោះទេ។ ក៏ប៉ុន្តែ លោកថា អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ ភាពប្រេះឆា របស់ប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរួមគ្នា ដែលអាចនឹងជះផលអវិជ្ជមានធ្ងន់ធ្ងរ ដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នេះ ជាអ្វីដែលសហរដ្ឋអាមេរិក របស់លោកត្រាំ កំពុងខ្វល់ខ្វាយខ្លាំង។ ជាក់ស្តែង នៅគ្រាកន្លងមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រកាសហើយថា អាមេរិកត្រូវការ ការរួមចំណែកជាចាំបាច់ ពីសំណាក់ ជប៉ុននិងកូរ៉េខាងត្បូងដែលជាដៃគូដ៏សំខាន់ ដើម្បីទប់ទល់នឹងការលេចត្រដែតឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដូច្នោះហើយ នៅពេលឃើញតូក្យូ-សេអ៊ូល មានជម្លោះនឹងគ្នា អាមេរិកចិញ្ចឹមចិត្តបារម្ភខ្លាំង និងបានខិតខំ រិះរកគ្រប់វិធីទាំងអស់ ធ្វើយ៉ាងណាឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរ ងាកមកត្រូវរ៉ូវគ្នាវិញ ដើម្បីកុំឲ្យប្រទេសចិនឆ្លៀតឱកាសកេងចំណេញពីជម្លោះនេះបាន។

ទាក់ទងរឿងនេះដែរ គួររំឭកជូនថា ជារៀងរាល់ឆ្នាំ កូរ៉េខាងត្បូង តែងតែធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយជប៉ុន ចំនួនពីរដង នៅជិតកោះដុកដូ។ ជាទូទៅ សមយុទ្ធនេះ រួមមានកងកម្លាំងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន ក៏ដូចជាសមាជិកឆ្មាំសមុទ្រផងដែរ។

ប៉ុន្តែ សមយុទ្ធរួមគ្នាលើកទី១ នៅឆ្នាំ២០១៩នេះ ត្រូវបានសេអ៊ូលពន្យារពេល។ ជាការពន្យារពេល ដែលគេគិតថា កើតចេញមកពីការជម្លោះពាណិជ្ជកម្ម និងការទូត នៃប្រទេសក្បែរខាងទាំងពីរ។

ស្ថិតក្នុងបរិបទដូចពេលបច្ចុប្បន្ននេះ សម្រាប់អាមេរិក សម្ព័ន្ធភាពជាមួយប្រទេសជប៉ុន មិនចោទជាបញ្ហាធំដុំនោះទេ។ ជាក់ស្តែង បើតាមអ្នកជំនាញ សម្ព័ន្ធភាពអាមេរិក-ជប៉ុន ជាសម្ព័ន្ធភាពមួយដ៏រឹងមាំ ហើយនេះ គឺជាកម្លាំងស្នូលមួយបន្ថែមទៀត សម្រាប់ជោគជ័យនៃភូមិសាស្ត្រនយោបាយរបស់អាមេរិកនៅអាស៊ី។

ដោយឡែក ចំណងទាក់ទងជាមួយកូរ៉េខាងត្បូង អាចចាត់ទុកថា ជាក្តីកង្វល់ខ្លាំងរបស់អាមេរិក ក្នុងកាលៈទេសៈដូចពេលបច្ចុប្បន្ននេះ។ កាលៈទេសៈ ដែលកូរ៉េខាងត្បូង មិនត្រូវនឹងជប៉ុន និងក្នុងកាលៈទេសៈ ដែលចិនប្រឹងប្រែងអូសទាញកូរ៉េខាងត្បូង ឲ្យឃ្លាតឆ្ងាយពីសម្ព័ន្ធភាពទាំងជាមួយអាមេរិក និងជប៉ុន។

ពាក់ព័ន្ធរឿងនេះ គេមិនត្រូវភ្លេចទេថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យអាមេរិក ដាក់ពង្រាយប្រព័ន្ធខែលមីស៊ីល ព្រមទាំងកងទ័ពចំនួនប្រមាណជា ២ម៉ឺន ៩ ពាន់នាក់នៅលើទឹកដីរបស់ខ្លួន។

ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនេះហើយ ដែលចិនគិតថា ប្រើប្រាស់ដើម្បីស៊ើបការណ៍សំងាត់របស់ខ្លួន។ ដូច្នោះហើយ ដើម្បីយកឈ្នះវ៉ាស៊ីតោន រដ្ឋាភិបាលក្រុងប៉េកាំង បានខិតខំបង្កើនចំណងទាក់ទងល្អ ជាមួយសេអ៊ូលយ៉ាងខ្លាំង តាមរយៈការផ្តោះប្តូរពាណិជ្ជកម្ម នៅមួយរយៈពេលចុងក្រោយនេះ។

ការចែចូវរបស់ចិន ទៅកាន់កូរ៉េខាងត្បូង គឺបញ្ហាធំណាស់ សម្រាប់មន្ទីរបញ្ចកោណ ដែលកំពុងតស៊ូនឹងការលេចត្រដែតឡើងរបស់ចិនយ៉ាងស្វិតស្វាញ។ ក្រោមហេតុផលនេះហើយ ទើបរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper ខិតខំខ្នះខ្នែង ជំរុញឱ្យមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ងាកមកមានទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏កំពុងរង់ចាំមើលយ៉ាងសន្ទះសាផងដែរ ថាតើជប៉ុន និងកូរ៉េខាងត្បូងព្រមដកថយម្នាក់មួយជំហាន ដែរឬក៏អត់ ដើម្បីផលប្រយោជន៍រួម ឬអាចនិយាយម្យ៉ាងទៀតថា ដើម្បីការពារការគំរាមកំហែងពីសំណាក់ប្រទេសចិននោះ។

តែទោះជាយ៉ាងណាក៏ដោយ ដើម្បីជាចន្ទល់បន្ថែម ក្នុងការប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ មន្ទីរបញ្ចកោណ ក៏មានគម្រោងដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ជាគម្រោងដែលបានបញ្ឆេះកំហឹងចិនយ៉ាងខ្លាំង ពីព្រោះថាសម្រាប់ចិន ការដាក់ពង្រាយមីស៊ីលរបស់អាមេរិកនៅក្នុងតំបន់អាស៊ី គឺមិនខុសអីពីអាមេរិកឈរកាន់អាវុធ នៅចំពីមុខទ្វារផ្ទះរបស់ចិននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ