rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន កូរ៉េខាងត្បូង ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជប៉ុន​សម្រេច​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ពាណិជ្ជកម្ម​នៃ​ដៃគូ​នាំចេញ​

media
នាយករដ្ឋមន្ត្រីជប៉ុនលោកស្ហីនហ្សូ អាបេ។ REUTERS/Issei Kato

រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រទី២ សីហានេះ បានព្រមព្រៀងដកប្រទេសកូរ៉េខាងត្បូង ចេញពីបញ្ជីឈ្មោះដៃគូពាណិជ្ជកម្មក្នុងការនាំចេញ ទោះបីជាមានព្រមានពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងយ៉ាងណាក្តី។ សម្រាប់កូរ៉េខាងត្បូង ការសម្រេចរបស់ជប៉ុនបែបនេះ នឹងជះផលអវិជ្ជមានធ្ងន់ធ្ងរ ដល់ទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចគ្នា។


នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នាថ្ងៃនេះ រដ្ឋាភិបាល បានសម្រេចអនុម័តធ្វើវិសោធនកម្ម លើច្បាប់ត្រួតពិនិត្យការនាំចេញ...ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសអាស៊ីតែមួយគត់ដែលមាននៅក្នុងបញ្ជី នឹងត្រូវដកចេញ។ នេះគឺជាសម្តីរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនលោក Hiroshige Seko ប្រាប់ទៅកាន់អ្នកយកព័ត៌មាន។

ការសម្រេចចិត្តរបស់ក្រុងតូក្យូនេះ កើតឡើងទោះបីជា មានការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរ ពោលទាំងតូក្យូ និងសេអ៊ូល ឲ្យព្យាយាមចរចាគ្នា ដើម្បីដោះស្រាយបញ្ហាក៏ដោយ។

សម្រាប់ជប៉ុន ជប៉ុននិយាយថា វិធានការចុងក្រោយនេះ ពិតជាចាំបាច់ណាស់ សម្រាប់សន្តិសុខជាតិ និងថាកូរ៉េខាងត្បូង បានរំលោភលើច្បាប់នៃការនាំចេញ។

គួរជ្រាបថា ចំណាត់ការរបស់តូក្យូ ក្នុងការដកសេអ៊ូល ចេញពីបញ្ជីដៃគូនាំចេញ ដែលអាចជឿទុកចិត្តបាន ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែសីហា ខាងមុខនេះ។ ដែលនេះ មានន័យថាផលិតផលចាំបាច់រាប់រយមុខ ដែលត្រូវនាំចេញទៅកូរ៉េខាងត្បូង នឹងត្រូវត្រួតពិនិត្យកាន់តែតឹងរឹងទ្វេដង។

គួរជ្រាបទៀតថា ចំណាត់ការរបស់តូក្យូចុងក្រោយនេះ​ បានធ្វើឲ្យសេអ៊ូលមានការខឹងសម្បាជាខ្លាំង។ មន្ត្រីរដ្ឋាភិបាលសេអ៊ូលម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះដែរថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងក្នុងពេលឆាប់ៗនេះ ចំពោះការសម្រេចចិត្តរបស់តូក្យូ ដែលសេអ៊ូល ចាត់ថាជា ការសម្រេចដោយអយុត្តិធម៌ និងតាមទំនើងចិត្ត។

ទាក់ទងរឿងនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក​មូន ចែអ៊ីន​ នៅថ្ងៃសុក្រនេះ បាននិយាយនៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តី និងផ្សាយផ្ទាល់តាមទូរទស្សន៍ ថា ការសម្រេចរបស់ជប៉ុន គឺជាសកម្មភាពអាត្មានិយម ជាទង្វើបំផ្លិចបំផ្លាញ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក។

គួររំឭកថា ទំនាក់ទំនងរបស់កូរ៉េខាង​ត្បូង ​និង​ជប៉ុន ​ដែល​​សុទ្ធតែជា​សម្ព័ន្ធមិត្ត​អាមេរិក​ដូច​គ្នា បាន​ធ្លាក់ដុនដាបខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ដោយសារតែជម្លោះពាណិជ្ជកម្ម និងការទូត។

ដើមចមដំបូង ដែលធ្វើឲ្យប្រទេសទាំងពីរ ជួបភាពរង្គោះរង្គើនឹងគ្នាខ្លាំង គឺដរចេញមកពីរឿងដែល​កូរ៉េ​ខាង​ត្បូង​ ទាមទារ​​​ឲ្យ​​ជប៉ុន សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ ដែល​ត្រូវធ្វើការឲ្យក្រុមហ៊ុនជប៉ុនដោយ​បង្ខំ​នៅ​ក្នុង​សម័យ​សង្រ្គាម៕