rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ស្ដីពីការការពារទិន្នន័យ ចូលជាធរមាន

media
លោកស្រី Andrea Jelinek ប្រធានក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុប ថ្លែងសន្ទរកថាក្នុងថ្ងៃច្បាប់ការពារទិន្នន័យថ្មីចូលជាធរមាន ថ្ងៃទី២២ ឧសភា ២០១៨ REUTERS/Yves Herman

បន្ទាប់ពី​ករណី​ជាច្រើន​ទាក់ទឹន​ទៅនឹងការលេច​ធ្លាយទិន្នន័យ ឬទិញ-លក់ទិន្នន័យ​ឯកជន​នៅលើបណ្ដាញ​អ៊ីនធ័រនែត បានកើត​មានឡើង​កន្លងមក ច្បាប់ស្ដី​ពីការការពារ​ទិន្នន័យ​នៅអឺរ៉ុប ត្រួវបាន​កែសម្រួល​ឡើងវិញ ហើយច្បាប់ថ្មី​នេះចូលជា​ធរមាន នៅថ្ងៃសុក្រ ទី២៥ ខែឧសភា។ ច្បាប់ថ្មី​ស្ដីពីការការពារ​ទិន្នន័យឯកជន​នេះ នឹងចាប់ផ្ដើមដំបូង​ដោយអនុវត្តទៅលើ​ក្រុមហ៊ុនធំៗ ដែលប្រើប្រាស់​ព័ត៌មាន​សម្រាប់ផ្សាយ​ពាណិជ្ជកម្ម ហើយក្រុមហ៊ុន​ខ្នាតតូច​នានាអាច​សម្រប​តាមបណ្ដើរៗ។


សហភាព​អឺរ៉ុប​បានធ្វើការ​កែប្រែ​នូវច្បាប់ស្ដី​ពីការការពារ​ទិន្នន័យទូទៅ ដែលហៅកាត់ថា GDPR។​ នេះគឺជាវិធានការ​មួយរបស់​សហភាព​អឺរ៉ុប ក្នុងការបង្កើន​ការការពារ​ទិន្នន័យ​ឯកជន​ប្រជាពលរដ្ឋរបស់ខ្លួន អោយកាន់​តែមាន​ប្រសិទ្ធភាព។ ច្បាប់នេះ​ត្រូវបានកែ​សម្រួល​និងបញ្ចូល​បន្ថែម​នូវបទបញ្ញត្តិ​មួយចំនួន ហើយចូល​ជាធរមាន​ចាប់ពីថ្ងៃសុក្រ ទី២៥ ខែឧសភា។

បទបញ្ញត្តិ​សំខាន់ៗ កំណត់​ទៅលើអង្គភាព​សាធារណៈនិងក្រុមហ៊ុនឯកជន ក្នុងនោះរួមមានដូចជា ការប្រមូល​យកទិន្នន័យ​របស់អ្នកប្រើប្រាស់​ដែលស្ថិត​នៅក្នុងសហភាពអឺរ៉ុប ការផ្ទុកនិង​ការបញ្ជូនទិន្នន័យ​ទាំងនោះ​ទៅកាន់​ភាគីទី៣ ត្រូវបានដាក់ឡើង​នៅក្នុងច្បាប់ការពារ​ទិន្នន័យថ្មីនេះ។ អង្គភាពទាំងនោះ ត្រូវបើកចំហ​ជាងមុនអំពីទិន្នន័យ​ដែលពួកគេទទួលបាន ហើយពួកគេប្រើប្រាស់​ទិន្នន័យទាំងនោះ​យ៉ាងដូចម្ដេច។

ចំពោះបុគ្គល​ឯកជន ពួកគេត្រូវផ្តល់នូវ​ការអនុញ្ញាតអោយ​បានជាក់លាក់​សម្រាប់ការ​ប្រើប្រាស់ទិន្នន័យ​របស់ពួកគេ ហើយពួកគេមានសិទ្ធិ​បញ្ឍប់ការផ្ទេរ​ទិន្នន័យទៅភាគីទី៣ ឬស្នើអោយលុបចោលនូវ​ទិន្នន័យទាំងនោះ។

សហភាពអឺរ៉ុប បានអះអាងថា ច្បាប់នេះនឹងក្លាយ​ទៅជាស្តង់ដារពិភពលោក​មួយសម្រាប់ការការពារ​ព័ត៌មាន​នៅលើបណ្តាញ​អ៊ីនធឺរណែត ជាពិសេសបន្ទាប់ពី​មានរឿងអាស្រូវ​លេចធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​របស់ហ្វេសប៊ុក​រហូតដល់ទៅ​ជិត៨៧លាននាក់។

ប្រធានហ្វេកប៊ុក បានលើកឡើងនៅ​ក្នុងពេលចួល​បំភ្លឺរបស់លោក​នៅសភាអឺរ៉ុប​កាលពីថ្ងៃអង្គារ៍ ទី២២ ឧសភា ថា ក្រុមហ៊ុនហ្វេសប៊ុក​នឹងអនុវត្តគោរព​តាមការកំណត់​របស់ច្បាប់ការពារ​ទិន្នន័យថ្មីរបស់​សហភាពអឺរ៉ុប ហើយហ្វេសប៊ុក​នឹងធ្វើការវិនិយោគ​ខ្នាតធំៗ ដើម្បីការពារ​ទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន។

ក្រុមហ៊ុនបណ្ដាញ​ទំនាក់ទំនង​សង្គមធំៗ​ផ្សេងទៀត​ដូចជា Whatsapp និង Twitter ក៏បានបង្ហាញនូវការត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការអនុវត្តច្បាប់ថ្មីនេះ​ផងដែរ។​ ចំណែក​ឯក្រុមហ៊ុនជំនួញ​ខ្នាតតូចជាច្រើន បានសម្ដែង​នូវការព្រួយបារម្ភចំពោះ​ការអនុវត្តច្បាប់ថ្មីនេះ។

តែមន្ត្រីសហភាពអឺរ៉ុប បានអោយដឹងថា ដំបូងច្បាប់ការពារទិន្នន័យនេះ ថ្មីនេះនឹងផ្តោតសំខាន់តែលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយក្រុមហ៊ុនខ្នាតតូចនានា​អាចសម្របតាមបណ្ដើរៗ៕