អានតួអត្ថបទ

ចំណុចសំខាន់ៗ​គួរដឹង​ជុំវិញ​ដំណើរការ​ដកតំណែង​ប្រធានាធិបតី​ដូណាល់ត្រាំ

នៅថ្ងៃ​អង្គារ ២១ មករា ២០២០​នេះ ព្រឹទ្ធសភា​អាមេរិក​ចាប់បើក​ដំណើរការ​ជំនុំជម្រះ ដកតំណែង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយ​ពី​មាន​ការ​ចោទប្រកាន់​ផ្លូវការ​ពី​សំណាក់​រដ្ឋសភា ទៅលើ​បទល្មើស​ចំនួនពីរ គឺ​រំលោភអំណាច និង​រារាំង​ដំណើរការ​សភា។​ ខាងក្រោម​នេះ​ គឺ​ជា​ចំណុច​សំខាន់ៗ ដែល​គួរ​ដឹង ជុំវិញ​ដំណើរការ​ដក​តំណែង​ប្រធានាធិបតី​​ នៅ​សហរដ្ឋ​អាមេរិក។

លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក
លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

តើ​ក្នុងករណីណាខ្លះ​ដែល​ប្រធានាធិបតី​អាច​ត្រូវ​ដក​តំណែង?

យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី​អាច​ត្រូវ​ដក​តំណែង​នៅ​ក្នុង​ករណីប្រព្រឹត្តបទល្មើស “ក្បត់ជាតិ ស៊ីសំណូក ឬ​បទល្មើសតូចធំផ្សេងទៀត (Treason, Bribery, or other high Crimes and Misdemeanors)។ ពាក្យថា “បទល្មើសតូចធំផ្សេងទៀត” (other high Crimes and Misdemeanors) នេះហើយ ដែល​មាន​អត្ថន័យ​ទូលំទូលាយខ្លាំង ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេងៗគ្នា ក៏ប៉ុន្តែ ជាទូទៅ គេ​កំណត់​ថា ការ​ដកតំណែង​ប្រធានាធិបតី​​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ទាមទារ​ចាំបាច់​ថា​​ត្រូវ​តែ​មាន​បទល្មើស​ព្រហ្មទណ្ឌ​នោះទេ។

តើ​ការដកតំណែង​ប្រធានាធិបតី​មាន​ដំណើរការ​យ៉ាងដូចម្តេចខ្លះ?

ការដកតំណែង​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់​កាលសំខាន់ៗ​ពីរ​ គឺ រដ្ឋសភា​ជា​អ្នក​ចោទប្រកាន់ (Impeachment) ចំណែក​ព្រឹទ្ធសភា​ជា​អ្នក​ជំនុំជម្រះ (Trial) ដើម្បី​សម្រេច​ដកតំណែងប្រធានាធិបតី។

នៅ​ក្នុង​រដ្ឋសភា ការ​សម្រេច​ចោទប្រកាន់​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ដោយ​សំឡេង​ភាគច្រើន។ រដ្ឋសភា​អាច​ស្នើ​នូវ​ការ​ចោទប្រកាន់​លើ​ច្រើន​បទល្មើស ហើយ​​ក្នុង​ចំណោម​ការចោទប្រកាន់​អស់ទាំងនេះ ឲ្យ​តែ​មាន​ការចោទប្រកាន់​ណាមួយ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធសភា​ជំនុំជម្រះ។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ជំនុំជម្រះ ប្រធានាធិបតី​នៅតែ​បន្ត​កាន់​តំណែង​ជា​ធម្មតា។

ដំណើរការ​ជំនុំជម្រះ​ប្រធានាធិបតី​នៅ​ក្នុង​ព្រឹទ្ធសភា​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​រូបភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ដំណើរការ​ជំនុំជម្រះ​របស់​តុលាការ​ព្រហ្មទណ្ឌ​ដែរ ដោយ​ប្រធានតុលាការ​កំពូល​ដើរតួនាទី​ជា​ប្រធាន​អង្គជំនុំជម្រះ តំណាង​រដ្ឋសភា​ដើរតួនាទី​ជា​រដ្ឋអាជ្ញា ចំណែក​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​គឺ​ជាគណៈវិនិច្ឆ័យ។ ដើម្បី​អាច​សម្រេច​ដក​តំណែង​ប្រធានាធិបតី​បាន ព្រឹទ្ធសភា​ត្រូវការ​សំឡេង​ភាគច្រើន​រហូត​ដល់​ទៅ ៦៧សំឡេង ក្នុង​ចំណោម​សមាជិក​ទាំង១០០រូប។

នីតិវិធី​នេះ​មានន័យ​ថា ការ​ដក​តំណែង​ប្រធានាធិបតី​​ទាមទារ​ជា​ចាំបាច់​ឲ្យ​មាន​ការ​ឯកភាពគ្នា​​ពី​សំណាក់​សភា​ទាំងពីរ ពីព្រោះ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា មាន​តែ​រដ្ឋសភាមួយគត់​ដែល​មាន​សិទ្ធិ​ផ្តួចផ្តើម​គំនិត​បើ​កនីតិវិធី​ស៊ើបអង្កេត និង​​​អនុម័ត​លើ​ការ​ចោទប្រកាន់​ប្រធានាធិបតី​បាន។ បើ​គ្មាន​ការ​អនុម័ត​ពី​សំណាក់​រដ្ឋសភា​ទេនោះ ព្រឹទ្ធសភា​មិន​អាច​ផ្តួចផ្តើម​គំនិត​ដោយ​ខ្លួនឯង ដើម្បី​យក​ប្រធានាធិបតី​មក​ជំនុំជម្រះ ដើម្បី​ដក​តំណែង​បាន​នោះទេ។ ដូចគ្នា ប្រសិនបើ​រដ្ឋសភា​អនុម័ត​ចោទប្រកាន់​លើ​ប្រធានាធិបតី​រួចហើយ ក៏ប៉ុន្តែ ព្រឹទ្ធសភា​មិន​អនុម័ត​ដក​តំណែង​ប្រធានាធិបតី​ទេនោះ ប្រធានាធិបតី​នឹង​នៅតែ​បន្ត​កាន់​តំណែង​ដូចពីមុន​ដដែល។

តើ​កន្លងមក​ធ្លាប់​មាន​ការដកតំណែងប្រធានាធិបតី​អាមេរិក​ដែរ​ឬទេ?

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក ចាប់តាំង​ពី​បង្កើតឡើងមក មិនធ្លាប់​ដែល​មាន​ប្រធានាធិបតី​រូបណា​ត្រូវ​បាន​ដកតំណែង​​ដោយ​សភា​នោះទេ។

ដំណើរការ​ដក​តំណែង​ប្រធានាធិបតី​ធ្លាប់​ត្រូវ​បាន​បើក​ធ្វើ​ទៅលើ​​ប្រធានាធិបតី​​ចំនួន ៣រូប គឺ​លោក​ប៊ីល គ្លីនតុន កាល​ពី​ឆ្នាំ១៩៩៨ លោក​រីឆាត និចសុន កាល​ពី​ឆ្នាំ​១៩៧៣ និង​លោក​អ៊ែនឌ្រូ ចនសុន កាល​ពី​ឆ្នាំ១៨៦៨។

លោក​ប៊ីល គ្លីនតុន និង​លោក​អ៊ែនឌ្រូ ចនសុន ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ចោទប្រកាន់ (Impeach) ក៏ប៉ុន្តែ សុទ្ធតែ​មិន​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដកតំណែង។ ចំណែក​ឯ​លោក​រីឆាត និចសុន​វិញ​បាន​លាឈប់​ពីមុខ​តំណែង នៅ​ឆ្នាំ១៩៧៤ តាំង​ពី​មុន​ពេល​ដែល​ព្រឹទ្ធសភា​ចាប់ផ្តើម​បើក​ការ​ជំនុំជម្រះលើ​រូបលោក​ទៅទៀត។

តើមាន​ដំណើរហេតុអ្វី​បាន​ជា​លោក​ដូណាល់​ត្រាំ​ត្រូវ​ប្រឈម​នឹង​ការ​ដកតំណែងនៅ​ពេលនេះ? តើហេតុអ្វីបាន​ជា​ត្រូវ​ទៅ​ជាប់ពាក់ព័ន្ធ​ដល់​ប្រទេស​អ៊ុយក្រែន?

​ការ​ទាមទារ​ឲ្យ​រដ្ឋសភា​បើក​ការស៊ើបអង្កេត​ដក​តំណែង​លោក​ដូណាល់​ ត្រាំ បាន​កើតមានឡើង​តាំង​ពី​ក្នុង​សំណុំរឿង​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ទៅលើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។ ក៏ប៉ុន្តែ រឿង​អាស្រូវ​ដែល​នាំ​ទៅ​ដល់​ការ​ស៊ើបអង្កេត​ដកតំណែង​លោក​នៅ​ពេលនេះ គឺ​ទាក់ទង​នឹង​អ៊ុយក្រែន។

រឿងអាស្រូវ​ទាក់ទង​នឹង​អ៊ុយក្រែន​នេះ​បាន​ចាប់ផ្តើម​ផ្ទុះឡើង កាល​ពី​ខែកញ្ញា​ឆ្នាំ២០១៩ នៅ​ក្រោយ​ពី​មាន​ការ​លេចធ្លាយ​ព័ត៌មាន​ថា មន្រ្តី​ចារកិច្ច​អាមេរិក​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ដាក់ពាក្យ​បណ្តឹង (តាមភាសា​អង់គ្លេស​ថា wistleblower complaint) ទៅកាន់​អគ្គាធិការ​នៃ​ក្រសួង​ចារកិច្ច ដើម្បី​លើកឡើង​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ុយក្រែន ជាពិសេស ទាក់ទង​នឹង​កិច្ចសន្ទនា​​តាម​ទូរស័ព្ទ កាល​ពីថ្ងៃ​ទី២៥ កក្កដា ២០១៩ រវាង​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។

រដ្ឋសភា​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​បណ្តឹង​របស់​ទីភ្នាក់ងារចារកិច្ច​ទៅ​ឲ្យ​គណៈកម្មការ​សភា​ទទួល​បន្ទុក​ចារកិច្ច ក៏ប៉ុន្តែ រដ្ឋាភិបាល​បដិសេធ។ នៅថ្ងៃ​ទី២៤​ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ណានស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភា​ក៏​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ដក​តំណែង​លោក​ដូណាល់ ត្រាំ។

នៅ​ក្នុង​កំណត់ហេតុ​​សង្ខេបនៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ថ្ងៃទី២៥កក្កដា ដែល​លោក​ដូណាល់ ត្រាំ​បាន​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ជាសាធារណៈ គេ​ឃើញ​ថា នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ដូណាល់ ត្រាំ បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅលើ​លោក​ចូ បាយដិន ដែល​ជា​អតីត​អនុប្រធានាធិបតី និង​ជា​បេក្ខជន​ប្រធានាធិបតី ប្រជែង​ជាមួយ​លោក​ដូណាល់ ត្រាំ នៅ​ឆ្នាំ២០២០​ខាងមុខ។ លោក​ដូណាល់ ត្រាំ តែងតែ​បាន​អះអាង​ថា កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ គឺ “ល្អឥតខ្ចោះ”។

តាមរយៈព័ត៌មាន​ដែល​លេចធ្លាយ​តាម​បណ្តាញ​សារព័ត៌មាន ហើយ​ក្រោយ​មក​ទៀត ត្រូវ​បាន​បញ្ជាក់​ដោយ​ឯកសារ និង​សក្ខីកម្ម​នៃ​មន្រ្តី​ការទូត គេ​ក៏​អាច​ដឹង​ផងដែរ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​លោក​បាយដិន​នោះ លោក​ដូណាល់ ត្រាំបាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​គម្រោង​បញ្ជូន​ជំនួយ​ផ្នែក​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន។

ហេតុដូច្នេះហើយ​បាន​ជា​លោក​ដូណាល់ ត្រាំ ត្រូវ​រង​នូវការ​ចោទប្រកាន់​ថា បាន​រំលោភ​អំណាច​ ដោយ​យក​​តំណែង​​ជា​ប្រធានាធិបតី​​ទៅ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​បរទេស ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​គូប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ពោលគឺ ប្រើ​អំណាច​ប្រធានាធិបតី ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន។

តើ​ដំណើរការ​ដកតំណែង​អាច​នឹង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន?

រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​នោះទេ ដោយ​អ្វីៗ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​សភា។ តាមរយៈបទពិសោធន៍​កន្លង គេ​សង្កេតឃើញ​ថា ដំណើរការ​ដកតំណែង​ប្រធានាធិបតី​​​អាច​អូសបន្លាយពេល​រហូត​ដល់​ទៅ​រាប់ខែ។ ដំណើរការ​ដក​តំណែង​លោក​អ៊ែនឌ្រូ ចនសុន នៅ​ឆ្នាំ​១៨៦៨ មាន​រយៈពេល​ជាង​៣ខែ (៩៤ថ្ងៃ) ករណី​លោក​រីឆាត និចសុន នៅ​ឆ្នាំ១៩៧៣ មាន​រយៈពេល​ជាង ៦ខែ (១៨៤​ថ្ងៃ ចាប់​ពី​ពេល​សភា​បើក​ការ​ស៊ើបអង្កេត រហូត​ដល់​ថ្ងៃ​ដែល​លោក​និចសុន​លាឈប់​ពី​តំណែង) ចំណែក​ករណី​លោក​ប៊ីល គ្លីនតុន​ នៅ​ឆ្នាំ១៩៩៨​វិញ មាន​រយៈពេល​ជាង ៤ខែ (១២៧ថ្ងៃ)។

នៅ​ក្នុងករណី​លោក​ដូណាល់ ត្រាំ នៅ​ពេលនេះ​ លោក​ស្រី ណានស៊ី ប៉េឡូស៊ី ធ្លាប់​បាន​លើកឡើង​ថា ដំណើរការ​ស៊ើបអង្កេត​ដក​តំណែង​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​កម្រិត​រដ្ឋសភា នឹង​ត្រូវ​ធ្វើ​ឡើង​​យ៉ាង​ឆាប់​រហ័ស ក៏ប៉ុន្តែ ទោះជា​យ៉ាងណា លោកស្រី​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នោះទេ។ ថ្នាក់ដឹកនាំ​រដ្ឋសភា​ដែល​កាន់កាប់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ធ្លាប់​បាន​បង្ហើប​ឲ្យដឹង​ថា គេ​គ្រោង​នឹង​បិទបញ្ចប់​ការ​ស៊ើបអង្កេត និង​បោះឆ្នោត​អនុម័ត​លើ​បទចោទប្រកាន់​លោក​ដូណាល់ ត្រាំ នៅ​អំឡុង​បុណ្យ​ណូអែល​ឆ្នាំ២០១៩។

តើ​លោក​ដូណាល់​ត្រាំ​ពិត​ជា​នឹង​អាច​ត្រូវ​សភា​ដកតំណែង​ដែរ​ឬទេ?

ការចោទប្រកាន់​លើ​លោក​ដូណាល់ ត្រាំ (Impeachment) វា​មិនមែន​ជា​រឿង​ពិបាក​នោះទេ សម្រាប់​រដ្ឋសភា ដោយសារ​តែ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ ហើយ​ការ​អនុម័ត​ចោទប្រកាន់​ប្រធានាធិបតី ទាមទារ​ការគាំទ្រ​ត្រឹម​សំឡេង​ភាគច្រើន​ធម្មតា។ ក៏ប៉ុន្តែ ការ​ជំនុំជម្រះ (Trial) នៅ​ព្រឹទ្ធសភា វា​គឺ​ជា​រឿង​ផ្សេង។ ដើម្បី​អាច​ដក​តំណែង​លោក​ដូណាល់ ត្រាំ គេ​ត្រូវការ​ជាចាំបាច់​នូវ​សំឡេង​គាំទ្រ​​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​យ៉ាងតិច ៦៧​រូប។ ក៏ប៉ុន្តែ ព្រឹទ្ធសភា​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការកាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សមាជិក​ចំនួន ៥៣ ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សមាជិក​ ៤៥ ចំណែក​សមាជិក​ ២រូបផ្សេងទៀត ជា​អ្នក​នយោបាយ​ឯករាជ្យ​គ្មាន​គណបក្ស។

ដូច្នេះ បើ​ទោះបីជា​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​​ឯករាជ្យ បូក​បញ្ចូល​គ្នា​ក៏​នៅតែ​មិនមាន​សំឡេង​គ្រប់គ្រាន់​នោះដែរ ដោយ​គេ​ត្រូវការ​ជាចាំបាច់​នូវ​ការគាំទ្រ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច ២០​រូប ទើប​អាច​ អនុម័ត​ដក​តំណែង​លោក​ដូណាល់ ត្រាំ បាន។

ហេតុដូច្នេះហើយ​បាន​ជា​សេណារីយ៉ូ ដែល​គេមើល​ឃើញ​ច្រើន​ជាងគេ គឺ​លោក​ដូណាល់ ត្រាំ ទោះជាត្រូវ​រដ្ឋសភា​ចោទប្រកាន់ ក៏ប៉ុន្តែ ព្រឹទ្ធសភា​មិន​សម្រេច​ដកតំណែង ពោលគឺ ដូច​គ្នា​ទៅនឹង​ករណី​លោក​ប៊ីល គ្លីនតុន ឬ​ក៏​លោក​អ៊ែនឌ្រូ ចនសុន កាល​ពី​ពេល​កន្លងមក។

ប្រសិនបើ​លោក​ដូណាល់​ត្រាំ​ត្រូវ​ដក​តំណែង តើ​នឹង​មាន​អ្វីកើតឡើង?

ប្រសិនបើ​លោក​ដូណាល់ ត្រាំ ពិត​ជា​ត្រូវ​សភា​ដក​តំណែង​មែន (រដ្ឋសភា​ចោទប្រកាន់ ហើយ​ព្រឹទ្ធសភាដកតំណែង) លោក​អនុប្រធានាធិបតី ម៉ៃខ៍ ផិនស៍ ត្រូវ​ឡើង​មក​កាន់តំណែង​ជំនួស។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ម៉ៃខ៍ ផិនស៍ ខ្លួនឯង​ផ្ទាល់ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អ៊ុយក្រែន​ជាមួយ​នឹង​លោក​ដូណាល់ ត្រាំដែរ។

ប្រសិនបើ​លោក​ដូណាល់ ត្រាំ និង​លោក​ម៉ៃខ៍ ផិនស៍ ត្រូវ​សភា​ដក​តំណែង​ទាំងពីរ​រូប តំណែង​ប្រធានាធិបតី​នឹង​ត្រូវ​ធ្លាក់​ទៅលើ​ប្រធាន​រដ្ឋសភា គឺ​លោកស្រី ណានស៊ី ប៉េឡូស៊ី ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ