rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ដូណាល់ត្រាំ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចៅក្រម​បង្គាប់​ឲ្យ​លោក​ដូណាល់ត្រាំ​បង់លុយ​២លាន​ដុល្លារ​រឿង​យក​មូលនិធិ​សប្បុរសធម៌​ទៅ​ប្រើ​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន

media
លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Jonathan Ernst

ចៅក្រម​តុលាការ​កំពូល​ញូយ៉ក​បាន​ចេញ​សេចក្តីសម្រេច កាល​ពីថ្ងៃ​ព្រហស្បតិ៍ បង្គាប់​ឲ្យ​លោក​ដូណាល់​ ត្រាំ បង់លុយ​ចំនួន ២លាន​ដុល្លារ​អាមេរិក ពីបទ​ថា​បាន​ប្រើប្រាស់​​មូលនិធិ​ ​សប្បុរស​ធម៌​របស់​លោក​​ ដើម្បី​បម្រើ​ផលប្រយោជន៍​ជំនួញ និងនយោបាយ​ផ្ទាល់ខ្លួន។ មូលនិធិ​ដែល​លោក​ដូណាល់​ត្រាំ​បាន​ព្រមព្រៀង​​បិទចោល​ទៅវិញ កាល​ពី​ខែ​ធ្នូ​កន្លងទៅ។


សេចក្តីសម្រេច​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​ចៅក្រម​តុលាការ​កំពូល​​នៃ​រដ្ឋ​ញូយ៉ក ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​សម្របសម្រួល​បញ្ចប់​វិវាទ រវាង​លោក​ដូណាល់ ត្រាំ និង​រដ្ឋអាជ្ញា ដែល​ជា​ដើម​បណ្តឹង ដោយ​មិន​ចាំបាច់​ឈាន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​។

គួររំឭកឡើងវិញ​ថា រដ្ឋអាជ្ញាញូយ៉ក​បាន​ប្តឹងមូលនិធិរបស់​លោក​ដូណាល់ត្រាំ កាល​ពី​ខែមិថុនា​កន្លងទៅ ដោយចោទថា លោក​ដូណាល់ ត្រាំ​បានយក​មូលនិធិ ដែល​បង្កើតឡើង​ក្នុង​គោលដៅ​សប្បុរសធម៌ ទៅ​ប្រើប្រាស់​​ដើម្បី​បម្រើផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​​រំលោភ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​មូលនិធិ​សប្បុរសធម៌។ ក្រោយ​ពី​មាន​បណ្តឹង​នេះ លោក​ដូណាល់ ត្រាំ បាន​ព្រមព្រៀងរំលាយ​មូលនិធិ​របស់​លោក​ចោលវិញ កាល​ពីខែ​ធ្នូ​ ក៏ប៉ុន្តែ ក្រោយ​ការ​រំលាយ​មូលនិធិ​នេះ ក្តីក្តាំ​នៅ​តុលាការ​នៅតែ​បន្ត​ទៅមុខ។

នៅ​ក្នុង​បណ្តឹង​នេះ រដ្ឋអាជ្ញា​ញូយ៉ក​បាន​ទាមទារ​ឲ្យ​លោក​ដូណាល់ ត្រាំ សងលុយចំនួន ២លាន៨សែន​ដុល្លារ​ទៅ​ឲ្យ​មូលនិធិវិញ ព្រមទាំង​បង់លុយ​ពិន័យ​បន្ថែម​ពីលើ​នេះ។ ចំណែក​លោក​ដូណាល់​ ត្រាំ​វិញ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់ ហើយ​ធ្លាប់​បាន​ប្រកាស​ថា​នឹង​តតាំង​នឹង​បណ្តឹង​នេះ​រហូត​ដល់​ទី​បញ្ចប់។

ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា កាល​ពី​ខែ​តុលា​កន្លងទៅ​ ដោយ​ឲ្យ​ចៅក្រម​តុលាការ​កំពូល​សម្រេច​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង ដើម្បី​ឈាន​ទៅ​​​បិទបញ្ចប់​ក្តីក្តាំ​ត្រឹម​នេះ។

នៅ​ក្នុង​សេចក្តីសម្រេច​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​តុលាការ​កំពូល​រដ្ឋញូយ៉ក​បាន​លើកឡើង​ថា លោក​ដូណាល់ ត្រាំ​ ពិត​ជា​បាន​រំលោភ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​មូលនិធិ​មែន ជាពិសេស តាមរយៈ​ការយក​ឈ្មោះ​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​ទៅ​ប្រើប្រាស់ នៅ​ក្នុងពិធី​រៃអង្គាស​លុយ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។

ចៅក្រម​ក៏​បាន​បង្គាប់​ឲ្យ​លោក​ដូណាល់ ត្រាំ បង់លុយ​ចំនួន ២លាន​ដុល្លារ ជា​សំណង​ខូចខាត ដែល​តាមពិត លុយ​នេះ​គួរ​ត្រូវ​បង្វែរ​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​របស់​លោក​ដូណាល់ ត្រាំវិញ ក៏ប៉ុន្តែ ដោយសារ​តែ​មូលនិធិ​ត្រូវ​បាន​រំលាយ​ទៅហើយ លុយ​ទាំង ២លាន​ដុល្លារ​នេះ​នឹង​ត្រូវ​​ផ្ទេរ​​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​​ចំនួន ៨​​ផ្សេងទៀត។

ក្រោយ​ពី​មាន​សេចក្តីសម្រេច​នេះ លោក​ដូណាល់ ត្រាំ​បាន​លើកឡើង​ថា លោក​គឺ​ជា​មនុស្សតែម្នាក់គត់​ ឬ​ប្រហែល​ជា​តែម្នាក់​នៅ​ក្នុង​ពិភពលោក​ទាំងមូល ដែល​បាន​បរិច្ចាគ​លុយ​យ៉ាងច្រើន​ក្នុងការងារ​សប្បុរសធម៌​ ក៏ប៉ុន្តែ​បែរ​ជា​ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់​អ្នក​នយោបាយ​នៅ​រដ្ឋ​ញូយ៉កទៅវិញ៕