rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

ដោយ អ៊ុង គឹមអ៊ាន់

សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់បញ្ចូលឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ និងបានទាមទារឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ ឈប់រកស៊ី និងបន្តមានទំនងទំនងជាមួយ Huawei ក្រោមហេតុផលសន្តិសុខ។

កម្លាំងនៃចលនាប្រឆាំងនេះ មិនបានធ្វើឲ្យក្រុមហ៊ុនគមនាគមន៍ដ៏ធំរបស់ចិនគឺ ក្រុមហ៊ុន Huawei មានការខ្លាចរអា និងអស់ផ្លូវដើរនោះទេ។ មិនតែប៉ុណ្ណោះ ដើម្បីពង្រឹងនូវភាពរឹងមាំរបស់ខ្លួន Huawei បានខិតខំពង្រីកវត្ថមាននៅក្នុងទ្វីបអាហ្វ្រិកកាន់តែខ្លាំងទ្វេឡើង។ និន្នាការថ្មីនេះ ធ្វើឲ្យគេគិតថា អាហ្វ្រិកអាចនឹងក្លាយទៅជាកន្លែងប្រឈមមុខដាក់គ្នាថ្មីដ៏ក្តៅគគុកមួយ រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។

តើក្រុមហ៊ុន Huawei មានមុខជំនួញច្រើនប៉ុណ្ណានៅអាហ្វ្រិក? ហើយក្នុងករណីដែលតំបន់ក្លាយទៅជាទីលានប្រឈមមុខគ្នារវាងអាមេរិក និងចិន មែននោះ តើអាហ្វ្រិកគួរជ្រើសរើសយកខាងណា? អាមេរិក ឬក៏ចិន?

ក្រុមហ៊ុន Huawei គឺជាកត្តាចំបងមួយ ដែលបណ្តាលឲ្យភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន កើនឡើងឥតឈប់នៅមួយរយៈពេលចុងក្រោយនេះ។ ទីផ្សាររបស់ Huawei នៅក្នុងទឹកដីអាមេរិក ត្រូវរាំងខ្ទប់ ហើយក្រុមហ៊ុន Google របស់អាមេរិក និងក្រុមហ៊ុនប្រតិបត្តិករមួយចំនួនទៀតនៅអឺរ៉ុប ក៏បានដកខ្លួន លែងបន្តការរកស៊ីជាមួយ Huawei ដែរ ក្រោយការប្រកាសទាមទាររបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។

ទោះបីជាទីផ្សារនៅលោកខាងលិចមានបញ្ហា និងមិនអាចដើររលូនទៅមុខបានដូចក្នុងពេលអតីតកាលយ៉ាងណាក្តី តែនេះមិនមែនជាឧបសគ្គរាំងស្ទះដល់ដំណើររកស៊ី បន្តទៅមុខទៀតរបស់ក្រុមហ៊ុន Huawei ឡើយ។  

ជាក់ស្តែង ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យាឈានរបស់ចិនគឺលោក​យិន ឆឹងហ្វៃ (Ren Zhengfei)​ ធ្លាប់បាន​ចេញមុខ​អះអាងហើយថា ​ពិភពលោក ​ចៀសមិ​នប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប​ និង​ឈានមុនគេ​របស់ Huawei បានឡើយ​។ នៅគ្រាកន្លងមក លោក​ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន​ BBC ថា​ ប្រសិនណាបើ​គ្មាន​ពន្លឺ​នៅ​ទិស​ខាងលិចនោះទេ​ លោក​នឹង​ធ្វើឲ្យ​ពន្លឺរះ​ភ្លឺ​ចែងចាំង​ពីទិស​ខាងកើតវិញ​។

ជាការពិត នាពេលនេះ គេសម្លឹងឃើញ ក្រុមហ៊ុនHuawei បានបែរទៅបង្កើនសង្វាក់នៃការរកស៊ីយ៉ាងសន្ធឹកនៅអាហ្វ្រិក។ អាហ្វ្រិក ជាទីតាំងដែលក្រុមហ៊ុនចិនមួយនេះ បានកសាងមុខជំនួញរបស់ខ្លួនបានយ៉ាងល្អរួចស្រាប់ទៅហើយ តាំងតែពីឆ្នាំ១៩៩៨ មកម្ល៉េះ។

ពាក់ព័ន្ធរឿងនេះដែរ គេត្រូវដឹងទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ Huawei កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៤០ នៅអាហ្វ្រិក និងបានដំឡើងប្រព័ន្ធ 4G ដែលគ្របដណ្តប់ទឹកដីអាហ្វ្រិកទាំងមូលជាពាក់កណ្តាលឯណោះ។

ក្រៅពីនេះ ក្រុមហ៊ុនចិន Huawei ក៏ទទួលបានសិទ្ធិក្នុងការដំឡើងបច្ចេកវិទ្យាឈានមុខគេ គឺប្រព័ន្ធ5G នៅក្នុងប្រទេសអេហ្ស៊ីប សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់អាហ្វ្រិក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ មិថុនា រហូតដល់ថ្ងៃទី ១៩ កក្តដាខាងមុខនេះដែរ។

ក្រៅពីនេះ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងមួយ ជាមួយនឹងសហភាពអាហ្វ្រិក ដើម្បីពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់។   

នៅមានលើសនេះទៅទៀត ពោលក្រៅតែពី លក់ទូរស័ព្ទដៃស្មាតហ្វូន និងដំឡើងបណ្តាញទូរស័ព្ទ ក្រុមហ៊ុន Huawei បានផ្តល់នូវវគ្គបណ្តុះបណ្តាលជាពិសេស អំពីបច្ចេកវិទ្យាឈានមុខ5G នៅតាមសាកលវិទ្យាល័យធំៗ នៅអាហ្វ្រិកខាងត្បូងទៀតផង។

បន្ថែមលើនេះ កាលពីខែមេសា កន្លងទៅ រដ្ឋាភិបាលកេនយ៉ា និងក្រុមហ៊ុន Huawei បានចុះកុងត្រារួមគ្នាមួយ លើគម្រោងកសាងទីក្រុងឆ្លាតវៃ និងកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ គម្រោងនេះមានតម្លៃទឹកប្រាក់ចំនួន ១៧២ លានដុល្លារ។

ទាញចេញពីការរៀបរាប់ខាងលើ គេអាចសន្និដ្ឋានបានថា ទោះបីជា ទីផ្សារនៅលោកខាងលិចមិនសូវកាក់កប តែក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei អាចក្តោបក្តាប់បានទីផ្សារយ៉ាងច្រើន និងមាំទាំខ្លាំងនៅក្នុងទ្វីបអាហ្វ្រិក។

ស្របពេលដែល វត្ថមានរបស់ Huawei នៅទ្វីបអាហ្វ្រិក កំពុងរីកចម្រើនខ្លាំង គេក៏ចាប់ខ្លួនព្រួយបារម្ភថា អាហ្វ្រិក អាចក្លាយជាតំបន់ប្រឈមមុខគ្នារវាងប្រទេសមហាអំណាចចិន និងអាមេរិក។ ចុះបើករណីនេះ កើតមានឡើងពិតប្រាកដមែន តើអាហ្វ្រិកនឹងជ្រើសរើសដើរតាមមហាអំណាចមួយណាទៅ?

នេះជាសំណួរ ដែលគេអាចសន្និដ្ឋានបានថាស្មុគស្មាញ និងពិបាកនឹងរកចម្លើយ។

ទាក់ទងរឿងនេះដែរ បើយោងតាមអ្នកវិភាគឯករាជ្យស្តីអំពីបញ្ហាសេដ្ឋកិច្ចម្នាក់ គឺលោក Aly-Khan Satchu បណ្តាប្រទេសនៅអាហ្វ្រិក ប្រាកដណាស់នឹងត្រូវជ្រើសរើសរវាងអាមេរិក និងចិន ប្រសិនបើ តំបន់នេះក្លាយទៅជាទីលានប្រកួតគ្នារវាងមហាអំណាចទាំងពីរ។ នេះមានន័យថា បើរើសយកអាមេរិក នោះប្រទេសទាំងនោះនឹងក្លាយទៅជាសត្រូវរបស់ចិន។ ផ្ទុយទៅវិញ បើជ្រើសយកចិន ប្រទេសទាំងនោះ នឹងក្លាយទៅជាសត្រូវរបស់អាមេរិក។

តែទោះជាយ៉ាងណាក្តី ក្នុងកាលៈទេសៈដូចពេលបច្ចុប្បន្ននេះ គឺក្នុងពេលដែលវត្ថមានរបស់ Huawei បានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំទៅហើយនៅអាហ្វ្រិក បណ្តាប្រទេសនៅអាហ្វ្រិកទំនងជាពិបាកក្នុងការបោះបង់ និងកាត់ផ្តាច់សហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងខ្លាំងណាស់។

ដោយឡែក ជុំវិញប្រធានបទនេះដែរ លោក Ruben Nizard ដែលជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចម្នាក់ និងជាអ្នកឯកទេសខាងកិច្ចការក្នុងតំបន់អាហ្វ្រិក បានឲ្យយោបល់ថា ក្នុងករណីដែលអាហ្វ្រិក នៅចំកណ្ដាលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនមែននោះ បណ្តាប្រទេសអាហ្វ្រិក មិនគួរចូលខ្លួនទៅពាក់ព័ន្ធ ឬកាន់ជើងខាងភាគីណាមួយឡើយ ពីព្រោះថាពួកគេគ្មានអ្វីចំណេញបន្តិចសោះឡើយ ពីជម្លោះមួយនេះ៕

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?