អានតួអត្ថបទ

បច្ចេកវិទ្យា​របស់​ចិន​បោះជំហាន​ទៅមុខ​ខ្លាំង​ប៉ុន្តែ​កត្តា​សុវត្ថិភាព​នៅបន្ត​ចោទ​ជា​បញ្ហា​

បច្ចេកវិទ្យា​របស់​ចិន​ កំពុង​មាន​ការរីកចម្រើន​ និងមាន​ឥទ្ធិពលខ្លាំង​គ្របដណ្តប់​លើ​វិស័យ​ទូរគមនាគមន៍​ពិភពលោក​។ ក៏ប៉ុន្តែ​ បញ្ហាសន្តិសុខ​ គឺជា​បញ្ហាចោទ​ចំពោះ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​ 5G​ ដែល​កំពុង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់ចិន​ Huawei​។ នេះ​ គឺ​ជាការ​ក្រើន​រំឭក​របស់​ប្រធានផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណែត​ជាតិ​អង់គ្លេស​ នៅក្នុងប្រទេស​សិង្ហបុរី​នាថ្ងៃចន្ទ​ ទី២៥​ កុម្ភៈ​។

ស្លាកសញ្ញារបស់ Huawei និង IBM នៅសមាជទូរស័ព្ទដៃពិភពលោកក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនៅថ្ងៃទី ២៥ កុម្ភៈឆ្នាំ ២០១៩។
ស្លាកសញ្ញារបស់ Huawei និង IBM នៅសមាជទូរស័ព្ទដៃពិភពលោកក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនៅថ្ងៃទី ២៥ កុម្ភៈឆ្នាំ ២០១៩។ REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជាច្រើន​កំពុង​រង់ចាំ​ប្រើ​បច្ចេកវិទ្យា​ 5G របស់​ចិន​ ក៏ប៉ុន្តែ​បញ្ហា​សុវត្ថិភាព​បានធ្វើឲ្យ​ អតិថិជន​ខ្លាចរអា​ទៅវិញ​។ ព័ត៌មាន​ស្តីអំពី​ការធ្វើ​ចារកម្ម​ តាមរយៈ​ឧបករណ៍​ទូរស័ព្ទ​របស់​ក្រុមហ៊ុនចិន​ កាន់តែ​ល្បី​ឡើ​ងពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ រហូត​ធ្វើឲ្យ​ប្រទេស​មួយចំនួន​ បង្កើន​ការប្រុងប្រយ័ត្នខ្ពស់​ ចំពោះ​វត្តមាន​ឧបករណ៍​ទូរស័ព្ទ​ទំនើបៗ​ ដែល​ផលិតដោយ​ក្រុមហ៊ុន​ចិន​ Huawei​។

ជាក់ស្តែង​ ខណៈពេល​ដែល​វត្តមាន​នៃ​បច្ចេកវិទ្យា​ថ្មី​របស់​ Huawei​ ត្រូវ​បាន​ហាមប្រាម​ មិនឲ្យ​ចូលក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​នូវែលសេឡង់​ ប្រទេស​អង់គ្លេស​ក៏ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​លើ​ផ្នែក​សុវត្ថិភាព​ ដើម្បី​សម្រេច​ថា​តើ​គួរប្រើ​បច្ចេកវិទ្យា​របស់​ Huawei ក្នុងបណ្តាញ​ 5G​ របស់​អង់គ្លេស​ឬក៏អត់​។

ក្រៅពីនេះ​ កាលពី​ខែធ្នូ​ ឆ្នាំ២០១៨​ កន្លងទៅ​ មន្ត្រីជំនាញ​ជាច្រើន​រូប​របស់​មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណែតជាតិ​អង់គ្លេស​ បាន​ជួបពិភាក្សា​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​ Huawei​។ ក្រោយ​កិច្ចពិភាក្សា​នេះ​ ភាគីទាំងពីរ​បាន​ឯកភាពគ្នា​នៅលើ​ចំណុច​មួយចំនួន​ ដែល​អង់គ្លេស​ទាមទារ​ដើម្បី​បំពេញ​តាម​តម្រូវការ​សុវត្ថិភាពដ៏ខ្ពស់​របស់​រដ្ឋាភិបាល​ទីក្រុងឡុងដ៍​។

ប្រធានផ្នែក​សន្តិសុខ​ប្រព័ន្ធអ៊ីនធើណែត​អង់គ្លេស​ បាននិយាយថា​ អង់គ្លេស​ត្រូវការ​ទីផ្សារសេរី​ចម្រុះ​ ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​ទាំងលើ​គុណភាព​ និង​សុវត្ថិភាព​ ព្រមទាំង​តម្លៃ​ផងដែរ​។ លោក​សង្ឃឹមថា​ គ្រប់គ្នា​នឹងយល់​អំពីហេតុផល​ដែល​ទីក្រុងឡុងដ៍​ ប្រថុយ​គ្រោះថ្នាក់​ ដោយ​អនុញ្ញាតឲ្យ​ក្រុមហ៊ុនចិន​មាន​វត្តមាន​នៅក្នុង​ប្រទេស​។

សូមជម្រាបជូនថា​ កាលពីឆ្នាំទៅមិញ​ អូស្ត្រាលី​បានដាក់​បម្រាម​មិនឲ្យ​ក្រុមហ៊ុន​ Huawei លក់​ឧបករណ៍​ទូរស័ព្ទ​ដែល​មានបំពាក់​បច្ចេកវិទ្យា​5G នៅក្នុង​ទីផ្សារ​អូស្ត្រាលី​បានឡើយ​ ស្របពេល​ដែល​នូវែលសេឡង់​ បាន​ដាក់កំហិត​ មិនឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រាក់ៗរ​បស់ខ្លួន​ ប្រើ​បច្ចេកវិទ្យា​របស់​ Huawei ដែរ។ ចំណែក​រដ្ឋ​អាជ្ញាអាមេរិកវិញ​ ថ្មីនេះៗ​កំពុងតែ​ចោទប្រកាន់​ក្រុមហ៊ុន​ Huawei ថា​បាន​លួច​បច្ចេកវិទ្យា​ពី​អាមេរិក​ ដោយបំពានច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ។

សូមរំឭកជូនដែរថា បច្ចុប្បន្ននេះ Huawei គឺជាក្រុមហ៊ុនលក់ទូរស័ព្ទដៃស្មាតហ្វូនធំបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung និងជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរស័ព្ទឈានមុខគេ សម្រាប់បណ្តាញ 5G៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ