rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

ដោយ សេង ឌីណា

អស់រយៈពេល​ប្រមាណ​ជា​មួយឆ្នាំមកហើយ ដែល​សង្រ្គាម​ពាណិជ្ជកម្ម​បាន​កើតឡើង រវាង​​អាមេរិក និង​ចិន។ ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក ភាគី​ទាំងពីរ​មិន​ត្រឹមតែ​មិន​អាច​រកដំណោះស្រាយ​បញ្ចប់​សង្រ្គាម​នេះ​បាន​នោះទេ ក៏ប៉ុ​ន្តែ វាថែម​ទាំង​ត្រូវ​រាលដាល​កាន់តែ​ខ្លាំង រហូត​ឈាន​ទៅដល់​ការ​ដាក់​ក្រុមហ៊ុន​ Huawei របស់​ចិន ទៅក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក។ ពី​សង្រ្គាម​ពាណិជ្ជកម្ម ទៅជា​សង្រ្គាម​បច្ចេកវិទ្យា ចុះ​ជំហាន​បន្ទាប់ តើ​នឹង​មាន​អ្វី​កើតឡើង? តើ​នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​អាច​នឹង​ឈាន​ទៅ​ការ​ផ្ទុះឡើង​នៃ​​សង្រ្គាម​ត្រជាក់ថ្មី​មួយ​ទៀត​ឬ​ក៏​យ៉ាងណា?

ចាប់តាំង​ពីលោក​ដូណាល់​ ត្រាំ ចាប់ផ្តើម​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ពី​ចិន គេ​បាន​នាំគ្នា​សង្ស័យ​រួចទៅហើយ​ថា នេះ​មិនមែន​ត្រឹមតែ​ជា​សង្រ្គាម​ពាណិជ្ជកម្ម ដើម្បី​កាត់បន្ថយ​ឩនភាព​ជញ្ជីងពាណិជ្ជកម្ម​នោះទេ ក៏ប៉ុន្តែ វា​អាច​​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែងគ្នាក្នុងលក្ខណៈ​ទូលំទូលាយ រវាង​ប្រទេស​ពីរ ដែល​មួយ​ជា​មហាអំណាច​ចាស់ និង​មួយ​ទៀត​ជា​មហាអំណាច​ជំនាន់​ថ្មី។

នៅ​ក្នុង​ករណី​នេះ អ្នក​សិក្សា​អំពី​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្រ្ត​នយោបាយ ច្រើន​តែ​នាំគ្នា​គិត​ទៅដល់​សម្តី​របស់​ប្រវត្តិវិទូ​ក្រិក​ដ៏​ល្បីល្បាញ​ម្នាក់ ឈ្មោះថា “ទុយស៊ីឌីដ” (Thucydide) ដែល​សរសេរ​អំពី​សង្រ្គាម​សម័យ​បុរាណ រវាង​បុរីរដ្ឋ​ក្រិក កាល​ពី​ជាង៤០០ឆ្នាំ​មុនគ.ស. (សង្គ្រាម​ប៉េឡូប៉ូនែស)។

ទុយស៊ីឌីដ​បាន​សរសេរ​ថា នៅ​ពេល​ដែល​បុរីរដ្ឋ​អាថែន​ដែល​ជា​មហាអំណាច​ថ្មី​មាន​ការ​រីក​ចម្រើន​កាន់តែ​លឿន ហើយ​បុរីរដ្ឋ​ស្ប៉ាតមាន​ការ​បារម្ភ​កាន់តែ​ខ្លាំង​ខ្លាច​បាត់បង់​តំណែង​ជា​មហាអំណាច​ចាស់ ធាតុផ្សំ​ទាំងពីរនេះ​បា​នធ្វើ​ឲ្យ​មហាអំណាច​ទាំងពីរ​ត្រូវ​ផ្ទុះ​សង្រ្គាម​នឹងគ្នា​ដោយ​ចៀសមិន​រួច។

នៅ​ក្នុង​រយៈពេល​ជាង​ពីរពាន់​ឆ្នាំក្រោយ​ៗម​កទៀត ជម្លោះ និង​សង្រ្គាម​ជាច្រើន​ផ្សេងទៀត​ ​បាន​កើតឡើង​នៅ​ក្នុង​សេណារីយ៉ូ​ប្រហាក់ប្រហែល​គ្នា​នេះ ហើយ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការប្រឈមមុខដាក់គ្នា រវាង​អាមេរិក និង​ចិន បាន​ធ្វើ​ឲ្យ​គេ​​កាន់តែ​នឹកឃើញ​ទៅដល់សម្តី​របស់​ទុយស៊ីឌីដ ដោយ​គេប្រៀបធៀប​ចិន​ទៅនឹង​អាថែន ហើយ​អាមេរិក​ទៅនឹង​ស្ប៉ាត។

​ជាទូទៅ នៅ​ក្នុង​សេណារីយ៉ូ​បែបនេះ ការប្រជែងគ្នា រវាង​មហាអំណាច​ចាស់ និង​មហាអំណាច​ថ្មី​​អាច​ឈាន​ទៅដល់​ជម្លោះ គឺអាច​ដោយសារ​តែ​មហិច្ឆតា​រៀងៗខ្លួន​ផង គឺ​មហាអំណាចថ្មី​ពិត​ជា​​ចង់​ផ្តួល​មហាអំណាច​ចាស់​ ដើម្បី​ត្រួតត្រា​ពិភពលោក​តែ​ម្នាក់ឯង ចំណែក​ឯ​មហាអំណាច​ចាស់​ក៏​ពិត​ជា​ចង់ជាន់ពន្លិច​ប្រទេស​ដទៃ​កុំ​ឲ្យ​ងើប​រួច ដើម្បី​​បន្ត​ត្រួតត្រា​ពិភពលោក​តែ​ម្នាក់ឯង។

ក៏ប៉ុន្តែ ​ពេលខ្លះ​ទៀត ក៏​វា​អាច​កើត​មានឡើង​ផង​ដែរ ដោយត្រឹមតែ​ការ​​​គិត​ខុស​ និង​សង្ស័យ​គ្នា​ទៅវិញ​ទៅមក ពោលគឺ មហាអំណាច​ចាស់ ពេល​ឃើញ​មហាអំណាច​ថ្មី​រីកចម្រើន​លឿន​ក៏​ចេះតែ​ភ័យ​ខ្លួនឯង ​ខ្លាច​គេ​ចង់ឡើង​មក​​កម្ចាត់​ខ្លួន​ចេញ ហើយ​ក៏​ចេះតែ​រិះរក​វិធី​ដើម្បី​ទប់ទល់ ​ចំណែក​​​មហាអំណាច​ថ្មី ពេល​ឃើញ​បែបនេះ​ ក៏​ចេះតែ​គិត​ថា​មហាអំណាច​ចាស់​ចង់​មកកម្ចាត់ខ្លួន​មុន​​ក៏​ចេះតែ​ស្វែងរក​វិធី​តទល់​ទៅវិញ​ដូចគ្នា ទើបវា​​ត្រូវ​រាល​ដាល​ទៅ​ជា​ជម្លោះ។

ក៏ប៉ុន្តែ ជម្លោះ​នេះ​ក៏​វា​មិន​ប្រាកដ​ថា​សុទ្ធតែ​ត្រូវ​រាលដាល​ទៅ​ជា​សង្រ្គាម​ប្រដាប់អាវុធ​នោះដែរ ជាពិសេស នៅ​ក្នុង​ករណី​អាមេរិក និង​ចិន ដែល​សុទ្ធសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ ដែល​អាច​កម្ទេច​គ្នា​ទៅវិញ​ទៅមក​បាន ការប្រឈមមុខដាក់គ្នា​អាច​កើតមាន​ឡើង​នៅ​ក្នុង​ទម្រង់​ជា​សង្រ្គាម​ត្រជាក់​ដូចជា​អ្វី​ដែល​ធ្លាប់​កើតមាន​ឡើង រវាង​អាមេរិក និង​សហភាព​សូវៀត កាល​ពី​ពេល​កន្លងមក។

ក៏ប៉ុន្តែ បើ​នៅ​ក្នុង​សង្រ្គាមត្រជាក់​ចាស់ គូជម្លោះ​ផ្តោត​ជា​សំខាន់​លើ​ការ​ប្រជែងគ្នា ខាង​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សព្វាវុធ សង្រ្គាម​ត្រជាក់​ថ្មី រវាង​អាមេរិក និង​ចិន ទំនង​ជា​នឹង​ត្រូវ​ផ្តោត​ខ្លាំង​​ទៅលើ​វិស័យ​បច្ចេកវិទ្យា។ នៅ​ក្នុង​សង្រ្គាម​ត្រជាក់​កាល​ពី​មុន ព្រំដែន​សិប្បនិមិត្ត​មួយ ដែល​គេ​ច្រើន​ហៅ​ថា​ជា “វាំងននដែក” បាន​ខណ្ឌ​ចែក​ពិភពលោក​ជាពីរ រវាង​​ប្លុកសេរី និង​ប្លុក​កុម្មុយនិស្ត ដោយ​ម្ខាងៗ​មាន​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​​ដាច់ចេញ​ពី​គ្នា។ នៅ​ក្នុង​សង្រ្គាម​ត្រជាក់​ថ្មី “វាំងននដែក” នេះ អាច​នឹង​កើតមាន​ដូចគ្នា ក៏ប៉ុន្តែ នៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ចំណុច​ចាប់ផ្តើម​នៃ​ “វាំងននដែក” នេះ គឺ​អាច​ចេញ​ពី​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន Huawei ដែល​លោក​ដូណាល់ ត្រាំ ទើប​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ កាល​ពី​ពេល​ថ្មីៗ​នេះ។

តាមរយៈ​ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​របស់​អាមេរិក​ទាំងអស់​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន Huawei ដោយ​ក្រុមហ៊ុន​ Google ក៏​លែង​ផ្តល់​អាជ្ញាបណ្ណ Android ទៅ​ឲ្យ​ទូរស័ព្ទ​ Huawei ប្រើ ចំណែក​ក្រុមហ៊ុន​ផ្សេងទៀត​ក៏​លែង​អាច​លក់​គ្រឿងផ្សំ​​ជា​ហាដវែរ​ទៅឲ្យ​ Huawei។ ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​ម​ក​ពី​ប្រទេស​ផ្សេងទៀត​ក៏​ចាំបាច់​ត្រូវតែ​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង Huawei ដោយសារ​តែ​ពួកគេ​មាន​​ទំនាក់ទំនង​រកស៊ី ឬ​ប្រើ​អាជ្ញាបណ្ណ​របស់​​ក្រុមហ៊ុន​អាមេរិក។

នៅ​ក្នុង​ស្ថានភាព​បែបនេះ ចិន​អាច​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​​ផ្ទាល់​ខ្លួន និង​បង្កើត​ប្រព័ន្ធ​ដំណើរការ (Operating System) ផ្ទាល់ខ្លួន ចំណែក​ឯ​ក្រុមហ៊ុន និង​ប្រទេស​​​ផ្សេងៗ​ទៀត​​អាច​នឹង​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ជ្រើសរើស ឬមួយ​​រកស៊ី​ជាមួយ​ចិន​តែ​ត្រូវ​កាត់ផ្តាច់​ទំនាក់ទំនង​រកស៊ី​ជាមួយ​អាមេរិក ឬ​មួយ​រកស៊ី​ជាមួយ​អាមេរិក​តែ​ត្រូវ​កាត់ផ្តាច់​ទំនាក់ទំនង​រកស៊ី​ជាមួយ​ចិន។

បន្តិចម្តងៗ ប្រទេស​ដែល​ជ្រើសរើស​ចិន​នឹង​ត្រូវ​ក្លាយ​ទៅជា​ប្លុក​មួយ ចំណែក​ប្រទេស​ដែល​ជ្រើសរើស​អាមេរិក​ត្រូវ​ក្លាយ​ជា​ប្លុក​មួយផ្សេងទៀត ហើយ​ប្លុក​​នីមួយៗ​មាន​ខ្សែ​សង្វាក់ផលិតកម្ម​ ​និង​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​រៀងៗខ្លួន ចំណែក​ឯ​បច្ចេកវិទ្យាវិញ រួមមាន​ដូចជា​ ​ប្រព័ន្ធប្រតិបត្តិការ និង​សុសវែរ​​ផ្សេងទៀត​ក៏​ត្រូវប្រើប្រព័ន្ធផ្សេងគ្នា ដោយ​មិន​អាច​ប្រើចូលគ្នា​បាន។

នៅ​ក្នុង​សេណារីយ៉ូ​នេះ​ហើយ ដែល​ពិភពលោក​នឹង​​ត្រូវ​ខណ្ឌចែក​​ដាច់ពី​គ្នា ដោយ​​ “វាំងននដែក” ខាង​ផ្នែក​បច្ចេកវិទ្យា​ នៅ​ក្នុង​សង្រ្គាមត្រជាក់​ជំនាន់​ថ្មី​​នៃ​សម័យ​ឌីជីថល៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?