អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​និង​អាមេរិក​អាច​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​បាន​ដែរ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

“សង្រ្គាមពាណិជ្ជកម្ម” គឺ​ជាពាក្យ​ដែល​យើង​តែងតែ​ឮ​ញញឹកញាប់​ចាប់តាំង​ពី​លោក​ដូណាល់ត្រាំ​បាន​សម្រេច​កំណត់​យក​ពន្ធ​លើ​ការ​នាំចូល ជាពិសេស គឺ​ពន្ធលើ​ការ​នាំចូល​ផលិតផល​ពី​ចិន ដែល​មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់​ទៅ​ ៦០ពាន់លាន​ដុល្លារ។ ក៏ប៉ុន្តែ ថ្មីៗចុងក្រោយ​នេះ គេ​ក៏​ឃើញ​មាន​​លេចឮ​​ព័ត៌មាន​​ជា​បន្តបន្ទាប់​ផងដែរ អំពី​ការ​ចរចា​ជាសម្ងាត់ រវាង​អាមេរិក និង​ចិន ដើម្បី​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នេះ។ សំណួរ​ដែល​គេ​នាំគ្នា​ចោទសួរ​នៅពេលនេះ គឺថា តើ​ភាគី​ទាំងពីរ​ពិតជា​អាច​សម្រុះសម្រួលគ្នា​រកដំណោះស្រាយ​ ដើម្បី​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​បានដែរ​ឬ​ក៏​យ៉ាងណា?

លោក​ដូណាល់ត្រាំ នៅ​ពេល​ចុះហត្ថលេខា​ កំណត់​ពន្ធនាំចូល​ទំនិញ​ពី​ចិន កាល​ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨
លោក​ដូណាល់ត្រាំ នៅ​ពេល​ចុះហត្ថលេខា​ កំណត់​ពន្ធនាំចូល​ទំនិញ​ពី​ចិន កាល​ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ការចរចា​រកដំណោះស្រាយ​ មិនថា នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ឬ​វិវាទ​ណាមួយ​ផ្សេងទៀត អាច​សម្រេច​បាន​ជោគជ័យ​ឬ​អត់ គឺ​វា​អាស្រ័យថា តើ​ភាគី​ជម្លោះ​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​បាន​ត្រឹមកម្រិតណា? ហើយ​លទ្ធភាព​នៃ​ការ​ធ្វើ​សម្បទាន​របស់​ភាគី​ណាមួយ គឺ​វា​អាស្រ័យ​ថា តើ​ភាគី​នោះ​មាន​ប្រៀប ឬ​គិតថា​ខ្លួន​មាន​ប្រៀប​ប៉ុណ្ណា​លើ​គូប្រជែង ហើយ​ការ​មិនធ្វើ​សម្បទាន​អាច​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ដល់​ខ្លួនឯង​ដល់​ត្រឹមកម្រិតណា?

នៅ​ក្នុងករណី​ចិន និង​អាមេរិក គេសង្កេតឃើញ​ថា នៅមុន​សង្រ្គាម​ពាណិជ្ជកម្ម គឺ​មាន​សង្រ្គាម​ពាក្យសម្តី។ លោក​ដូណាល់ត្រាំ​ធ្លាប់​បាន​លើកឡើង​ថា “សង្រ្គាមពាណិជ្ជកម្ម​ គឺ​ល្អ ហើយ​ងាយស្រួល​នឹង​ឈ្នះ”។ ចំណែក​ចិនវិញ​បាន​ឆ្លើយតប​ទៅវិញ​ថា នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ គ្មានទេ​អ្នក​ឈ្នះ គឺ​មានតែ​អ្នក​ចាញ់ តែ​ថា ចិន​ក៏​មិនខ្លាច​នឹង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ទល់​នឹង​អាមេរិក​នោះដែរ។

ក៏ប៉ុន្តែ នៅ​ពីខាងក្រោយ​ពាក្យសម្តី​ខ្លាំងៗ គម្រាមគ្នា​ទៅវិញ​ទៅមក​នេះ គេ​ឃើញ​ថា ភាគី​ទាំងពីរ​ទំនង​ជា​សុទ្ធតែ​ចង់​រកច្រកចេញ​តាមរយៈការចរចា ដើម្បី​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម ដែល​អាច​នឹង​ធ្វើ​ឲ្យ​ខូចខាត​ទាំងសងខាង ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពិភពលោក​ជាទូទៅ។

ជាការពិតណាស់ បើ​គេ​មើល​ទៅលើ​​ជញ្ជីងពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក ចិន​គឺ​ជា​ភាគី​ដែល​អាច​នឹង​រង​នូវ​ផលប៉ះពាល់​ខ្លាំង ពី​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ពីព្រោះ​ថា ចិន​នាំទំនិញ​ទៅលក់​នៅ​អាមេរិក​ច្រើន​ជាង​អាមេរិក​នាំទំនិញ​ទៅលក់​នៅ​ចិន​ រហូតដល់​ទៅ ៣៧៥ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ។ ដូច្នេះ​ ការដំឡើង​ពន្ធនាំចូល​​រវាង​គ្នា​ទៅវិញ​ទៅមក វា​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទំនិញ​របស់​ចិន ច្រើន​ជាង​ទំនិញ​របស់​អាមេរិក។

ក៏ប៉ុន្តែ គេ​គួរ​ធ្វើការ​កត់សម្គាល់​នៅ​ត្រង់ចំណុចមួយ​ថា ចំពោះ​អាមេរិក ផលប៉ះពាល់​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ថ្វីដ្បិត​តែ​​វា​អាច​មាន​ទំហំ​ជា​ទឹកប្រាក់​តិច​ជាង​ចិន តែ​រដ្ឋការ​របស់​លោក​ដូណាល់ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​អាច​នឹង​ត្រូវ​បង់ថ្លៃ​ខ្ពស់​ខាង​នយោបាយ ពីព្រោះ​ថា មុខទំនិញ​ដែល​អាមេរិក​នាំចេញ​ទៅ​ចិន ហើយ​ដែល​ងាយ​នឹង​ត្រូវ​រងផលប៉ះពាល់​ពី​វិធានការ​តប​របស់​ចិន គឺ​មួយផ្នែកធំ​ជា​ផលិតផល​កសិកម្ម ដែល​មាន​ប្រភព​ចេញ​ពី​បណ្តារដ្ឋ​ ដែល​ជា​ទូទៅ​ជា​ប្រភព​នៃ​អ្នក​បោះឆ្នោត​គាំទ្រ​លោក​ដូណាល់ត្រាំ និង​គណបក្ស​សាធារណរដ្ឋ។ ដូច្នេះ ប្រសិនបើ​ចិន​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​អស់ទាំងនេះ គឺ​បណ្តា​រដ្ឋ​ដែល​គាំទ្រ​លោក​ដូណាល់ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​​ ដែល​នឹង​ត្រូវ​រងគ្រោះ​មុនគេ ហើយ​នេះ​អាច​នឹង​ក្លាយ​ទៅ​ជា​ចំណោទ​ដ៏ធំមួយ សម្រាប់​លោក​ដូណាល់ត្រាំ និង​​គណបក្ស​សាធារណរដ្ឋ​ ដែល​នឹង​ត្រូវ​​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ។

ការយល់ឃើញ​ពី​ការ​ខាតបង់​ទាំងសងខាង​នេះហើយ ដែល​អាច​ជា​ចំណុច​គន្លឹះ​មួយ ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ស្វះស្វែង​រក​ច្រកចេញ ដើម្បី​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា ហើយ​​លទ្ធភាព​នៃ​ការ​ចរចា រវាង​ភាគី​ទាំងពីរ​នេះ​បាន​លេចឡើង​ ក្រោយ​ពី​មាន​កិច្ចសន្ទនា​​តាម​ទូរស័ព្ទ កាល​ពីថ្ងៃ​សៅរ៍​កន្លងទៅ រវាង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​ឧបនាយករដ្ឋមន្រ្តី និង​ជាមនុស្ស​ជំនិតរបស់​លោក​ស៊ី ជីនពីង ទទួល​បន្ទុក​ខាង​សេដ្ឋកិច្ច។ ចំណែកឯ​កាសែត​អាមេរិក ឈ្មោះ The Wall Street Journal បាន​ចុះផ្សាយ​កាលពីថ្ងៃ​ចន្ទថា មន្រ្តី​​អាមេរិក និង​ចិន​ បាន​ចាប់ផ្តើម​កិច្ចចរចា​នេះ​រួចទៅហើយ ដោយ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​ផ្ញើ​លិខិត​ទៅ​ភាគី​ចិន តាំង​ពី​សប្តាហ៍មុន ដើម្បី​លើកឡើង​ពី​ចំណុច​​ដែល​ត្រូវ​ចរចា។

យោងតាម​កាសែត The Wall Street Journal អាមេរិក​ទាមទារ​ទៅចិន ៣ចំណុច។ ទីមួយ ​ឲ្យ​ចិន​បញ្ចុះ​ពន្ធនាំចូល​ឡាន​ពី​អាមេរិក។ ទីពីរ ឲ្យ​ចិន​បង្កើន​ការនាំចូល​សឺមីកុងឌុចទ័រ (Semi-conducteur) ពី​អាមេរិក។ ទីបី ឲ្យ​ចិន​បើក​ចំហ​វិស័យ​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​អាមេរិក។

នៅ​ក្នុង​ចំណោម​ការ​ទាមទារ​ទាំងបី​ចំណុច​នេះ មាន​ចំណុច​ពីរ ដែល​ចិន​ទំនង​ជា​នឹង​សុខចិត្ត​ធ្វើ​សម្បទាន​ចំពោះ​អាមេរិក។

ទីមួយ គឺ​ការ​បើក​ចំហ​វិស័យ​ហិរញ្ញវត្ថុ។ តាមការពិត ចិន​ធ្លាប់​បាន​បង្ហើប​ឲ្យដឹង តាំង​ពី​ខែវិច្ឆិកា​ឆ្នាំ​ទៅមិញ​ម៉្លេះ​ថា ខ្លួន​គ្រោង​នឹង​ធ្វើការ​កែប្រែច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​គ្រប់គ្រង​ភាគហ៊ុន​រហូតដល់​ទៅ ៥១% ពោលគឺ​ភាគហ៊ុន​ភាគច្រើន នៅ​ក្នុង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នៅ​ចិន។ នៅ​ពេលនោះ អនុរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​​អះអាង​ថា ចិន​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​នេះ​ជា​ដំណាក់កាល ដោយ​នឹង​ត្រូវ​ប្រើ​ពេលវេលា​សរុប ៣ឆ្នាំ។ អ្វី​ដែល​ចិន​អាច​ធ្វើ នៅ​ចំពោះ​មុខ​ការ​ទាមទារ​របស់​អាមេរិក គឺ​គ្រាន់តែ​ពន្លឿន​នីតិវិធី ដើម្បី​កាត់បន្ថយ​រយៈពេល​​ធ្វើ​កំណែទម្រង់នេះ​ឲ្យ​នៅ​តិចជាង ៣ឆ្នាំ គឺ​ជា​ការស្រេច។

ទីពីរ គឺ​ការ​បង្កើន​ការ​នាំចូល​សឺមីកុងឌុចទ័រ​ពី​អាមេរិក។ ចិន​អាច​បង្កើន​ការ​ទិញ​សឺមីកុងឌុចទ័រ​ពី​អាមេរិក តាមរយៈ​ការកាត់បន្ថយ​ការ​ទិញ​ពី​កូរ៉េ​ខាង​ត្បូង និង​តៃវ៉ាន់។ ធ្វើ​បែបនេះ​​​​ក៏​មិន​ធ្វើ​ឲ្យ​ចិន​ខាត​បង់​អ្វី​ច្រើន​នោះដែរ។ គឺ​កូរ៉េ​ខាង​ត្បូង និង​តៃវ៉ាន់ ទៅវិញទេ ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​​នឹង​ត្រូវ​ខាត​បង់។

និយាយ​ជារួម​មកវិញ បើ​យើង​មើល​ទៅលើ​ឆន្ទៈ​របស់​ភាគី​ទាំងពីរ​ ដែល​សុទ្ធតែ​​អះអាង​ថា​ខ្លួន​ចង់​រក​ច្រកចេញ​តាមរយៈការ​ចរចា ហើយ​​​ចំណុច​ដែល​អាមេរិក​ទាមទារ ក៏​​មិន​សូវ​ចោទ​ជា​បញ្ហា​​ធ្ងន់ធ្ងរ​​សម្រាប់​ចិនផងនោះ ភាគី​ទាំងពីរ​គួរតែ​នឹង​អាច​ព្រមព្រៀងគ្នា​លើ​ដំណោះស្រាយ​មួយ​បាន​ ដើម្បី​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ