rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក ចិន អ.ស.ប. សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ប្រឆាំង​ទៅនឹង​ដំណើរ​ទស្សនកិច្ចរបស់​ប្រេសិត​អ.ស.ប​ ទៅកាន់​តំបន់​ស៊ីនជាំង​

media
ប្រធានឧត្តមស្នងការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រីមីសែល បាឈើឡេ។ REUTERS/Carlos Jasso

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៤ មិថុនា បានដាក់ពាក្យប្រឆាំងតវ៉ាមួយ ទៅកាន់អ.ស.ប ស្តីអំពីដំណើរទស្សនកិច្ចរបស់ អ្នកតំណាងអ.ស.ប ម្នាក់ទៅកាន់តំបន់ស៊ីនជាំងប្រទេសចិន។ អាមេរិក យល់ថាដំណើរទស្សនកិច្ចនេះ ជារឿងមិនត្រឹមត្រូវ ហើយថាវាជាកាយវិការមួយដែលទទួលស្គាល់ភាពស្របច្បាប់នៃយុទ្ធនាការបង្ក្រាបរបស់ក្រុងប៉េកាំង ទៅលើក្រុមជនជាតិភាគតិចដែលជាអ្នកកាន់សាសនាអ៊ីស្លាម។


នៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកចន ស៊ុល្លីវ៉ាន (John Sullivan) បានទូរស័ព្ទទៅអគ្គលេខាធិការអង្គការអ.ស.ប គឺលោក អាន់តូនីញ៉ូ ហ្គូទែរស៍ ដោយបានសម្តែងនូវការព្រួយបារម្ភយយ៉ាងខ្លាំង ជុំវិញដំណើរទៅដល់របស់ប្រេសិតអ.ស.ប ទៅតំបន់ស៊ីនជាំងនៅសប្តាហ៍នេះ។ ជាដំណើរទស្សកិច្ចតបទៅតាមការអញ្ចើញរបស់រដ្ឋាភិបាលចិន។

លោក ចន ស៊ុល្លីវ៉ាន បានប្រាប់ទៅកាន់អគ្គលេខាធិការអង្គការអ.ស.ប ថា ដំណើរទស្សនកិច្ចបែបនេះ គឺមិនត្រឹមត្រូវនោះទេ។ មិនត្រឹមត្រូវ ក៏ព្រោះតែវាជាសារមួយបញ្ជាក់ថា យុទ្ធនាការបង្ក្រាបយ៉ាងដំណំរបស់អាជ្ញាធរចិន ទៅលើពួកអ៊ុយហ្គួរ និងជនជាតិភាគតិចផ្សេងទៀត ដែលជាអ្នកកាន់សាសនាអ៊ីស្លាម គឺជាអំពើស្របច្បាប់។

ក្រៅពីនេះ រដ្ឋាភិបាលអាមេរិក បាននិយាយថា ការបញ្ជូនអ្នកតំណាងអ.ស.ប ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំងអំពើ​ភេរវនិយម ទៅតំបន់ស៊ីនជាំង តាមការអញ្ជើញរបស់រដ្ឋអំណាចចិន អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ.ស.ប។

ទាក់ទងរឿងនេះដែរ គេនៅមិនទាន់ឃើញ លោក អាន់តូនីញ៉ូ ហ្គូទែរ អគ្គលេខាធិការអង្គការអ.ស.ប បញ្ចេញប្រតិកម្មតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកឡើយ។ គេគ្រាន់តែដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលម្ងៃនេះ អ.ស.ប បាននិយាយថាលោកវ្ល៉ាឌីមៀរ វ៉ូរ៉ុងកូវ (Vladimir Voronkov) ដែលជាមន្ត្រីប្រឆាំងអំពើភេរវកម្មរបស់ខ្លួន កំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងនោះក៏មានតំបន់ស៊ីនជាំងផងដែរ។

គួររំឭកជូនថា ស៊ីនជាំង គឺជាតំបន់ដែលគេដឹងថា សម្បូរទៅដោយជនជាតិភាគតិចអ៊ុយហ្គួរ​ កាន់សាសនាអ៊ីស្លាម និងក៏ជាតំបន់ដែលមានស្ថានការណ៍តានតឹងខ្លាំងមួយដែរ នៅភាគពាយ័ព្យនៃប្រទេសចិន។

នៅគ្រាកន្លងមក ​រដ្ឋាភិបាលចិនក៏ធ្លាប់បានអញ្ជើញប្រធានឧត្តម​ស្នងការសិទ្ធិមនុស្ស​អ.ស.ប ​លោកស្រី​មីសែល បាឈើឡេ ឱ្យទៅតំបន់ស៊ីនជាំងដែរ។ ក៏ប៉ុន្តែ ចិនបានរក្សាភាពស្ងប់ស្ងាត់ និងនៅមិនទាន់ឆ្លើយតបអ្វីទាំងអស់ ក្រោយ​លោកស្រី​មីសែល ស្នើសុំត្រួតពិនិត្យ ស្វែងរកការពិត គ្រប់ទីកន្លែង និងដោយគ្មានការដាក់កំហិត នៅក្នុងតំបន់ស៊ីនជាំងទាំងមូល៕