អានតួអត្ថបទ

មេធាវី​ការពារ​សិទ្ធិមនុស្ស​ចិនម្នាក់​ ជាប់ពន្ធនាគារ​ ៤ឆ្នាំកន្លះ​ ពីបទ​វិទ្ធង្សនា​

នៅថ្ងៃចន្ទ​ ទី២៨​ មករា​នេះ​ មេធាវី​ការពារ​សិទ្ធិមនុស្ស​ចិន​ ដ៏​លេចធ្លោម្នាក់​គឺ​លោក​វ៉ាង​ គ័នចាង​ (Wang Quanzhang) ត្រូវ​តុលាការ​ក្នុងប្រទេសចិន​ កាត់ទោស​ឲ្យជាប់ពន្ធនាគារ​រយៈពេល​៤ ឆ្នាំ កន្លះ​ ដោយចោទពី​បទប្រព្រឹត្ត​ វិទ្ធង្សនា​ កាលពីឆ្នាំ​ ២០១៥​ កន្លងទៅ​។ បន្ទាប់ពី​តុលាការចិន​ ប្រកាស​សេចក្តីសម្រេចនេះ​រួចមក​ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស​ បួករួមទាំង​អង្គការ Amnesty International ​ បានបញ្ចេញប្រតិកម្មថា​ នេះ​ គឺជា​ការសម្រេចមួយ​ដែលអយុត្តិធម៌បំផុត​សម្រាប់​ លោកវ៉ាង​ គ័នចាង​។

ភរិយារបស់លោកមេធាវីវ៉ាង កាន់ប្រអប់មួយដែលមានដាក់រូបថតគ្រួសារ និងកំណត់ត្រាឃុំឃាំងរបស់ស្វាមីលោកស្រី មុនពេលកោរសក់នៅក្នុងការតវ៉ាមួយក្នុងទីក្រុងប៉េកាំង នាថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៨។
ភរិយារបស់លោកមេធាវីវ៉ាង កាន់ប្រអប់មួយដែលមានដាក់រូបថតគ្រួសារ និងកំណត់ត្រាឃុំឃាំងរបស់ស្វាមីលោកស្រី មុនពេលកោរសក់នៅក្នុងការតវ៉ាមួយក្នុងទីក្រុងប៉េកាំង នាថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៨។ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ស្ថិតក្នុងវ័យ​ ៤២ ឆ្នាំ​ លោកវ៉ាង​ គ័នចាង​ ត្រូវគេស្គាល់ថា​ជាមេធាវីម្នាក់ដ៏សកម្ម​ ក្នុងការ​ការពារក្តីឲ្យ​សកម្មជន​នយោបាយ​ និង​ ជនរងគ្រោះ​ដោយសារ​ការរំលោភ​យកដីធ្លី​ នៅក្នុង​ប្រទេសចិន​។ លោកវ៉ាង​ បានបាត់ខ្លួន​ក្នុងការការបង្ក្រាបមួយ​របស់អាជ្ញាធរចិន ដែលគេស្គាល់ឈ្មោះថា​ ការបង្ក្រាប​ “៧០៩​”។ ជា​សកម្មភាពបង្ក្រាប​ ដែលរដ្ឋចិនថា​ ធ្វើឡើង​ដើម្បីកំចាត់​ក្រុមអ្នកបះបោរ​ផ្តួលរំលំរដ្ឋអំណាចចិន​បច្ចុប្បន្ន​។

បើតាមតុលាការចិន​នៅធានជីន​ លោក​មេធាវី វ៉ាង​ មានទោស​ទាក់ទងនឹង​ អំពើបំបះបំបោរ​ដើម្បីរំលំរំលើង​របបគ្រប់គ្រងរដ្ឋចិន​ ពិតប្រាកដមែន​ ហើយ​លោក​ត្រូវជាប់ពន្ធនាគារ​រយៈពេល​ ៤ ឆ្នាំ ៦ ខែ​ និងគ្មានសិទ្ធិ​ធ្វើនយោបាយ​រយៈពេល ៥ឆ្នាំ​។

ទាក់ទងរឿងនេះដែរ​ សូមជ្រាបថា​ បន្ទាប់ពី​រងការចោទប្រកាន់រយៈពេលជាង​២ ឆ្នាំ​ ដោយមិនមាន​កំណត់​កាលបរិច្ឆេទ​នៃការកាត់ក្តីច្បាស់លាស់​ ពោលគឺ​ចាប់តាំងពីឆ្នាំ២០១៦ មក​ តុលាការចិនបានសម្រេច​ បើកសវនាការ​កាត់ក្តី​ដោយបិទទ្វារ លើ​ករណីលោកវ៉ាង​ កាលពីខែធ្នូ​ ឆ្នាំ ២០១៨​ កន្លងទៅ​។ ការកាត់ក្តី​ ត្រូវធ្វើដោយបិទទ្វារ ដោយតុលាការ​សំអាងថា​ រឿងនេះ​មានជាប់ពាក់ព័ន្ធទៅនឹង​ កិច្ចការសម្ងាត់​របស់ប្រទេសជាតិ​។

មួយវិញទៀត​ មុនពេលកាត់ក្តី​មួយថ្ងៃ​ ភរិយា​របស់លោក​មេធាវី​ វ៉ាង​ ត្រូវ​អាជ្ញាធរចិន​ ដាក់ឲ្យជាប់ឃុំ​នៅក្នុងផ្ទះ​ ដែលទង្វើនេះ​ត្រូវគេជឿថា​ ធ្វើឡើង​ដើម្បីទប់ស្កាត់កុំឲ្យ​លោកស្រី​ អាចទៅចូលរួម​ក្នុងសវនាការបាន​។

ឆ្លើយតបនឹង​ ការសម្រេចក្តី​របស់​តុលាការចិន​ អង្គការ​ការពារសិទ្ធិមនុស្ស​ជាច្រើន​ បានចេញមុខ​រិះគន់ថា​ នេះ​គឺជា​ការកាត់ក្តី​ដែល​អយុត្តិធម៌ខ្លាំងណាស់​។ ជាក់ស្តែង​ មន្ត្រីជាន់ខ្ពស់​ខាងផ្នែកស៊ើបអង្កេត​ម្នាក់​ របស់​ក្រុមអ្នកឃ្លាំមលើសិទ្ធិមនុស្ស​ បានពន្យល់ថា​ ការកាត់ទោស​លើរូបលោក​មេធាវី​វ៉ាង​ គឺជាផ្នែកមួយ​នៃការ​បង្ក្រាប​របស់​រដ្ឋាភិលបាលចិន​ ប្រឆាំងទៅនឹង​ ក្រុមមេធាវី​ការពារសិទ្ធិមនុស្ស​នៅក្នុងប្រទេស​។

ពាក់ព័ន្ធ​រឿងនេះដែរ​ មន្ត្រី​របស់អង្គការ​ Amnesty International បានលើកឡើងថា​ លោកវ៉ាង​ត្រូវតុលាការចិន​កាត់ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ៤ ឆ្នាំ​ កន្លះ​ ក៏ប៉ុន្តែ​លោក​បានជាប់ឃុំឃាំង​ជាងបីឆ្នាំ​ កន្លងមកហើយ​ ដូច្នោះហើយ​លោកវ៉ាង​ នឹងត្រូវ​បានដោះលែងឲ្យមាន​សេរីភាពឡើងវិញ​នៅក្នុងរយៈពេល​ប្រមាណជាជាង​មួយឆ្នាំទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ