rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក ពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន​ព្រមាន​ពី​សង្រ្គាម​ពាណិជ្ជកម្ម​នៅពេល​ដែល​លោកត្រាំ​ត្រៀម​ចុះហត្ថលេខា​កំណត់​ពន្ធនាំចូល

media
លោក​វ៉ាង យី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨ REUTERS/Jason Lee

ចិនបាន​ដំឡើង​សំឡេង​​ដាក់​អាមេរិក​​កាន់តែខ្លាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​ព្រមាន​ថា ប្រសិនបើ​លោក​ដូណាល់ត្រាំ​ប្រកាស​​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម ចិន​ត្រៀម​ខ្លួន​រួចជា​ស្រេច​នឹង​ធ្វើការ​តបត​ទៅវិញ ហើយ​ថា​ គ្រប់គ្នា​នឹង​ខាតបង់​​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​នេះ។ ការព្រមាន​ខ្លាំងៗ​របស់​ចិន​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​លោក​ដូណាល់ត្រាំ​ត្រៀម​នឹង​ចុះហត្ថលេខា​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ លើ​ការ​កំណត់​ពន្ធនាំចូល​ដែកថែប និង​អាលុយ​មីញ៉ូម​ពី​ក្រៅប្រទេស​​មក​សហរដ្ឋ​អាមេរិក។


ជ្រើសយករើស​ផ្លូវ​សង្រ្គាម​ពាណិជ្ជកម្ម ប្រាកដណាស់ គឺ​ជា​ជម្រើស​ខុស ហើយ​នៅ​ទីចុងបំផុត វា​នឹង​ធ្វើ​ឲ្យ​ខាតបង់​ទាំងចំពោះ​អ្នកដទៃ និង​ទាំងចំពោះ​ខ្លួនឯងផ្ទាល់” នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក​វ៉ាង យី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន ដោយ​សំដៅ​ទៅលើ​គម្រោង​របស់​លោក​ដូណាល់ត្រាំ ក្នុងការ​កំណត់​ពន្ធនាំចូល​ដែកថែប និង​អាលុយ​មីញ៉ូម។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រៅ​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​សភា​ប្រជាជនចិន លោក​វ៉ាង យី ក៏​បាន​​​គំរាម​ទុកជាមុន​ផងដែរ​ថា ចិនប្រាកដ​ជា​នឹង​ចាត់វិធានការ​​យ៉ាងសមស្រប ដើម្បីតប​ទៅអាមេរិកវិញ ប្រសិនបើ​លោក​ដូណាល់ត្រាំ​ពិតជា​សម្រេច​ដាក់​ពន្ធ​នាំចូល​ទាំងនេះ​មែន។

កាលពីថ្ងៃ​ពុធ​ម្សិលមិញ នៅឯ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចិន រួមជាមួយ​នឹ​ងប្រទេស​សមាជិក​ចំនួន ១៨​ផ្សេងទៀតបាន​ជំរុញ​ឲ្យ​លោក​ដូណាល់ត្រាំ​បោះបង់​ចោលវិញ នូវ​គម្រោង​យក​ពន្ធនាំចូល​នេះ ដោយ​បាន​លើកឡើង​នូវ​ក្តីបារម្ភ​ថា ពន្ធនេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។

សហភាព​អឺរ៉ុបវិញ​ក៏​បាន​ធ្វើការ​ព្រមាន​ស្រដៀងគ្នា​នឹង​ចិន​នេះ​ដែរ ដោយ​​​​បាន​ជួប​ប្រជុំ​គ្នា និង​កំណត់​ជាស្រេច នូវ​វិធានការ ដើម្បី​តបត​នឹង​ពន្ធនាំចូល​របស់​អាមេរិក។ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ដែរ លោក​ដូណាល់ ទូសក៍ ប្រធានសហភាព​អឺរ៉ុប​បាន​លើកឡើង​ថា “សង្រ្គាម​ពាណិជ្ជកម្ម​គឺ​អាក្រក់ ហើយ​ងាយនឹង​ចាញ់” ដែល​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​លោក​ដូណាល់ត្រាំ ដែល​ធ្លាប់​បាន​លើកឡើង​ថា “សង្រ្គាម​ពាណិជ្ជកម្ម​គឺ​ល្អ ហើយ​ងាយ​នឹងឈ្នះ”។

ដើម្បី​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត ក៏ដូចជា​ អ្ន​កវិនិយោគ ជាពិសេស នៅ​ក្នុង​ទីផ្សារ​មូលបត្រ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​លើកឡើង កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​ថា អាមេរិក​មិនចង់​ឲ្យ​កើត​ជា​សង្រ្គាម​ពាណិជ្ជកម្ម​នោះទេ ហើ​យថា ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម ដែល​លោក​ដូណាល់ត្រាំ​គ្រោង​នឹង​ដាក់​នៅពេលនេះ អាច​នឹង​មាន​ការ​លើកលែង​ចំពោះ​ប្រទេស​ខ្លះ ប្រសិន​បើ​មាន​ការព្រមព្រៀង​ធ្វើ​សម្បទាន​នឹង​គ្នា រួមមាន​ដូចជា ម៉ិចស៊ិក កាណាដា ឬ​ប្រទេស​ផ្សេងទៀត។

ក៏ប៉ុន្តែ សហភាព​អឺរ៉ុប​បាន​ឆ្លើយតប​ទៅវិញ​ថា ចំពោះ​សហភាព​អឺរ៉ុប​ដែល​ជា​ប្លុក​សេដ្ឋកិច្ច​តែមួយ ការលើកលែងពន្ធ​ណាមួយ​​​នឹង​​មិន​អាច​ធ្វើ​ចំពោះ​តែ​ប្រទេស​ជាសមាជិក​ណាមួយ​បាននោះទេ គឺ​ត្រូវតែ​ធ្វើ​ចំពោះ​សហភាព​អឺរ៉ុប​ទាំងមូល៕