អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប​២ឆ្នាំ​នៃ​អំណាច​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធ ទី ២៥​ឧសភា ឆ្នាំ ២០១៦ ជា​ខួប​គម្រប់​ពីរ​ឆ្នាំ​គត់ តាំង​ពី លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ប្រទេស​ដែល​ហែកហួរ ដោយ​ទំនោរ​ផ្តាច់ខ្លួន​ចេញ នៃ​តំបន់​បះបោរ​នៅ​ប៉ែក​ខាង​កើត។ ចំណង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​រុស្ស៊ី​ជិត​ខាង ដាច់​ដោច ទៅ​ហើយ។ នៅ​អ៊ុយក្រែន​ផ្ទាល់ សេដ្ឋកិច្ច​បាន​ស្រុត​ចុះ​យ៉ាង​ខ្លាំង ទាំង​អត្រារូបិយវត្ថុជាតិ ក៏ ធ្លាក់​ចុះ ដាំ​ដូង។ តើ​ក្នុង​រយៈពេល​២ឆ្នាំ​នេះ ប្រជាប្រិយភាព​លោក​ប៉ូរ៉ូឆេនកូ បាន​ប្រែប្រួល យ៉ាង​ណា តើ ប្រទេស​ណា​ខ្លះ ជា​អាទិភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គាត់ តើស្ថានភាព ហិរញ្ញវត្ថុ របស់​គាត់ ក្នុង​ឋានៈជា​មហាសេដ្ឋី បាន​ស្ទុះ​ឡើង​យ៉ាង​ណា​ដែរ។

ខួប​២ឆ្នាំ​នៃ​អំណាច​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ
ខួប​២ឆ្នាំ​នៃ​អំណាច​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ GENYA SAVILOV / AFP
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​កត់សម្គាល់​ថា ក្នុង​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ស្មុគស្មាញ ស្ទើរ​សង្គ្រាម ស្ទើរ​សន្តិភាព លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ថ្លែង​នូវ​ពាក្យ​សន្យា​ប្លែកៗ​យ៉ាង​ច្រើន ដែល​ពី​ក្នុង​នោះ មួយ​ចំនួន​ធំ ឥត​មាន​បំពេញ​តាម​ឯណា។ ចំណែក​អ្វី ដែល​បាន​លេច​ចេញជា ផ្លែផ្កា​មែន គឺ ក្នុង​រយៈពេល​នេះ នៅ​អ៊ុយក្រែន មាន​ប្រព្រឹត្ត​ទៅ ការ​បោះឆ្នោត​សភា ដែលប្រកប ដោយ​តម្លាភាព​កម្រិត​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ អ៊ុយក្រែន បាន​ចុះ កិច្ចព្រមព្រៀង​ភ្ជាប់ខ្លួន ទៅ​នឹង លំហ​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​អឺរ៉ុប។ ហើយ​នៅ​ទីបំផុត អ៊ុយក្រែន បាន​បំពេញ​តាម គ្រប់​តែ​ការ​ទាមទារ សម្រាប់​ទទួល​បាន របប​លើកលែង​ទិដ្ឋាការ ជាមួយសហភាព​អឺរ៉ុប។

បើ​និយាយ​អំពី​ប្រជាប្រិយភាព​លោក ប៉ូរ៉ូឆេនកូ នោះ​គឺ​វា​ធ្លាក់​ចុះ​មែនទែន។ គួរ​រំលឹក​ថា ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ២៥​ឧសភា​ឆ្នាំ២០១៤ គាត់​ចេះ​ទទួល​បាន​ការ​គាំទ្រ ពី​អ្នកស្រុក​ម្ចាស់ឆ្នោត បាន​ដល់ ៥៤,០៣% គឺ​លើស​ពី ពាក់កណ្តាល​បូក​១សម្លង ហើយក៏​ឈ្នះ ឆ្នោត តាំង​ពី​ជុំទី១​ទៅ។ ប៉ុន្តែ បើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​ឧសភា​នេះ ស្រប​នឹង​ការ​ស្ទង់​មតិ គឺ​មាន តែ​អ្នកស្រុក​ម្ចាស់ឆ្នោត ១៧,៩%ប៉ុណ្ណោះ ដែល​ត្រៀមបោះឆ្នោត​ឲ្យ​គាត់។ ទិន្នន័យ​នេះ បង្ហាញ ដោយ វិជ្ជាស្ថាន​អន្តរជាតិ​ក្រុង​គៀវ​ខាង​បញ្ហា​សង្គមសាស្ត្រ យោង​ទៅ​លើ ចម្លើយ​របស់ ពលរដ្ឋ ណា​មាន​សិទ្ធិបោះឆ្នោត ដែល​ត្រៀមទៅ​បោះឆ្នោត​មែន។

ស្រប​នឹង​លទ្ធផល​ស្ទាបស្ទង់​នោះ ប្រជាប្រិយភាព​ប្រធានាធិបតី​សព្វថ្ងៃ គឺ​ចាញ់ ប្រជាប្រិយភាព លោកស្រី អតីត​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន Julia Timoshenko ដែល​មាន​អ្នកស្រុក​ម្ចាស់ឆ្នោត ដល់​ទៅ ២០,៩% ត្រៀម​បោះឆ្នោត​ឲ្យ​គាត់។ ការ​ស្ទង់មតិ ក៏​ស​ឲ្យ​ឃើញ​ពី ទំនោរ​ធ្លាក់ចុះ​នៃ​ប្រជាប្រិយភាព​លោក​ប៉ូរ៉ូឆេនកូ ជា​លំដាប់ គឺថា ក្រោយ​ពី​កន្លង​ផុត​តែ​មួយ​ឆ្នាំ បន្ទាប់​ពីការ​បោះឆ្នោត​ឆ្នាំ២០១៤ គឺ​នៅ​ខែ​ឧសភា​ឆ្នាំ២០១៥ ប្រជាប្រិយភាព​គាត់​បាន​ស្រុត​ពី ៥៤,០៣% ដល់ ៣២% ហើយ​នៅ​ខែ​កញ្ញា​ឆ្នាំ២០១៥​ដដែល គឺ​មាន​អ្នកស្រុក​ម្ចាស់ឆ្នោត​តែ ២៥,៣% ដែល​ត្រៀម​បោះឆ្នោត​ឲ្យ​គាត់​ជា​ថ្មី។

ស្រប​នឹង​សំណូមពរ ធ្វើ​ដោយ សាខា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ដែល​ប្រចាំ​នៅ​អ៊ុយក្រែន ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ផ្តល់​ព័ត៌មាន​ក្បោះក្បាយ អំពី​ដំណើរទស្សនកិច្ច លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ នៅ​បរទេស និង​អំពី ការ​ចូលរួម​ជា​ផ្លូវការ​របស់គាត់ ក្នុង​ពិធី អន្តរជាតិ​នានា ក្នុង​២ឆ្នាំ​កន្លង​ទៅ។ តាម​ការ​វិភាគ​នៃ​ពួក​អ្នកជំនាញ​អ៊ុយក្រែន គឺ​សកម្មភាព​អន្តរជាតិ ដែល​ជា​មុខព្រួញ​មួយ​ដ៏​ខ្លាំង របស់​លោក ប៉ូរ៉ូឆេនកូ ក្នុង​តំណែង​ជាប្រធានាធិបតី​អ៊ុយក្រែន​ ដូច​ដែល​មាន​តួលេខ បញ្ជាក់ ឲ្យ​ឃើញ​ស្រាប់។ អស់ ៤៦លើក គាត់​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង ទស្សនកិច្ច​ការងារ នៅ​តាម​ប្រទេស​ក្រៅ គឺ​លើសឆ្ងាយ​សែន​ឆ្ងាយ​ ពី ប្រធានាធិបតី​មុនៗ​នៅ​អ៊ុយក្រែន។

ប្រទេស​ជា​អាទិភាព​នៃ​ទស្សនកិច្ច​ទាំង​នោះ គឺ អាល្លឺម៉ង់ សហរដ្ឋអាមេរិក ក្រុង ព្រុចសែល ហៅ​ម្យ៉ាង​ទៀត​ថា​ជា រដ្ឋធានី​សហភាពអឺរ៉ុប។ សរុប​ទៅ​ក្នុង​២ឆ្នាំ​នោះ ប្រធានាធិបតី​អ៊ុយក្រែន បាន​វត្តមាន​នៅ​ក្រៅ​ប្រទេស អស់ ៨១ថ្ងៃ។ ច្រើន​ជាង​គេ គឺ​អស់ ៩ថ្ងៃ​គាត់​បាន​ស្ថិត​នៅ​ស.រ.អា ៨ ថ្ងៃ នៅ​អាល្លឺម៉ង់  ៧ ថ្ងៃ នៅស្វីស  ៧ ថ្ងៃ​ដែរ នៅ​បែលហ្ស៊ិក។ ហើយ​ញឹកញយជាង​គេ លោក ប៉ូរ៉ូឆរនកូ បាន​ទៅ​កាន់​ក្រុង​ព្រុចសែល រដ្ឋធានី​សហភាពអឺរ៉ុប ជាទី​ដែល​គាត់បាន​បំពេញ​ទស្សនកិច្ច​ដល់​ទៅ​៦លើក ក្នុង​២ឆ្នាំ កន្លង​ទៅ។ ក្នុង​ចំណោម​ប្រទេស​មាន​ន័យគន្លឹះ នៃ​សហភាពអឺរ៉ុប គាត់​បាន ទៅ​កាន់ ប្រទេស​អាល្លឺម៉ង់ ចំនួន​៥លើក និង ៤ លើក​ ទៅកាន់ ប្រទេស​បារាំង។

លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ បាន​ធ្វើ​ទស្សនកិច្ច នៅ​ប៉ូឡូញ ៣លើក នៅស.រ.អា. ៣លើក  នៅ​ស្វីស ៣លើក​ដែរ នៅ​បេឡារុស ២លើក នៅ តួកគី ២លើក និង អ៊ីតាលី ២លើក​ដែរ។ បើ​និយាយ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​លោក ប៉ូរ៉ូឆេនកូ នោះ​តាម​ការ​វាយតម្លៃ​នៃ​ទស្សនាវដ្តី​អាមេរិកាំង Forbes គាត់ មាន​ទ្រព្យសម្បត្តិ ១.៣០០លានដុល្លារ ហើយ​ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​៩នាក់ នាំ​មុខ​គេ នៅ​អ៊ុយក្រែន។ គាត់​ជា​ថៅកែ សហគ្រាស​ខាង​ផលិត​ស្ករសូកូឡា លុះ​ទាល់​តែ ត្រូវ​គេ​ដាក់​រហ័សនាម​ថា​ជា “ ស្តេចសូកូឡា “ សូម្បី​តែ​នៅ​រុស្ស៊ី ប្រទេស​ដែលគាត់​ហៅ​ថា ជា“ ប្រទេសឈ្លានពាន “ ក៏​គាត់ មាន​រោងចក្រ ផលិត សូកូឡា​ដែរ។

រួច​ពេល​ថ្មីៗ គាត់​បាន បើក ឲ្យ​ដំណើរការ នៅ​ក្រុង ប៊ុយដាប៉េស្ត រដ្ឋធានី​ហុងគ្រី គឺ​ហាង​លក់ស្ករសូកូឡា ក្រោម​ម៉ាក​ថា Roshenជា​ពាក្យ ដក​ចេញ ពី​ត្រកូល​គាត់ Po Roshen Ko ។ គាត់​បន្ត​ស្វែង​រក​ទីផ្សារ​ថ្មីៗ នៅ តាម​ប្រទេស សហភាពអឺរ៉ុប។ ជា​ការ​កត់សម្គាល់ ក្នុងរយៈពេល​២ឆ្នាំ​ក្រោម​អំណាច​គាត់ រូបិយវត្ថុ​ជាតិអ៊ុយក្រែន ដែល​មាន ឈ្មោះ​ថា Hrivna បានស្រាល​ទម្ងន់ អស់​៣ដង បើ​ដូរ​ទល់​នឹង ដុល្លារស.រ.អា.។ យ៉ាង​ណា​មិញ បើ​ក្នុង​ខែ​មករា​ឆ្នាំ ២០១៤ មុន​មាន” បដិវត្តន៍ពណ៌ “ កើត​ឡើង​នៅ​ក្រុង​គៀវ ១ដុល្លារ ដូរ​បាន​តែ ៨,៣ Hrivna នោះ ឥឡូវ គឺ​ដូរ​បាន​ដល់​ទៅ ២៥ Hrivna។

ស្ថានភាព​ហិរញ្ញវត្ថុ​អ៊ុយក្រែន​បច្ចុប្បន្ន គឺ​យ៉ាប់យ៉ឺន ដោយ​អាស្រ័យ នឹង ឥណទាន​ផ្គត់ផ្គង់ ពីខាង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ដែល​ផ្តល់​ទៅ គឺ​ក្រោម​ល័ក្ខខ័ណ្ឌ តម្រូវ ឲ្យ​អ៊ុយក្រែន មួល​ខ្ចៅ​បន្តឹង ការ​ចំណាយ សម្រាប់​ផ្នែក​សង្គមកិច្ច ហើយ​ដំឡើង​ថ្លៃ​ថាមពល អគ្គិសនី ឧស្ម័ន សម្រាប់​ការ​ប្រើប្រាស់​របស់​អ្នកស្រុក ដូច​ថ្លៃ​ដែល​អនុវត្ត​នៅ​តាម​ប្រទេស​បស្ចិមលោក ម៉្លោះ​ហើយ បាន​ជា​គេ​នាំ​គ្នា​ថ្ងូរ​ទៅ​ហើយ។ ខាង ស្តុក​រូបិយវត្ថុ និង​មាស ហៅ​ថា ទុនបម្រុង អន្តរជាតិ អ៊ុយក្រែន តាម​តួលេខ​ខែ​ឧសភា​នេះ គឺ មាន​ទឹកប្រាក់​តែ ១៣.២៤០លានដុល្លារ ឬ ៣០ដង តិច​ជាង​រុស្ស៊ី ដែល​ក្នុង​ខែ​ឧសភា​នេះ មាន​ទំហំ ដល់​ជាង ៣៩០.០០០លានដុល្លារ។ ប៉ុន្តែ ក្នុង” ទិវាអឺរ៉ុប “ នាថ្ងៃ ២១​ឧសភា​កន្លង​ទៅ លោក​ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ហៅ អ៊ុយក្រែន​របស់​គាត់​ថា ជា “ រដ្ឋ​ស្ថិត​នៅ​ជួរ​មុខ ខាង​ការពារ​អឺរ៉ុប ពី ប្រទេស​រុស្ស៊ីព្រៃផ្សៃ” ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ