អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​កសាង​ដំរី​ពី​រណារ​យន្ត​ដើម្បី​បង្ហាញ​ពី​ការ​បង្ក្រាប​បទ​ល្មើសព្រៃឈើ

រណារ​យន្ត​ជាង​៣០០​គ្រឿង ដែល​រឹប​អូស​បាន​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ត្រូវ​បាន​ក្រសួង​បរិស្ថាន​យក​ទៅ​កែ​ច្នៃ​ដំឡើង​ជា​រូប​សំណាក​សត្វ​ដំរី​មួយ​ក្បាល។ លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បានថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១៣​តុលា​នេះ​ថា ​ការ​កសាង​រូប​ដំរី​​ពី​រណារ​យន្ត​នេះ មាន​ន័យ​សំខាន់​ពីរ​។ ទី​១៖ គឺ​បង្ហាញ​ពី​រណារយន្ត​ដែល​ជន​ទុច្ចរិត​ប្រើ​ប្រាស់​ដើម្បី​បំផ្លាញ​ធនធាន​ធម្មជាតិ​។ និង​ទី​២៖ គឺចង់​ពញ្ញាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ការពារ​និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​។

រូប​សំណាក​សត្វ​ដំរី​យន្ត​ដែល​សាងសង់​ពី​រណារយន្ត
រូប​សំណាក​សត្វ​ដំរី​យន្ត​ដែល​សាងសង់​ពី​រណារយន្ត ក្រសួង​បរិស្ថាន
ផ្សាយពាណិជ្ជកម្ម

មាន​កម្ពស់​២​ម៉ែត្រ​៨​តឹក និង​ប្រវែង​រហូត​ដល់​ទៅ​ជាង​៣​ម៉ែត្រ! រូប​សំណាកសត្វ​ដំរីដែល​ធ្វើ​ពី​វត្ថុតាង​រណារ​យន្ត​នេះ ត្រូវ​បាន​សាងសង់​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​​ហើយ​។ លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ប្រាប់​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ក្រសួង​នឹង​យក​រូប​សំណាក​ដំរី​នេះ ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សួន​ឧទ្យាន​សែន​មនោរម្យ ក្នុង​ខេត្ត​មណ្ឌល​គិរី​។

បើ​តាម​លោក នេត្រ ភក្ត្រា ទម្រាំ​តែ​រូប​សំណាក​ដំរី​នេះ​សម្រេច​រូប​រាង គេ​ត្រូវ​ប្រើ​ពេល​សាងសង់​រហូត​ដល់​ទៅ​៧​ខែ ដោយ​ប្រើ​ប្រាស់​វត្ថុតាង​រណារ​យន្ត​ ផ្លែ​រណារ​យន្ត ព្រម​ទាំង​គ្រឿង​ម៉ូតូ​ប្រព្រឹត្ត​បទ​ល្មើស សរុបចំនួន​​៣០០​គ្រឿង​។ វត្ថុតាង​ទាំង​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប រឹប​អូស និង​ប្រមូល​រក្សា​ទុក​នៅ​តាម​បណ្ដា​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​៥​តំបន់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី​។ ចំពោះ​ការ​​សាងសង់​រូប​សំណាក​សត្វ​ដំរី​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា ធ្វើ​ឡើង​ដោយ​ជាង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ តាម​រយៈ​​ការ​ចូល​រួម​គាំទ្រ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍ​នានា​។

គួរ​ជម្រាប​ថា តាម​រយៈ​រូប​សំណាក​ដំរី​ធ្វើ​ពី​រណារ​យន្ត​នេះ ក្រសួង​បរិស្ថាន​មាន​បំណង​បង្ហាញ​ដល់​ពលរដ្ឋ អំពី​វត្ថុតាង​រណារយន្ត​។ រណារ​យន្ត​ដែល​ជា​មធ្យោបាយ​សំខាន់​របស់​ជន​ទុច្ចរិត​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​​។ ក្រៅ​ពី​នេះ ក្រសួង​ក៏​ចង់​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​សកម្មភាព​ការពារ​និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់​ផង​ដែរ ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។

ជា​ការ​កត់​សម្គាល់ សព្វ​ថ្ងៃ​នេះ មាន​សត្វ​ដំរី​ព្រៃ​ចំនួន​ជាង​៥០០​ក្បាល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ សត្វ​ដំរី​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ខេត្តមណ្ឌល​គិរី​មាន​ចំនួន​៣៧៥​ក្បាល និង​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​មាន​ចំនួន​ជិត​២០០​ក្បាល​។ យ៉ាង​ណា​ក៏​ដោយ ចំនួន​សត្វ​ដំរី​ព្រៃ​នៅ​ក្នុង​ធម្មជាតិ ទាំង​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់ មាន​ការ​ធ្លាក់​ចុះ​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​ការ​បរបាញ់​ខុស​ច្បាប់ ការ​បំផ្លាញ​ជម្រក​សត្វ​ដំរី ក៏​ដូច​ជា​ជម្លោះ​ជាមួយ​​មនុស្សនៅ​ពេលដំរី​ចូល​មក​ស៊ី​ដំណាំ​ក្នុង​ចម្ការ​​​ជា​ដើម​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ