អានតួអត្ថបទ
កោះម៉ាស្ហាល-នុយក្លេអ៊ែរ

កោះម៉ាស្ហាល​ប្តឹងទៅ​តុលាការ​ក្រុង​ឡាអេ​ប្រឆាំងនឹង​មហាអំណាច​នុយក្លេអ៊ែរ

ចាប់ពីថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​ចាប់ផ្តើម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​​អាជ្ញាធរ​នៃ​កោះម៉ាស្ហាល​ ប្រឆាំង​នឹង​ប្រទេស​មហាអំណាច​​នុយក្លេអ៊ែរ។ កោះម៉ាស្ហាល​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ទាមទារ​ឲ្យ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​​អស់ទាំងនេះ​​​បញ្ឈប់​ការ​ប្រណាំងប្រជែង​សព្វាវុធ​​នុយក្លេអ៊ែរ។

ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ (រូបថតឯកសារ)
ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ (រូបថតឯកសារ) RFI/Dyna Seng
ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹង​ដែល​កោះម៉ាស្ហាល​បាន​ដាក់​ទៅ​តុលាការ​ក្រុងឡាអេ កាល​ពី​ឆ្នាំ​២០១៤ គឺ​ប្រឆាំង​ទៅនឹង​ប្រទេស​​ចំនួន ៩ រួមមាន សហរដ្ឋ​អាមេរិក រុស្ស៊ី បារាំង អង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល​ និង​កូរ៉េ​ខាងជើង ពោលគឺ គ្រប់​បណ្តា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កោះម៉ាស្ហាល​​​មាន​ប្រជាជន​សរុប​តែ​ប្រមាណ​ជាង ៧ម៉ឺននាក់​ប៉ុណ្ណោះ ហើយ​មាន​ទីតាំង​​ស្ថិត​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ធ្លាប់​ត្រូវ​បាន​ប្រទេស​មហាអំណាច​យក​មក​ធ្វើ​ជា​ទីលាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​រាប់​មិន​អស់ នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។ យោងតាម​ពាក្យបណ្តឹង​របស់​កោះម៉ាស្ហាល នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៥៨ អាវុធ​នុយក្លេអ៊ែរ​រហូតដល់​ទៅ ៦៧​គ្រាប់​ ត្រូវ​បាន​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធ្វើការ​បំផ្ទុះ​សាកល្បង នៅ​ក្នុង​រង្វង់​ដែន​សមុទ្រ​របស់​កោះម៉ាស្ហាល​ ដែល​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ក្នុងនាម​ជា​ប្រទេស​រងគ្រោះ​នេះ​ហើយ ដែល​រដ្ឋាភិបាល​កោះម៉ាស្ហាល​ទាមទារ​ឲ្យ​តុលាការ​ក្រុងឡាអេ​ចេញ​សេចក្តីសម្រេច​បង្គាប់​បញ្ជា​ឲ្យ​បណ្តា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​អស់ទាំងនេះ​បញ្ឈប់​​ការ​ប្រណាំងប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ ​ផ្ទុយ​ទៅវិញ​ត្រូវ​​ងាក​មក​​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ស្រប​ទៅតាម​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ចុះហត្ថលេខា​ កាល​ពីឆ្នាំ១៩៦៨។ សន្ធិសញ្ញា ដែល​មិនត្រូវ​បាន​ប៉ាគីស្ថាន និង​ឥណ្ឌា​ចុះហត្ថលេខា​ទទួល​យក។

ក៏ប៉ុន្តែ សម្រាប់​រដ្ឋាភិបាល​កោះម៉ាស្ហាល គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​បាន​ក្លាយ​ទៅជា​ទំនៀមទម្លាប់​​នៃ​ច្បាប់​អន្តរជាតិ​ទៅហើយ ដូច្នេះ ប៉ាគីស្ថាន និង​ឥណ្ឌា បើទោះបីជា​មិន​បាន​ចុះហត្ថលេខា​លើ​​​សន្ធិសញ្ញា​នេះ​ក៏ដោយ ក៏ប៉ុន្តែ នៅតែ​ត្រូវ​ជាប់កាតព្វកិច្ច​ដូចជា​ប្រទេស​ហត្ថលេខី​ផ្សេងទៀតដែរ។

នេះ​ហើយ​ជា​ទឡ្ហីករណ៍​ដែល​ក្រុមមេធាវី​តំណាង​រដ្ឋាភិបាល​កោះម៉ាស្ហាល​គ្រោងលើកឡើង នៅ​ក្នុង​សវនាការ ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ចន្ទ ដើម្បី​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ពិតជា​មាន​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​លើ​បណ្តឹងរបស់​ខ្លួន។ សវនាការ​នៅ​ថ្ងៃ​ចន្ទ​នឹង​ផ្តោត​ទៅលើ​ឥណ្ឌា និង​ប៉ាគីស្ថាន មុននឹង​និយាយ​ទៅដល់​សំណុំរឿង​ប្រឆាំង​នឹង​អង់គ្លេស​​នៅថ្ងៃ​ពុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ