អានតួអត្ថបទ

លោក​មូន ចៃអ៊ីន​ ថា​មេដឹកនាំ​កូរ៉េខាងជើង​ នឹង​ធ្វើ​ទស្សនកិច្ចទៅទី​ក្រុងសេអ៊ូល​ឆាប់ៗ

ប្រមុខដឹកនាំ​កូរ៉េខាងជើង​លោកគីម​ ជុងអ៊ុន​ គ្រោងនឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុងសេអ៊ូល​ ក្នុងពេលឆាប់ៗ​ខាងមុខ​ ទោះបីជា​មានការពន្យា​ពេលនៃកិច្ចចរចា​នុយក្លេអ៊ែរ​ រវាង​ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន​ យ៉ាណាក្តី​។ នេះ ​បើតាម​ប្រធានាធិបតីកូរ៉េខាងត្បូង​លោក​ មូន​ ចៃអ៊ីន​ ប្រាប់ឲ្យដឹង​នា​ថ្ងៃព្រហស្បតិ៍​ ទី០១​ វិច្ឆិកា​ នេះ​។

លោកគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង
លោកគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​ របស់​លោក​គីម​ ជុងអ៊ុន​ ទៅកាន់​ទីក្រុង​សេអ៊ូល​នឹងធ្វើឡើង​នាពេលឆាប់ៗ​ខាងមុខនេះ​ ក៏ប៉ុន្តែ​កាលកំណត់​ និង​គោលបំណង​នៃ​ទស្សនកិច្ចនេះ​ មិនត្រូវបាន​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​ គឺ​លោកមូន ចៃអ៊ីន​ បញ្ជាក់ប្រាប់​នៅឡើយទេ​។

ក្រៅតែពី​លើកឡើងថា​ ការមកដល់​របស់​លោក​គីម​ ជុងអ៊ុន​ ទំនងជា​នឹងកើតឡើង​នៅឆ្នាំនេះ​ លោកមូន​ ក៏បានប្រាប់​ទៅកាន់​សមាជិកសភា​កូរ៉េខាងត្បូង​ នាថ្ងៃ​ព្រហស្បតិ៍នេះ​ផងដែរថា​ ប្រទេស​បងប្អូនកូរ៉េ​ទាំងពី​រ កំពុង​ធ្វើដំណើរ​ខិតជិតចូលដល់​ ការ​ផ្តើមទំព័រ​ប្រវត្តិសាស្ត្រ​សន្តិភាពថ្មីមួយ​ជាមួយគ្នាហើយ​។

គួរកត់សម្គាល់ថា​ ដំណឹង​នៃដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​ បាន​កើតឡើង​ គឺ​ក្រោយពី​រដ្ឋាភិបាលអាមេរិក​ និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ បានសម្រេច​លុបចោល​ការធ្វើសមយុទ្ធយោធា​រួមគ្នា​ ប្រចាំឆ្នាំ​ ដែល​គ្រោងប្រារព្ឋ​ធ្វើឡើង​នៅខែធ្នូ​ខាងមុខ​។

ដោយឡែក​ ក្រៅតែ​ជួបចរចាជាមួយ​ទីក្រុងសេអ៊ូល​ លោក​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​មូន ចៃអ៊ីន​ ក៏បាន​បង្ហើបប្រាប់​ផងដែរថា​ មេដឹកនាំកូរ៉េខាងជើង​លោកគីម​ ជុងអ៊ុន​ ទំនងជា​មានជំនួប​ពិភាក្សាផ្សេងទៀត​ផងដែរ​ជាមួយ​ប្រទេសរុស្ស៊ី​ ចិន​ និង​ប្រទេសជប៉ុន​។

តែទោះយ៉ាងណាក្តី​ គម្រោង​ជំនួបពិភាក្សា​រវាង​ប្រទេសពាក់ព័ន្ធ​ទាំងអស់នេះ​ មិនទាន់ត្រូវបាន​គេ​កំណត់កាលបរិច្ឆេទ​ច្បាស់លាស់នោះទេ​។ នាពេលនេះ​ គេ​គ្រាន់តែដឹងថា​ កិច្ចប្រជុំមួយទៀត​គឺ​ជំនួប​រវាងលោកត្រាំ​ និង​លោកគីម ជុនអ៊ុន​ អាចនឹងត្រូវ​ប្រព្រឹត្តឡើង​នៅដើម​ឆ្នាំ២០១៩​ ក្រោយ​។

សូមរំឭកជូនថា​ សង្រ្គាមកូរ៉េ​រយៈពេលបីឆ្នាំ​ ត្រូវបានបញ្ចប់​នៅឆ្នាំ១៩៥៣​ ជាមួយនឹង​បទឈប់បាញ់គ្នា​ ក៏ប៉ុន្តែ​មិនបាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញាសន្តិភា​ពរួមគ្នាមួយឡើយ​។ ហើយនេះ​គឺជា​មូលហេតុមួយ​ ដែលធ្វើឲ្យ​ប្រទេសបងប្អូនកូរ៉េទាំងពីរ​ដែលក្រោយមក​ នៅតែ​មើលមុខគ្នាមិនចំ​ និងបាន​ចាត់ទុកគ្នា​ជាសត្រូវ​ថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ