អានតួអត្ថបទ

កូដកម្មអត់អាហារ​កើត​មាន​ឡើង បន្ទាប់ពី​បុរស​ជនជាតិ​ឥណ្ឌាធ្វើអត្តឃាត នៅ​ជប៉ុន

ជនអន្តោប្រវេសន៍​នៅមជ្ឈមណ្ឌលឃុំឃាំង​មួយក្នុងប្រទេសជប៉ុន បានធ្វើកូដកម្ម​អត់អាហារ បន្ទាប់ពីអ្នកជាប់ឃុំ​ជនជាតិឥណ្ឌា​ម្នាក់បានធ្វើអត្តឃាត​ដោយសារ​តែមិនបានទទួល​សិទ្ធិជ្រកកោន​នៅប្រទេសជប៉ុន។

ការិយាល័យអន្តោប្រវេសន៍ក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍ជប៉ុនខាងកើត
ការិយាល័យអន្តោប្រវេសន៍ក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍ជប៉ុនខាងកើត REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

បុរសជនជាតិឥណ្ឌាដែលបានធ្វើអត្តឃាតនោះមានឈ្មោះថា Deepak Kumar។ លោកបានទៅប្រទេសជប៉ុនក្នុងនាមជាជនភៀសខ្លួននយោបាយ តែលោកត្រូវបានជាប់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍មួយកន្លែង ដែលស្ថិតនៅភាគឥសាននៃទីក្រុងតូក្យូ បន្ទាប់ពីលោកបានទៅដល់ជប៉ុនក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។

យោងតាមសាក្សីដែលស្គាល់លោក Kumar នៅក្នុងមជ្ឈមណ្ឌលខាងលើ លោក Kumarបានធ្វើអត្តឃាតកាលពីថ្ងៃទី១៣ខែមេសា បន្ទាប់ពីរូបលោកបានដឹងថា រដ្ឋាភិបាលជប៉ុនបានបដិសេធចោលនូវពាក្យសុំសិទ្ធិជ្រកកោននិងពាក្យសុំចេញនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក។

បន្ទាប់ពីអ្នកជាប់ឃុំជាតិឥណ្ឌារូបនេះបានធ្វើអត្តឃាត អ្នកជាប់ឃុំប្រមាណ៧០នាក់នៅក្នុងមណ្ឌលនោះ រួមទាំងអ្នកជាប់ឃុំក្នុងមណ្ឌលផ្សេងទៀតក្នុងប្រទេសជប៉ុន បានធ្វើកូដកម្មអត់អាហារ ក្នុងគោលបំណងទាមទាររកដំណោះស្រាយនិងសិទ្ធិជ្រកកោន។

ក្នុងចំនោមអ្នកជាប់ឃុំដែលបានដាក់ស្នើសុំចំនួនជិត២ម៉ឺនកាលពីឆ្នាំមុន មានមនុស្សចំនួនតែ២០នាក់ប៉ុណ្ណោះដែលទទួលបានសិទ្ធិជ្រកកោន។

កន្លងមក ក្រុមសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ក៏បានរិះគន់ផងដែរចំពោះវិធានការដ៏តឹងរ៉ឺងរបស់រដ្ឋាភិបាលជប៉ុនក្នុងសំណុំរឿងសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួន។ ពួកគេបានទាមទារអោយមានការកែប្រែប្រព័ន្ធឃុំឃាំងអន្តោប្រវេសន៍ ដែលរួមមានការបញ្ចប់ការឃុំឃាំងរយៈពេលវែង និងកែលម្អសេវាកម្មព្យាបាលសុខភាពនៅក្នុងមណ្ឌលជាដើម។

រដ្ឋាភិបាលជប៉ុនបានអោយដឹងថា អ្នកដែលជាប់នៅក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ភាគច្រើនជាជនអន្តោរប្រវេសន៍សេដ្ឋកិច្ច និងមានមួយចំនួនជាជនភៀសខ្លួននយោបាយ។ ជាទូទៅ អ្នកជាប់ឃុំទាំងនេះអាចនឹងត្រូវនិរទេសចេញ ប៉ុន្តែពួកគេភាគច្រើនកំពុងព្យាយាមសុំសិទ្ធជ្រកកោនហើយមួយចំនួនដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈពេលដែលពាក្យសុំសិទ្ធជ្រកកោនរបស់ពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

សមាគមជនភៀសខ្លួនជប៉ុន ហៅកាត់ថា​ JAR បានអោយដឹងថា បច្ចុប្បន្នអ្នកជាប់ឃុំទាំងអស់មានប្រមាណ១ពាន់នាក់ ហើយករណីឃាតកម្មរបស់អ្នកជាប់ឃុំនេះមិនមែនជាករណីទី១នោះទេ។ ករណីស្រដៀងគ្នា បានកើតឡើង៧ដងរួចមកហើយក្នុងចំណោមអ្នកជាប់ឃុំក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១០មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ