អានតួអត្ថបទ

ប៉ូលិស​និង​ជនស៊ីវិល​កុងហ្គោ​៤​នាក់ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​តវ៉ា​លទ្ធផល​នៃ​ការបោះឆ្នោត​

ប៉ូលិសពីរនាក់​ និងជនស៊ីវិលពីរនាក់​បានស្លាប់​ នៅឯ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ​នៅថ្ងៃ​ព្រហស្បតិ៍​ទី១០ មករា ឆ្នាំ២០១៩។ បើតាមអាជ្ញា​កុងហ្គោ​ ហេតុការណ៍​នេះ​ បានកើតឡើង​ នៅពេលដែល​ប៉ូលិស​ ចូលធ្វើ​អន្តរាគមន៍​ ដើម្បីបញ្ចប់​ការតវ៉ាប្រឆាំង​ទៅនឹង​លទ្ធផល​ នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់ប្រទេស​រួចមក​។

អ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំងកុងហ្គោម្នាក់ ឈរនៅចំពោះមុខមន្រ្តីប៉ូលិសនៅតាមដងផ្លូវមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃទី១០ មករា ឆ្នាំ២០១៩។
អ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំងកុងហ្គោម្នាក់ ឈរនៅចំពោះមុខមន្រ្តីប៉ូលិសនៅតាមដងផ្លូវមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃទី១០ មករា ឆ្នាំ២០១៩។ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីថ្មី​ របស់​ប្រទេសកុងហ្គោ​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី​៣០​ ធ្នូ​ឆ្នាំ២០១៨​កន្លងទៅថ្មីៗនេះ​។ គណៈកម្មការ​រៀបចំការបោះឆ្នោត​កុងហ្គោ​ បានប្រកាស​នៅថ្ងៃទី១០​ មករា​ ឆ្នាំ២០១៩​ ថា​ គណបក្សប្រឆាំងដ៏ធំ​របស់​ប្រទេស​ បានឈ្នះការបោះឆ្នោត​នាអាណត្តិនេះ​ យ៉ាងប្រផិតប្រផើយបំផុត​ជាមួយនឹង​គូប្រជែង​ដទៃទៀត​។

ជាក់ស្តែង​ គណបក្សប្រឆាំងធំជាងគេ​របស់កុងហ្គោ​ បានយកឈ្នះដោយសំឡេងឆ្នោត​ចំនួន​៣៨,៥៧​ភាគរយនៃសន្លឹកឆ្នោត​ តាមពីក្រោយ​ដោយ​គណបក្សប្រឆាំងមួយទៀត​ ដោយសំឡេង​ ៣៤,៨ ​ភាគរយ ហើយ​គណបក្សកាន់អំណាច​ឈរនៅ​លេខរៀងទី៣​ ដោយទទួល​បានសំឡេង​គាំទ្រចំនួន​ ២៣,៨ ភាគរយ​។

លទ្ធផល​នៃសម្លេងឆ្នោតនេះ​ បានបង្កជា​មន្ទិលសង្ស័យ​ជាច្រើន​ ក្នុងចំណោម​មតិជាតិ​និងអន្តរជាតិ​។ ក្នុងនោះផងដែរ​ រដ្ឋមន្ត្រី​ការបរទេសបារាំង​ បាននិយាយថា​ លទ្ធផល​ដែលបានប្រកាសដោយ​គណៈ​កម្មការរៀបចំការបោះឆ្នោត​កុងហ្គោ​ ហាក់​ "មិនស្រប​" ជាមួយនឹង​លទ្ធផលពិតប្រាកដ​ឡើយ​។ ស្រដៀង​គ្នានេះដែរ​ តំណាង​វិហារកាតូលិក​កុងហ្គោ​ ដែលបាន​បញ្ជូន​អ្នកសង្កេតការណ៍​របស់ខ្លួន​ចំនួនជាង​ ៤ ម៉ឺននាក់​ ក៏គិតថា​លទ្ធផលឆ្នោត​ហាក់មិនមែនជា​លទ្ធផលពិតប្រាកដនោះទេ​។

មួយវិញទៀត​ លទ្ធផលដែលថា​ ជ័យជម្នះ​បានធ្លាក់ទៅក្នុងដៃ​របស់គណបក្សប្រឆាំង​ ក៏បាន​បង្កជាការភ្ញាក់ផ្អើល​ និងមិនសុខចិត្ត​ក្នុងចំណោម​សាធារណជន​កុងហ្គោ​មួយចំនួនផងដែរ​។ មិនតែប៉ុណ្ណោះ​ ពួកគេ​ថែមទាំង​ចេញតវ៉ាប្រឆាំងទៅនឹង​លទ្ធផល​នៃការបោះឆ្នោត​ ដែល​ប្រកាសដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត​ទៀតផង​។

បន្ទាប់ពី​ការផ្ទុ​អំពើហិង្សា​នេះដែរ​ សហភាពអាហ្វ្រិក​បានអំពាវនាវភ្លាមៗ​ ដល់​ភាគីជម្លោះទាំងអស់​ ដែល​មិនពេញចិត្ត​នឹងលទ្ធផល​នៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មីកុងហ្គោ​ ឲ្យ​ដោះស្រាយ​ការខ្វែងគំនិតគ្នា​ដោយសន្តិវិធី​ និង​តាមការសន្ទនាគ្នា​។

គួររឮកជូនទៀតថា នៅគ្រាកន្លង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ មិនដែលមានប្រវត្តិផ្ទេរតំណែងប្រធានាធិបតី ដោយសន្តិវិធីឡើយ បើរាប់ចាប់តាំងពីប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ទទួលបានឯករាជ្យពីប្រទេសបែលហ្សិកនាឆ្នាំ១៩៦០ មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ