rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា រដ្ឋសភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កិច្ច​ព្រម​ព្រៀង ពាណិជ្ជកម្ម​សេវាកម្ម​ អាស៊ាន-ឥណ្ឌា ត្រូវ​បាន​រដ្ឋ​សភាអនុម័ត

media
កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាពរបស់​លោក ​ហេង សំរិន ​កាលពីថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @សហការី

រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា នេះ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ឥណ្ឌា​។​ ការ​សម្រេច​អនុម័ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ដោយ​មាន​គូរ៉ុម១១៣ សំឡេង​គាំទ្រ​។


រដ្ឋ​សភា​កម្ពុជា នៅ​ថ្ងៃ​ទី១៥ ខែ​មករា នេះ បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ដើម្បី​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេវាកម្ម​ ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ រវាងសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា ធ្លាប់​បាន​លើក​ឡើង​ថា ទោះ​ជា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា- ឥណ្ឌា មានការ​កើន​ឡើង​ក៏​ពិត​មែន ក៏​ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដូច្នេះ​ហើយ កម្ពុជា ត្រូវ​ពង្រីក​បន្ថែម​ទៀត​ជាមួយ ឥណ្ឌា​ទាំង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ឥណ្ឌា ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ឥណ្ឌា​។

យ៉ាង​ណាក៏ដោយ​ លោក ឈាង វុន កត់​សម្គាល់​ថា​ មិនមែន​តែ​កម្ពុជា​នោះទេ ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​នៅ​មានកំរិត ​សូម្បីតែ​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន​ក៏​នៅ​មានកម្រិត​ដែរ ដូច្នេះ ​បានជា​ប្រទេស​នីមួយៗ​ខិតខំ​ប្រឹង​ប្រែង​អនុម័ត​ច្បាប់​នេះ ​ឲ្យ​បាន​លឿន​ដើម្បី​បើក​ផ្លូវ​ឲ្យធ្វើ​ពាណិជ្ជកម្ម​។

សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ហៅ​កាត់​ថា (​អាស៊ាន​) ​ចំនួន​៩​ប្រទេស​រួច​មក​ហើយ ​ដែល​បានអនុម័ត​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​ប្រទេស​ឥណ្ឌា​នេះ។ ឥណ្ឌា ដែល​ត្រូវ​បាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​មួយ​នៅ​ចក្រភព​អង់​គ្លេស វាយ​តម្លៃ​ថា នឹង​ក្លាយ​ជា​មហា​អំណាច​​សេដ្ឋកិច្ច​ លំដាប់​ទី​៥ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០១៨​ខាង​មុខ វ៉ា​ឈ្នះបារាំង ​និង​អង់គ្លេស​ ទាំង​ពីរ​ប្រទេស​ក្នុង​ពេល​តែ​មួយ​តែ​ម្តង។

សូម​ជម្រាប​ជូន​ដែរ​ថា បើ​តាម​គម្រោង ​កម្ពុជា និង​ឥណ្ឌា នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដី​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ ដោយ​គណៈប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាង​មុខ ក្នុង​រដ្ឋ​អាសា​ន់ ប្រទេស​ឥណ្ឌា ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​៕