អានតួអត្ថបទ

ស្លាប់៤នាក់​ក្នុង​ការ​វាយប្រហារ​លើ​ស្ថានកុងស៊ុល​ចិន​នៅ​ប៉ាគីស្ថាន

មនុស្ស​យ៉ាងតិច ៤នាក់ បាន​បាត់បង់​ជីវិត នៅ​ក្នុងការ​វាយប្រហារ​ភេរវកម្ម​មួយ នៅថ្ងៃ​សុក្រ​នេះ ទៅលើ​ស្ថានកុងស៊ុល​ចិន ប្រចាំ​ទីក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្ថាន។ យោងតាម​មន្រ្តី​រដ្ឋាភិបាល​ប៉ាគីស្ថាន ក្រុម​ប្រដាប់អាវុធ​ដែល​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ គឺ​ជា​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី ដែល​ប្រឆាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​ចិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

កងកម្លាំង​ប្រដាប់​អាវុធ​ប៉ាគីស្ថាន ដែល​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​ទីក្រុង​ការ៉ាជី ក្រោយ​ការ​វាយប្រហារ​ថ្ងៃសុក្រ ទី២៣ វិច្ឆិកា ២០១៨
កងកម្លាំង​ប្រដាប់​អាវុធ​ប៉ាគីស្ថាន ដែល​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​ទីក្រុង​ការ៉ាជី ក្រោយ​ការ​វាយប្រហារ​ថ្ងៃសុក្រ ទី២៣ វិច្ឆិកា ២០១៨ REUTERS/Akhtar Soomro
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​អះអាង​របស់មេប៉ូលិស​ក្រុង​ការ៉ាជី ជនប្រដាប់​អាវុធ​មាន​គ្នា ៣នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា គ្រាប់បែក និង​គ្រាប់បែក​អត្តឃាត បាន​ព្យាយាម​​សម្រុក​​ចូល​ទៅ​ក្នុង​ស្ថានកុងស៊ុល​ចិន ក៏ប៉ុន្តែ ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​ប៉ាគីស្ថាន ដែល​យាម​នៅ​ខាងក្រៅ​ស្ថានកុងស៊ុល។ នៅ​ពេលនោះហើយ ដែល​ពួកគេ​ចាប់ផ្តើម​​បើក​ការ​វាយប្រហារ ដោយ​ ចោល​គ្រាប់បែក និង​បាញ់​រះ បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ប៉ាគីស្ថាន​ ២នាក់ ព្រមទាំង​ជនស៊ីវិល ២នាក់​ផ្សេងទៀត ដែល​ធ្វើ​ដំណើរ​មក​សុំ​វីសា​នៅ​ស្ថាន​កុងស៊ុល​ចិននេះ។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ស្ថានការណ៍​សន្តិសុខ​នៅ​ជុំវិញ​ស្ថានកុងស៊ុល​ចិន​នេះ​បាន​វិលត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​ហើយ ដោយ​ខ្មាន់កាំភ្លើង​ទាំង ៣នាក់ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ ចំណែក​ឯ​មន្រ្តី ព្រមទាំង​បុគ្គលិក​ស្ថានកុងស៊ុល​ទាំង​អស់​ ដែល​មាន ២១រូប កំពុង​ស្ថិត​នៅ​ក្នុង​ទីកន្លែង​មាន​សុវត្ថិភាព។

ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​មួយ​នៅខេត្ត​បាលូឈីស្ថាន (Baloutchistan) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ឆៀងខាងលិច​ប្រទេស​​ប៉ាគីស្ថាន​បាន​ចេញមុខ​ភ្លាមៗ​ប្រកាស​ថា ក្រុម​របស់​ពួកគេ​គឺ​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​ចិន​នៅ​ការ៉ាជី​នេះ ហើយ​គោលដៅ​របស់​ពួកគេ គឺ​ចង់​ព្រមាន​ចិន​កុំ​ឲ្យ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ចូល​ទៅ​ក្នុង​តំបន់​របស់​ពួកគេ។

គួរបញ្ជាក់ថា ប៉ាគីស្ថាន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​ចិន ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែរ នៃ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​ចិន។ នៅ​ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​នេះ ចិន​បាន​បោះទុន​វិនិយោគ​រហូតដល់​រាប់ពាន់​លាន​ដុល្លារ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ហើយ​ខេត្ត​បាលូឈីស្ថាន គឺ​ជា​ទីតាំង​​នៃ​គម្រោង​ដ៏​ធំ​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា ​ច្រក​សេដ្ឋកិច្ច​​ចិន-ប៉ាគីស្ថាន (China-Pakistan Economic Corridor)។

ក្រៅពី​ការ​វាយប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​ចិន​នៅ​ការ៉ាជី ក្រុមឧទ្ទាម​ផ្តាច់ទឹកដី​បាលូឈីស្ថាន​ក៏​បាន​ព្រមានផងដែរ​​ឲ្យ​ចិន​ដក​ខ្លួនថយ​ចេញ​ពី​ខេត្ត​បាលូឈីស្ថាន បើ​ពុំនោះទេ ចិន​ត្រូវតែ​ត្រៀម​ខ្លួន​ប្រឈម​នឹង​ការ​វាយប្រហារ​ជាច្រើន​ផ្សេងទៀត។

ចិនវិញ​ ក្រៅពី​បាន​ថ្កោលទោស​ការ​វាយប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​នេះ ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​អាជ្ញាធរ​ប៉ាគីស្ថាន​ឲ្យ​ចាត់វិធានការ​ចាំបាច់ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​​ពលរដ្ឋ​ និង​ស្ថាប័ន​របស់​ចិន​ក្នុង​ប្រទេស​ប៉ាគីស្ថាន ក៏​ដូចជា​ធានា​នូវ​សុវត្ថិភាព​និង​ដំណើរការ​នៃ​គម្រោង​ច្រក​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន​នៅ​ខេត្ត​បាលូឈីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ