អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ​ ចេញ​បញ្ជាឲ្យ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​ តែ​ក្រោយមក​ក៏​ដក​បទបញ្ជា​នេះ​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២០ មិថុនា កាសែតអាមេរិកបានចុះផ្សាយថា លោកដូណាល់ត្រាំ បានចេញបទបញ្ជាឲ្យបើកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដើម្បីជាការសងសឹករឿងបាញ់ទម្លាក់ដ្រូន។ ក៏ប៉ុន្តែក្រោយមក លោកដូណាល់ ត្រាំ បានប្រកាសដកបទបញ្ជានេះវិញ។ គេនៅមិនទាន់ដឹងថា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេល ឬក៏លុបចោលនូវគម្រោងធ្វើការវាយប្រហារនេះ។ ក៏ប៉ុន្តែនិន្នាការថ្មីនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអស្ថិរភាពនៅក្នុងតំបន់ដើមបូព៌ា។ 

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោកត្រាំ បញ្ជាឲ្យវាយប្រហារលើអ៊ីរ៉ង់ តែក្រោយមកលោកបានដកបទបញ្ជានេះចេញវិញ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនកម្តៅខ្លាំងទ្វេឡើង ក្រោយពីអ៊ីរ៉ង់ប្រកាសថាកងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនសម្រាប់ឈ្លបយកការណ៍របស់អាមេរិក។

នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ស្រាប់តែកាសែតអាមេរិក The New York Timesបានចុះផ្សាយ​មុនគេថា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចេញបញ្ជាឲ្យកងទ័ពអាមេរិក បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីជាការសងសឹករឿងបាញ់ដ្រូន គ្មានមនុស្សបើករបស់អាមេរិក។ ជាដូ្រនឈ្លបយកការណ៍ មានតម្លៃប្រមាណជា ១៣០ លានដុល្លារ និងត្រូវបានបាញ់ទម្លាក់ដោយកងទ័ពអ៊ីរ៉ង់នៅព្រឹកម្សិលមិញនេះ។

នៅយប់ថ្ងៃព្រហស្បតិ៍ វេលាប្រមាណជា ៧ យប់ ម៉ោងនៅអាមេរិក កាសែត The New York Timesបានផ្សាយថា ទាហានអាមេរិកបានប្រុងជើងព្រួលរួចរាល់អស់ហើយ ដើម្បីវាយប្រហារទៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួនរបស់អ៊ីរ៉ង់ ដូចជាទីតាំងមីស៊ីល និងរ៉ាដា ជាដើម។ ប៉ុន្តែ អាមេរិក នឹងមិនបើកប្រតិបត្តិការវាយប្រហារលើទីប្រជុំជន ឬកន្លែងទីសាធារណៈឡើយ។

ជាមួយគ្នានេះ បើយោងតាម មន្រ្តីរដ្ឋាភិបាលអាមេរិកមួយរូបប្រាប់ កាសែត The New York Times តាមពិតទៅ ប្រតិបត្តិការវាយប្រហារ កំពុងដំណើរការដល់ដំណាក់ចុងក្រោយក្រោយទៅហើយ ពោលគឺទាំងយន្តហោះ និងនាវាចំបាំង ព្រមទាំងកងទ័ព បានប្រុងជើងព្រួលរួចជាស្រេច ដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ក៏ប៉ុន្តែនៅវិនាទីចុងក្រោយ ក៏ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសមិនឲ្យមានការវាយប្រហារទៅវិញ។

ហេតុអ្វីលោកត្រាំ ប្រកាសដកបទបញ្ជាវាយប្រហារលើអ៊ីរ៉ង់វិញ

គេមិនដឹងនោះទេពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់លោកត្រាំ នៅវិនាទីចុងក្រោយ ក្នុងការដកចេញបទបញ្ជា កុំឲ្យវាយប្រហារលើអ៊ីរ៉ង់វិញ។

តែទោះជាយ៉ាងណាក្តី និន្នាការថ្មីចុងក្រោយរបស់អាមេរិកបែបនេះ អាចជាសារព្រមានក្តៅមួយ របស់លោកដូណាល់ ត្រាំ ទៅកាន់ប្រទេសអ៊ីរ៉ង់ កុំឲ្យចេះតែហ៊ានធ្វើអ្វី លើសលស់ មកលើអាមេរិក ដូចជាបាញ់ទម្លាក់ដ្រូនដែលអ៊ីរ៉ង់បានធ្វើកាលពីព្រឹកម្សិលមិញទៀត។

ក៏ប៉ុន្តែ រឿងដែលសំខាន់នោះ ថាតើអ៊ីរ៉ង់ នឹងតបតវិញយ៉ាងណាដែរ ទៅកាន់អាមេរិករបស់លោកត្រាំ។ យើងមិនអាចស្មានទុកមុនទេ ថាអ៊ីរ៉ងនឹងមានសកម្មភាពអ្វីបន្តទៅមុខទៀត ក្នុងពេលប្រឈមមុខគ្នាជាមួយអាមេរិក ក្នុងករណីផ្សេងទៀតនាពេលអនាគត។

ដោយឡែក ប្រសិនបើការប្រឈមមុខគ្នា នៅតែបន្តកើនឡើង ហើយគ្មានដំណោះស្រាយទេនោះ ហើយអាមេរិកនៅតែបន្តដាក់គំនាបសង្កត់លើប្រទេសអ៊ីរ៉ង់ នោះអ៊ីរ៉ង់អាចងើបប្រឆាំងតបត នឹងអាមេរិកខ្លាំងទ្វេឡើង។ ដែលនេះ មានន័យថា គ្រោះអាសន្ន នៅក្នុងតំបន់ដើមបូព៌ា អាចនឹងផ្ទុះឡើង ហើយនេះជាអ្វីដែលសហគមន៍អន្តរជាតិកំពុងព្រួយបារម្ភជាខ្លាំង។

គួររំឭកជូនដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិក បានប្រកាស ថាខ្លួនហ្នឹងកំពុងដាក់ពង្រាយកងទ័ពចំនួនប្រមាណជា ១ ០០០ នាក់បន្ថែមទៀត ទៅកាន់តំបន់ដើមបូព៌ា ដើម្បីទុកឆ្លើយតបទៅនឹង ឥរិយាបថមិនគួរគប្បីណាមួយរបស់កងកម្លាំងអ៊ីរ៉ង់។

ប្រតិកម្មរបស់អ៊ីរ៉ង់ ក្រោយអាមេរិកប្រកាសចង់វាយប្រហារអ៊ីរ៉ង់

ប្រតិបត្តិការវាយប្រហារទៅអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក នាពេលនេះ កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ហើយគេក៏ពិបាកស្មានដឹងណាស់ ពីចិត្តរបស់លោកត្រាំ ដែលជាទូទៅត្រូវគេស្គាល់ថា ពូកែខាងផ្លាស់ប្តូរចិត្ត និងជួនកាលនិយាយផ្សេង តែធ្វើផ្សិង។

ដោយឡែក បើនិយាយពីអ៊ីរ៉ង់វិញ តាំងពីដើមរៀងមក អ៊ីរ៉ង់ ថាមិនដែលចង់ធ្វើសង្គ្រាមជាមួយនឹងអាមេរិកឡើយ។ ជាក់ស្តែង ក្រោយបានឮ អំពីបទបញ្ជារបស់លោកត្រាំភ្លាម អនុរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់លោក Abbas Araghchi បានបញ្ជាក់សាជាថ្មីថា ប្រទេសអ៊ីរ៉ង់មិនចង់ឲ្យសង្រ្គាម និងជម្លោះណាមួយ ផ្ទុះឡើងនៅតំបន់ឈូងសមុទ្រពែក្សនោះឡើយ។

ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ លោកបានព្រមានដែរថា អ៊ីរ៉ង់ នឹងមិនខ្លាច រុញរាបន្តិចឡើយ ក្នុងការការពារទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានណាមួយ។

សម្តីនេះ​ លោកចង់សំដៅលើយន្តហោះដ្រូនឈ្លបយកការណ៍របស់អាមេរិក ដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ ក្រោមហេតុផលថា បានហោះ ចូល ដោយ​ខុសច្បាប់ ក្នុង​ដែនអាកាស​របស់​អ៊ីរ៉ង់។ តែអាមេរិក ថាមិនពិត និងថាយន្តដ្រូនរបស់ខ្លួន ត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសអន្តរជាតិ។

ក្រោយឈ្លោះប្រកែកគ្នា រឿងនេះ ភាគីទាំងពីរបានចេញអះអាង និង បង្ហាញភស្តុតាងរៀងៗខ្លួន។ ដោយឡែក នៅថ្ងៃសុក្រនេះ អ៊ីរ៉ង់​និយាយថា ខ្លួនមានភស្តុតាង "មិនអាចប្រកែកបាន" ថាយន្តហោះដ្រូនរបស់អាមេរិក បានហោះរំលោភលើដែនអាកាសរបស់ខ្លួន។

ជាក់ស្តែង នៅថ្ងៃសុក្រនេះដែរ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានផ្សាយឲ្យឃើញពីបំណែកដ្រូនរបស់អាមេរិក ដែលបានធ្លាក់នៅក្នុងដែនទឹករបស់ខ្លួន។

ប្រតិកម្មរបស់អន្តរជាតិ ជុំវិញវិបត្តិចុងក្រោយដែលកំពុងកើតមានរវាងអាមេរិកនិងអ៊ីរ៉ង់

រហូតមកដល់ពេលនេះ​ គេនៅមិនទាន់ឃើញមានប្រទេសច្រើនឡើយ បញ្ចេញប្រតិកម្ម ជុំវិញវិបត្តិចុងក្រោយដែលកំពុងកើតមានរវាងអាមេរិកនិងអ៊ីរ៉ង់ គឺមានតែប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

ជាក់ស្តែង ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានព្រមានថា បើសង្គ្រាមផ្ទុះឡើង រវាងអាមេរិកនិងអ៊ីរ៉ង់ នោះវានឹងក្លាយទៅជាមហន្តរាយមួយ ដែលហុចនូវផលវិបាកក្នុងទំហំមួយដ៏ធំ និងមិនអាចទស្សន៍ទាយទុកជាមុនបាន។

ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូទែរស៍ ចេញមុខសាជាថ្មី ជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ ដោះស្រាយទំនាស់រវាងគ្នា ដោយការចរចា និងជៀសវាងការធ្វើសង្គ្រាមជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ